ប្រាជ្ញាញាណ (១៧)

គ្រោះកាចនៃសេចត្តីងងឹត
១ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ ទូលំ​ទូលាយ​ណាស់ ហើយ​ពិបាក​យល់​ផង។ ហេតុ​នេះ អ្នក​ដែល​មិន​ព្រម​ទទួល​ការ​អប់រំ​ពី​ព្រះ​អង្គ​ពិត​ជា​វង្វេង។ ២ជន​ទុច្ចរិត​ទាំង​នោះ​មាន​បំណង​បង្រ្កាប​ប្រជា​ជន​ដ៏វិសុទ្ធ​របស់​ព្រះ​អង្គ​ តែ​ភាព​ងងឹត​ហ៊ុម​ព័ទ្ធ​ពួកគេ ពួកគេ​ជាប់​ឃុំ​ឃាំង​ក្នុង​ភាព​អន្ធការ នៃ​យប់​ដ៏យូរ​លង់​  ពួកគេ​ដេក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ទៅ​ណា​មិន​កើត​ ហើយ​នៅ​ឆ្ងាយ​ពីព្រះ​ហឫ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ អស់​កល្ប​ជា​និច្ច។ ៣ពួកគេ​ស្មាន​ថា​អាច​លាក់​អំពើ​បាប ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​លាក់​កំបាំង ពួកគេ​គិត​ថា ព្រះ​អង្គ​មុខ​ជា​ភ្លេច​អំពើ​បាប​ទាំង​នោះ។ ប៉ុន្តែ​ពួកគេ​ត្រូវ​ខ្ចាត់​ខ្ចាយ​បែក​ខ្ញែក​ពីគ្នា ទាំង​ភ័យ​តក់​ស្លុត ហើយ​ត្រូវ​ជ្រួល​ច្របល់ ដោយ​ការ​ស្រមើ​ស្រមៃ​។ ៤សូម្បី​តែ​នៅ​កន្លែង​លាក់​ខ្លួន ក៏​ពួកគេ​មិន​អាច​រួច​ផុតពី​ការ​តក់​ស្លុត​នេះ​បាន​ដែរ ព្រោះ​មាន​ស្នូរ​សន្ធឹក​លាន់ឮ​រំពង​នៅ​ជុំវិញ ហើយ​គេ​ឃើញ​ខ្មោច​លង ដែល​មាន​មុខ​អាក្រក់​អាក្រី គួរឲ្យ​ព្រឺ​ខ្លាច​។ ៥គ្មាន​ភ្លើង​អ្វី​អាច​បញ្ចេញ​ពន្លឺ​មក​បំភ្លឺ​ពួកគេ​បាន​ទេ សូម្បី​តែ​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​របស់​ផ្កាយ ក៏ពុំ​អាច​បំភ្លឺ​យប់​ដ៏​សែន​អាណោច​អាធ័ម​នោះ​ដែរ។ ៦ភ្លើង​ដែល​ឆេះ​ឯក​ឯង​បាន ធ្វើ​ឲ្យ​ពួកគេ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ កាល​ពួកគេ​លែង​ឃើញ​អព្ភូត​ហេតុ​នេះ ពួកគេ​នៅតែ​ស្លុត​ចិត្ត​ដដែល ព្រោះ​គេ​យល់ថា​អ្វីៗដែល​កើត​មាន​ពិត​ប្រាកដ គួរឲ្យ​ព្រឺ​ខ្លាច​ជាង​ការ​ស្រមើ​ស្រមៃ​ទៅ​ទៀត។ ៧ក្បួន​មន្ត​អាគម​បាត់​បង់​ប្រសិទ្ធ​ភាព អ្នក​ដែល​អួត​អាង​ថា ខ្លួន​ចេះ​គ្រប់​សព្វ​ទាំង​អស់​បែរ​ជា​មិន​ដឹងអ្វី​សោះ ហើយ​ត្រូវ​អាម៉ាស់​ទៀត​ផង។ ៨អ្នក​ដែល​អួតថា ខ្លួន​ចេះ​ព្យាបាល​មនុស្ស​វិកល​ចរិត​បែរ​ជា​មាន​ជំងឺ​ភ័យ​ខ្លាច​ផ្តេស​ផ្តាស​ទៅ​វិញ។ ៩ទោះបី​គ្មាន​អ្វី​អស្ចារ្យ​គួរឲ្យ​ភ័យ​ខ្លាច​ក្តី​  នៅ​ពេល​មាន​សត្វ​ដើរ​កាត់ ឬ​ពស់​ហួច​ក៏​ធ្វើឲ្យ​ពួកគេ​ភ័យ​ខ្លាច​ដែរ។ ១០គេ​ខ្លាច​ស្ទើរ​តែ​លោះ​ព្រលឹង ហើយ​មិន​ហ៊ាន​បើក​ភ្នែក​មើល​ភាព​ងងឹត ដែល​ពួកគេ​គេច​មិន​ផុត​នោះ​ឡើយ។

១១ចិត្ត​អាក្រក់​របស់​មនុស្ស​តែង​តែ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ពីភាព​កំសាក​របស់​ខ្លួន​  ហើយ​ថ្កោល​ទោស​ខ្លួន​ឯង​ដែរ​។  មន​សិការ​របស់​គេ​ចោទ​ប្រកាន់​ខ្លួន​ធ្វើ​ឲ្យគេ​ចេះ​តែ​ស្រមើ​ស្រមៃ ឃើញ​ការ​អាក្រក់​ផ្សេង​ថែម​ពី​លើ​ការ​លំបាក​របស់​ខ្លួន។ ១២អ្នក​ភ័យ​ខ្លាច​  មិន​ដែល​ប្រើ​ប្រាជ្ញា ដើម្បី​ជួយ​បំបាត់​ការ​ភ័យ​ខ្លាច​  មិន​ដែល​ប្រើ​ប្រាជ្ញា ដើម្បី​ជួយ​បំបាត់​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ទេ​។ ១៣បើគេ​មិន​ពឹង​លើ​ប្រាជ្ញា​ដែល​ជា​ជំនួយ​មកពី​ខាង​ក្នុង​នោះ គេ​រឹតតែ​ព្រួយ​បារម្ភ​  ព្រោះ​គេ​មិន​ស្គាល់​មូល​ហេតុ ដែល​បណ្តាល​ឲ្យ​គេ​កើត​ទុក្ខ​។ ១៤ក្នុង​ពេល​យប់​ដ៏​សែន​ពិបាក គឺ​យប់​ដែល​មាន​ប្រភព​ពី​ស្ថាន​មច្ចុរាជ​ដ៏​ជ្រៅ ហើយ​គ្មាន​អំណាច​នោះ ពួកគេ​ដេក​លក់​ដូច​គ្នា​ទាំង​អស់។ ១៥ប៉ុន្តែ​ពួក​គេ​យល់​សប្តិ​អាក្រក់​គ្រប់ៗ​គ្នា ឃើញ​ខ្មោច​ដ៏​សំបើម​អស្ចារ្យ​ដេញ​តាម​ពួក​គេ។ ពួកគេ​គ្មាន​កម្លាំង​កំរើក​បាន​ឡើយ ហើយ​លោះ​ព្រលឹង​អស់ ព្រោះ​ពួក​គេ​មិន​នឹក​ស្មាន​ដល់​សោះ​ថា ការ​ភ័យ​ខ្លាច​កើត​មាន​ចំពោះ​ពួកគេ​យ៉ាង​ទាន់​ហន់​ដូច្នេះ ១៦អស់​អ្នកដែល​នៅ​ស្រុក​អេស៊ីប ក៏​ដួល​ដល់​ដី​គ្រប់ៗ​គ្នា កំរើក​លែង​រួច ដូច​ជាប់​ក្នុង​គុក​ដែល​គ្មាន​ជញ្ជាំង។ ១៧កសិករ​ក្តី គង្វាល​ក្តី កម្មករ​ដែល​ធ្វើការ​ធ្ងន់​ហាល​ថ្ងៃ​នៅ​វាល​រហោ​ស្ថាន​ក្តី សុទ្ធ​តែ​ទទួល​មហន្ត​រាយ​យ៉ាង​ទាន់​ហន់ រត់​គេច​មិន​រួច។ ១៨ដ្បិត​ពួក​គេ​ជាប់​ចំណង​ជាមួយ​គ្នា ដោយ​សារ​ភាព​ងងឹត​នោះ។ ស្នូរ​ខ្យល់​បក់​មក សំឡេង​បក្សា​បក្សី​យំ​យ៉ាង​ពីរោះ​នៅ​លើ​មែក​ឈើ​ដ៏​ក្រាស់ ស្នូរ​ទឹក​ហូរ​យ៉ាង​ខ្លាំង។ ១៩ស្នូរ​ដុំថ្ម​ដែល​ធ្លាក់​ពី​លើ​មក ស្នូរ​សត្វ​លោត​ដែល​គ្មាន​នរណា​ឃើញ សំរែក​គ្រហឹម​របស់​សត្វ​សាហាវ សំឡេង​ខ្ទរ​លាន់​ឮ​រំពង​នៅ​តាម​ភ្នំ​បណ្តាល​ឲ្យ​ពួក​គេ​ភ័យ​បាត់​ស្មារតី កំរើក​ក៏​មិន​រួច​ដែរ។ ២០នៅ​កន្លែង​ឯទៀតៗ មាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​បំភ្លឺ​ពិភព​លោក​ទាំង​មូល ហើយ​មនុស្ស​ម្នា​នៅ​តែ​បន្ត​កិច្ចការ​របស់​ខ្លួន ដោយ​គ្មាន​អ្វី​មក​រំខាន​ឡើយ។ ២១មាន​តែ​ពួក​គេ​ទេ​ដែល​ស្ថិត​នៅ​ក្នុង​យប់​ងងឹត​ស្លុង​យ៉ាង​នេះ! ភាព​ងងឹត​នេះ​ជានិមិត្ត​រូប​នៃ​ភាព​ងងឹត​ដែល​បំរុង​នឹង​ទទួល​ពួក​គេ នៅ​ពេល​បាត់​បង់​ជីវិត។ ប៉ុន្តែ​ការ​តប់​ប្រមល់​របស់​ពួក​គេ​ធ្ងន់​ជាង​ភាព​ងងឹត​ទៅ​ទៀត។