ប្រាជ្ញាញាណ (១៥)

ព្រះជាម្ចាស់ការពារជនជាតិអ៊ីស្រាអែល​មិនឲ្យគោរពព្រះក្លែងក្លាយ
១បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ! ព្រះ​អង្គ​មាន​ព្រះ​ហឫ​ទ័យ​សប្បុរស និង​ស្មោះ​ត្រង់​ជានិច្ច! ព្រះ​អង្គ​មាន​ព្រះ​ហឫ​ទ័យ​អត់​ធ្មត់​ហើយ​គ្រប់​គ្រង​សត្វ​លោក​ទាំង​អស់ ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា។

២ទោះបី​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ក្តី ក៏​យើង​ខ្ញុំ​នៅ​តែ​ជា​អ្នក​បំរើ​ព្រះ​អង្គ​ដដែល ដ្បិត​យើង​ខ្ញុំ​ទទួល​ស្គាល់​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ។ ប៉ុន្តែ យើង​ខ្ញុំ​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ហើយ ដោយ​ដឹង​ថា ព្រះ​អង្គ​ចាត់​ទុក​យើង​ខ្ញុំ​ជា​ប្រជា​ជន​របស់​ព្រះ​អង្គ។ ៣ការ​ស្គាល់​ព្រះ​អង្គ នាំឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​ដ៏​ពេញ​លក្ខណៈ។ ការ​ទទួល​ស្គាល់​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ ក៏​នាំឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ដែរ។    ៤យើង​ខ្ញុំ​ពុំ​បាន​វង្វេង តាម​ថ្វីដៃ​ដ៏​ប៉ិន​ប្រសប់​ដែល​មនុស្ស​រចនា​នោះ​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​វង្វេង​តាម​គំនូរ​ដ៏​ឥត​ខ្លឹម​សារ ដែល​ជាង​ខិតខំ​គូរ​ទាំង​នឿយ​ហត់ ធ្វើ​ឲ្យ​មនុស្ស​ភាន់​ច្រឡំ​។ គេ​ផាត់​គំនូរ​ចំរុះ​ពណ៌​អាក្រក់​មើល​។ ៥ពេល​ឃើញ​គំនូរ​ទាំង​នោះ មនុស្ស​ឆោត​ល្ងង់​នាំគ្នា​ចាប់​ចិត្ត​ជា​ខ្លាំង ហើយ​ស្រើប​ស្រាល​ចំពោះ​រូប​ដែល​មិន​កំរើក គឺ​គំនូរ​ដែល​គ្មាន​ជីវិត​។ ៦ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ ព្រម​ទាំង​អ្នក​ដែល​ចង់​បាន និង​អ្នក​ដែល​គោរព​ថ្វាយ​បង្គំ​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​អ្នក​ស្រឡាញ់​សេចក្តី​អាក្រក់ ហើយ​ពួកគេ​បាន​ត្រឹម​តែ​ខក​ចិត្ត​ប៉ុណ្ណោះ។

ភាពលេលារបស់ជាងស្មូន​ដែលធ្វើរូបព្រះក្លែងក្លាយ
៧ឧបមា​ថា​ មាន​ជាង​ស្មូន​ខិតខំ​ច្របាច់​ដីឥដ្ឋ​ទាំង​នឿយ​ហត់​ សូន​ធ្វើ​ប្រដាប់​ប្រដា​ដែល​យើង​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។ គាត់​យក​ដីឥដ្ឋ​ដដែល​មក​សូន​ធ្វើ​វត្ថុ​ថ្លៃ​ថ្នូរ​ផង និង​វត្ថុ​ធម្មតា​ផង។ គាត់​ធ្វើ​វត្ថុ​ទាំង​អស់​តាម​របៀប​ដូច​គ្នា មាន​តែ​ជាង​ស្មូន​ទេ​ដែល​សំរេច​ថា​  វត្ថុ​នីមួយ​ៗត្រូវ​ប្រើ​ប្រាស់​សំរាប់​ធ្វើ​អ្វី។ ៨បន្ទាប់​មក​  គាត់​យក​ដីឥដ្ឋ​ដដែល​មក ហើយ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឥត​ប្រយោជន៍ គឺ​សូន​រូប​ព្រះ​ឥត​បាន​ការ។ ជាង​នេះ​ទើប​តែ​កើត​ចេញ​ពីដី ហើយ​បន្តិច​ទៀត​នៅ​ពេល​ព្រះ​ជា​ម្ចាស់​ទារ​ឲ្យ​គាត់​សង​ព្រលឹង​ដែល​គាត់​ខ្ចី​នោះ​ គាត់​ត្រូវ​តែ​ត្រឡប់​ទៅ​ជាដី ដែល​គាត់​ទើប​ចេញ​មក​វិញ​ដែរ​។ ៩គាត់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​គិត​ថា​អាយុ​ជីវិត​មនុស្ស​ខ្លី​ណាស់ ចៀស​មិន​ផុតពី​សេចក្តី​ស្លាប់​ឡើយ! ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ប្រណាំង​ប្រជែង​ជាមួយ​ជាង​មាស ជាង​ប្រាក់ គាត់​យក​តម្រាប់​តាម​ជាង​លង្ហិន ហើយ​ចង់​បាន​កិត្តិ​យស​ដោយ​សូន​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ! ១០ចិត្ត​របស់​គាត់​ប្រៀប​ដូច​ជា​ផេះ ដូច​ធូលី​ដី ហើយ​ជីវិត​របស់​គាត់​ថោក​ជាង​ដីឥដ្ឋ​ទៅ​ទៀត!  ១១ដ្បិត​គាត់​មិន​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​ដែល​សូន​គាត់​មក​ទេ គឺ​ព្រះ​អង្គ​បាន​ផ្លុំ​ខ្យល់​ដង្ហើម ឲ្យ​គាត់​អាច​ធ្វើ​ចលនា​បាន ព្រម​ទាំង​វិញ្ញាណ ដែល​ផ្តល់​ឲ្យ​គាត់​មាន​ជីវិត។ ១២ប៉ុន្តែ​ គាត់​យល់​ឃើញ​ថា ជីវិត​មនុស្ស​ប្រៀប​ដូច​ជា​ល្បែង​លេង​សើច ការ​រស់​នៅ​របស់​មនុស្ស​ប្រៀប​ដូចជា​ផ្សារ​ចោរ​។ ដូច្នេះ​គាត់​គិតថា ត្រូវ​ខិតខំ​ចំណេញ​ពី​គ្រប់​កិច្ច​ការ​ទាំង​អស់​ ទោះបី​ការ​អាក្រក់​ក្តី។ ១៣មនុស្ស​បែប​នេះ​ដឹង​ច្បាស់​ជាង​គេ​ថា ខ្លួន​ប្រព្រឹត្ត​អំពើ​បាប ដោយ​យកដី​មក​សូន​ភាជន៍​ដែល​តែង​តែ​បែក​ផង និង​សូន​រូប​ព្រះ​ក្លែង​ក្លាយ​ផង។

ជនជាតិអេស៊ីបគោរព​ថ្វាយបង្គំព្រះក្លែងក្លាយ
១៤បពិត្រ​ព្រះ​អម្ចាស់ ខ្មាំង​សត្រូវ​ដែល​ជិះ​ជាន់​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​កាល​ពី​ដើម បាន​បង្ហាញ​ថា​ពួកគេ​លេលា ហើយ​មាន​ស្មារតី​អន់​ជាង​កូន​ក្មេង​ទៅ​ទៀត។ ១៥ពួកគេ​ចាត់​ទុក​រូប​បដិមារ​បស់​ប្រជា​ជាតិ​នានា​ថា​ជា​ព្រះ! ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ​មាន​ភ្នែក​  តែ​មិន​ចេះ​មើល មាន​ច្រមុះ តែ​មិន​ចេះ​ដក​ដង្ហើម​  មាន​ត្រចៀក តែ​មិន​ចេះ​ស្តាប់ មាន​ដៃ តែ​មិន​ចេះ​ស្ទាប​ មាន​ជើង តែ​មិន​ចេះ​ដើរ។

១៦ដ្បិត​រូប​ទាំង​នោះ​ជា​ស្នា​ដៃ​របស់​មនុស្ស! អ្នក​ដែល​រចនា​រូប​នេះ គ្រាន់​តែ​បាន​ខ្ចី​ដង្ហើម​ជីវិត​ប៉ុណ្ណោះ។ គ្មាន​នរណា​ម្នាក់​អាច​រចនា​រូប​ព្រះ​ឲ្យ​ដូច​ខ្លួន​ឯង​បាន​ឡើយ។ ១៧គេជា​មនុស្ស​រមែង​តែង​តែ​ស្លាប់ គេ​ប្រើ​ដៃ​ប្រព្រឹត្ត​អំពើ​ល្មើស​វិន័យ ហើយ​ផលិត​រូប​ដែល​គ្មាន​ជីវិត។ ទោះ​ជា​យ៉ាង​ណាក្តី ក៏គេ​ប្រសើរ​ជាង​រូប​ទាំង​ប៉ុន្មាន ដែល​គេ​គោរព​ប្រតិ​បត្តិ​នោះ​ដែរ គឺគេ​បាន​ទទួល​ជីវិត រីឯ​រូប​ទាំង​នោះ​វិញ​ មិន​ដែល​ទទួល​ជីវិត​ទាល់​តែ​សោះ​ឡើយ។ ១៨ពួកគេ​បាន​គោរព​ថ្វាយ​បង្គំ​សត្វ​គួរឲ្យ​ស្អប់​ខ្ពើម​បំផុត គឺ​សត្វ​តិរច្ឆាន​ដ៏​អាក្រក់​ជាង​គេ។ ១៩សត្វ​ទាំង​នោះ​គ្មាន​សម្ផស្ស​គួរឲ្យ​គយ​គន់ គួរឲ្យ​ទាក់​ទាញ​ចិត្ត​ដូច​សត្វ​ឯទៀតៗ​ឡើយ។ ព្រះ​ជា​ម្ចាស់​មិន​ចាប់​អារម្មណ៍​នឹង​សត្វ​ទាំង​នោះ​ទេ​ហើយ​ក៏មិន​ប្រទាន​ពរ​ឲ្យវា​ដែរ។