ប្រាជ្ញាញាណ (១៦)

១ហេតុ​នេះ​  ព្រះ​ជា​ម្ចាស់​បាន​ប្រើ​សត្វ​ដែល​មាន​រូប ដូចរូប​ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ ឲ្យមក​ធ្វើ​ទារុណកម្ម​ពួកគេ​សម​នឹង​អំពើ​ដែល​ពួកគេ​ប្រព្រឹត្ត ពួកគេ​ត្រូវ​រងទុក្ខ​វេទនា​ដោយ​សារ​សត្វ​ល្អិត​ជា​ច្រើន។ ២ផ្តុយ​ទៅ​វិញ ព្រះ​អង្គ​សំដែង​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ប្រទាន​សត្វ​ក្រួច​ជា​អាហារ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ពួកគេ​បរិភោគ​ឆ្អែត នៅ​ពេល​ពួកគេ​ឃ្លាន​យ៉ាង​ខ្លាំង។ ៣ដូច្នេះ ទោះបី​ជន​ជាតិ​អេស៊ីប​ត្រូវ​ការ​អាហារ​ក្តី​ក៏​ពួកគេ​បរិភោគ​មិន​កើត​ដែរ ព្រោះ​ពួកគេ​ខ្ពើម​រអើម​ ដោយ​សារ​សត្វ ដែល​ព្រះ​អង្គ​ចាត់​ឲ្យមក​ធ្វើ​ទុក្ខ​ទោស​ពួកគេ។ ចំពោះ​ជន​ជាតិ​អ៊ីស្រា​អែល​វិញ​ ក្រោយ​ពីបាន​ខ្វះ​ខាត​មួយ​រយៈ​ពេល​ដ៏ខ្លី ពួកគេ​បាន​ទទួល​អាហារ​ដ៏​ឆ្ងាញ់​ពិសា។ ៤ដូច្នេះ​អ្នក​ដែល​ជិះ​ជាន់​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ត្រូវ​តែ​រងទុក្ខ​ដោយ​អត់​ឃ្លាន​យ៉ាង​ខ្លាំង រីឯ​ប្រជា​ជន​អ៊ីស្រា​អែល​វិញ គេ​គ្រាន់​តែ​ឃើញ​របៀប ដែល​ខ្មាំង​សត្រូវ​រង​ទុក្ខ​ទោស​ប៉ុណ្ណោះ។

ពស់ធ្វើពីទង់ដែង
៥មាន​សត្វ​ដ៏គួរ​ព្រឺ​ខ្លាច ខាំ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​យ៉ាង​សាហាវ​បំផុត ហើយ​ក៏មាន​ពស់​អសិ​រពិស​ចឹក​ពួកគេ បណ្តាល​ឲ្យ​ស្លាប់​ជា​ច្រើ​នាក់​ដែរ។ ប៉ុន្តែ​  ព្រះ​អង្គ​មិន​ពិរោធ​ទាស់​នឹង​ពួកគេ រហូត​ដល់​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ឡើយ។ ៦ព្រះ​អង្គ​គ្រាន់​តែ​គំរាម​ពួកគេ​មួយ​រយៈ ដើម្បី​ប្រៀន​ប្រដៅ​គេ​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​ក៏​ប្រទាន​ទី​សំគាល់​បង្ហាញ​អំពី​ការ​សង្រ្គោះ ធ្វើ​ឲ្យ​ពួកគេ​នឹក​គិត​ដល់​ច្បាប់​នៃ​គម្ពីរ​វិន័យ។

៧អ្នក​ដែល​ងាក​បែរ​ទៅ​មើល​ទី​សំគាល់​នោះ បាន​រួច​ជីវិត។ ប៉ុន្តែ គេបាន​រួច​ជីវិត មិន​មែន​ដោយ​សារ​វត្ថុ​ដែល​គេ​មើល​ឃើញ​នោះ​ឡើយ គឺ​ដោយ​សារ​តែ​ព្រះ​អង្គ ជា​ព្រះ​សង្រ្គោះ​របស់​មនុស្ស​លោក​ទាំង​អស់​ប៉ុណ្ណោះ! ៨ធ្វើ​ដូច្នេះ ព្រះ​អង្គ​បង្ហាញ​ឲ្យ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ដឹង​ថា មាន​តែ​ព្រះ​អង្គ​ទេ ដែល​រំដោះ​ឲ្យ​រួចពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។ ៩ខ្មាំង​សត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​កណ្តូប និង​រុយ​ខាំ។ ពួកគេ​រក​ថ្នាំ​សង្កូវ​មក​ព្យាបាល​ខ្លួន​មិន​បាន ព្រោះ​ពួកគេ​ត្រូវ​តែ​ទទួល​ទារុណ​កម្ម​ដោយ​សារ​សត្វ​បែប​នេះ។ ១០រីឯ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​វិញ សូម្បី​តែ​ពស់​អសិ​រពិស​ក៏មិន​អាច​ប្រហារ​ពួកគេ​បាន​ដែរ ដ្បិត​ព្រះ​អង្គ​យាង​មក​ជួយ​ពួកគេ និង​ប្រោស​ពួកគេ​ឲ្យ​បាន​ជា ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ។ ១១ព្រះ​អង្គ​យក​ជន្លួញ​មក​ចាក់​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួកគេ​នឹក​ដល់​ព្រះ​បន្ទូល​ព្រះ​អង្គ តែ​ព្រះ​អង្គ​សង្រ្គោះ​ពួកគេ​ជា​បន្ទាន់ ក្រែង​គេ​ភ្លេច​ព្រះ​អង្គ​រហូត​ ហើយ​មិន​ចាប់​អារម្មណ៍​នឹង​ព្រះ​ហឫ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ​។ ១២បពិត្រ​ព្រះ​អម្ចាស់​! ពួកគេ​មិន​បាន​យក​សំបក​ឈើ ឬ​ប្រើ​ថ្នាំ​អ្វី​មក​ព្យាបាល​ឲ្យជា​ឡើយ​  តែ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​វិញ​ទេ ដែល​ប្រោស​ពួកគេ​ឲ្យបាន​ជា​គ្រប់​ៗគ្នា។ ១៣ព្រះ​អង្គ​មាន​អំណាច​ធ្វើ​ឲ្យ​មនុស្ស​រស់​ឬ​ស្លាប់​ក៏​បាន ព្រះ​អង្គ​ធ្វើ​ឲ្យ​មនុស្ស​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ឬ​ឡើង​មក​វិញ​ក៏​បាន​ដែរ។   ១៤មនុស្ស​អាច​សម្លាប់​មនុស្ស ព្រោះ​តែ​ចិត្ត​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​អាច​ធ្វើ​ឲ្យ​វិញ្ញាណ ដែល​ចេញ​ពី​រូប​កាយ​ទៅ​នោះ វិល​ត្រឡប់​មក​វិញ​បាន​ឡើយ។ គេក៏​មិន​អាច​រំដោះ​ព្រលឹង ដែល​ស្ថិត​នៅក្នុង​ស្ថាន​មច្ចុរាជ​បាន​ដែរ។

ព្រឹល និង នំម៉ាណា
១៥គ្មាន​នរណា​អាច​គេច​ផុត ពី​ឫទ្ធិ​បារមី​របស់​ព្រះ​អង្គ​បាន​ឡើយ! ១៦ព្រះ​អង្គ​ប្រើ​ឫទ្ធិ​បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​អង្គ ប្រហារ​ជន​ពាល​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​អង្គ គឺ​ភ្ញៀង​ ព្រឹល ខុសពី​ធម្មតា ព្យុះ​សង្ឃរា​ធ្វើ​ទោស​គេ​ឥត​ត្រា​ប្រណី រន្ទះ​ក៏​បាញ់​សម្លាប់​ពួក​គេ​ដែរ។ ១៧គួរ​ឲ្យ​អស្ចារ្យ​មែន! នៅ​ពេល​នោះ​  ភ្លើង​ឆាប់​ឆេះ​កាន់​តែ​សន្ឋោ​សន្ឋៅ ក្នុង​ទឹក​ដែល​រមែង​ពន្លត់​ភ្លើង ដ្បិត​ធម្មជាតិ​ទាំង​មូល​ជួយ​ការ​ពារ​មនុស្ស​សុចរិត​។ ១៨ជួន​កាល​អណ្តាត​ភ្លើង​ចុះ​អន់​ថយ​បន្តិច​ដើម្បី​កុំឲ្យ​ឆេះ​សត្វ ដែល​ព្រះ​អង្គ​ចាត់​ឲ្យ​ទៅ​ប្រឆាំង​និង​ជន​ពាល។ ឃើញ​ដូច្នេះ ពួកគេ​ត្រូវ​តែ​ដឹង​ថា​  ព្រះ​អង្គ​តាម​វិនិច្ឆ័យ​ទោស​ពួកគេ ១៩ជួន​កាល ភ្លើង​នៅ​តែ​ឆេះ​សន្ឋោ​សន្ឋៅ​កណ្តាល​ទឹក លើស​ពី​ធម្មតា​ដើម្បី​បំផ្លាញ​ភោគ​ផល​នែ​ស្រុក​របស់​មនុស្ស​ទុច្ចរិត​នោះ។ ២០ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ប្រទាន​អាហារ​របស់​ទេវ​ទូត ឲ្យ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​បរិភោគ។ ព្រះ​អង្គ​ប្រគល់​អាហារ​ដែល​រៀបចំ​ទុក​ជា​ស្រេច​ឲ្យ​ពួកគេ​  ដោយ​ពួកគេ​មិន​នឿយ​ហត់​ស្វែង​រក។ អាហារ​ទាំង​នោះ សុទ្ធ​តែ​មាន​ឳជា​រស តាម​បំណង​របស់​មនុស្ស​គ្រប់ៗ​រូប។ ២១អាហារ​នោះ​មកពី​ព្រះ​អង្គ ដែល​បង្ហាញ​ពី​ព្រះ​ហឫ​ទ័យ​ទន់​ភ្លន់ ចំពោះ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​។អាហារ​នោះ​ក៏​ត្រូវ តាម​បំណង​ប្រាថ្នា​របស់​អ្នក​បរិភោគ​ដែរ គឺ​ប្រែ​ឳជា​រស​តាម​តែ​ម្នាក់ៗ​ចូល​ចិត្ត។ ២២ទោះបី​នំ​ម៉ាណា​ប្រៀប​ដូចជា​ព្រឹល និង​ទឹក​កក​ក្តី​   នៅ​ពេល​ត្រូវ​ភ្លើង ក៏នំ​នោះ​មិន​រលាយ​ដែរ។ ការ​នេះ​សឲ្យ​ឃើញ​ថា ភ្លើង​បំផ្លាញ​ភោគ​ផល​របស់​បច្ចា​មិត្ត​ដោយ​រន្ទះ​បាញ់ ក្នុង​ពេល​ភ្លៀង​ធ្លាក់ និង​ព្រឹល​។ ២៣ប៉ុន្តែ ភ្លើង​ដដែល​នោះ​មិន​បំផ្លាញ​អាហារ​ដែល​មនុស្ស​សុចរិត​ត្រូវ​ការ​បរិភោគ​ឡើយ។

២៤ព្រះ​អង្គ​បាន​បង្កើត​អ្វី​ៗទាំង​អស់​មក ហើយ​ធម្មជាតិ​ដែល​ព្រះ​អង្គ​បាន​បង្កើត ត្រៀម​ខ្លួន​បំរើ​ព្រះ​អង្គ​ជានិច្ច ដើម្បី​ធ្វើ​ទោស​មនុស្ស​ទុច្ចរិត តែ​ផ្តល់​សេចក្តី​សុខ ដល់​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​អង្គ។   ២៥ហេតុ​នេះ​ហើយ​បាន​ជា​ធម្ម​ជាតិ​អាច​ប្រែ​ប្រួល​គ្រប់​យ៉ាង ដើម្បី​ទទួល​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ​  គឺ​ទៅ​ជា​អាហារ​គ្រប់​យ៉ាង​តាម​បំណង​របស់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​។ ២៦បពិត្រ​ព្រះ​អម្ចាស់! ដូច្នេះ​បុត្រ​ធីតា​ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដឹងថា មនុស្ស​ចិញ្ចឹម​ជីវិត មិន​មែន​ដោយ​ការ​បង្កើត​ភោគ​ផល​ទេ​  គឺ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​វិញ​ឯណោះ ដែល​ទ្រទ្រង់​ជីវិត​អស់​អ្នក​ជឿ​លើ​ព្រះ​អង្គ។ ២៧អាហារ​ដែល​ភ្លើង​មិន​បំផ្លាញ​ត្រូវ​រលាយ​ដោយ​កំដៅ​ព្រះ​អាទិត្យ ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក។ ២៨ព្រះ​អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ពួគគេ​ដឹង​ថា ពួកគេ​ត្រូវ​ក្រោក​ពី​ព្រលឹម អរ​ព្រះ​គុណ​ព្រះ​អង្គ​និង​ជួប​ព្រះ​អង្គ​មុន​ថ្ងៃរះ។ ២៩ប៉ុន្តែ​សេចត្តី​សង្ឃឹម​របស់​ជន​អកតញ្ញូ ត្រូវ​រលាយ​ដូច​ទឹក​កក​ត្រូវ​ថ្ងៃ ហើយ​ហូរ​ទឹក​ដែល​ប្រើ​ការ​មិន​កើត។