ប្រាជ្ញាញាណ (១៤)

អំពីអ្នកសំពៅដែលពឹងលើព្រះក្លែងក្លាយ
១មាន​បុរស​ម្នាក់​ទៀត រៀបចំ​សំពៅ​ឆ្លង​កាត់ រលក​សមុទ្រ​ដ៏​សាហាវ។  គាត់​បន់​ដុំ​ឈើ ពុក​ជាង​ឈើ​សំពៅ​ដែល​គាត់​ជិះ។ ២ដ្បិត​ជាង​ដែល​សង់​សំពៅ បាន​រិះគិត​នឹង​សង់​សំពៅ តាម​បច្ចេក​ទេស​របស់​ជាង​ដ៏​ចំណាន ដើម្បី​ឲ្យ​បាន​ប្រាក់។ ៣បពិត្រ​ព្រះ​បិតា គឺ​ព្រះ​អង្គ​ហើយ​ដែល​កាន់​ចង្កូត! ព្រះ​អង្គ​រៀបចំ​ទាំង​អស់​ជា​មុន ព្រះ​អង្គ​បាន​ត្រួស​ត្រាយ​ផ្លូវ​នៅ​លើ​សមុទ្រ គឺ​ផ្លូវ​ដ៏​រឹងមាំ​នៅ​លើ​រលក! ៤ដូច្នេះ​ព្រះ​អង្គ​បង្ហាញ​ថា ទោះបី​មនុស្ស​ម្នាក់​ធ្វើ​ដំណើរ​កាត់​សមុទ្រ ដោយ​គ្មាន​ការ​ពិសោធ​ក្តី ក៏​ព្រះ​អាច​សង្រ្គោះ​គេ​ឲ្យ​រួចពី​គ្រោះ​កាច​ទាំង​ឡាយ​បាន​ដែរ។ ៥ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ​ឲ្យ​អ្វី​ៗដែល​ព្រះ​អង្គ​បាន​បង្កើត​មក ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ មាន​ប្រយោជន៍។ ហេតុ​នេះ មនុស្ស​ដែល​ផ្ញើ​ជីវិត​លើ​សំពៅ​ធ្វើ​អំពី​ឈើ អាច​ឆ្លង​សមុទ្រ​ដែល​មាន​រលក​ធំ​ៗ និង​រួចពី​គ្រោះ​ថ្នាក់​ទាំង​អស់។  ៦យ៉ាង​ណា​មិញ កាលពី​ដើម​ដំបូង មនុស្ស​ដែល​មាន​មាឌ​ធំ​ហើយ​អួត​បំប៉ោង​ត្រូវ​វិនាស​អន្តរាយ។ រីឯ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​លោក​ ដែល​យក​ក្បួន​ធ្វើ​ជា​ជំរក​បាន​រក្សា​ពូជ​មនុស្ស​ទុក​សំរាប់​អនា​គត​ដោយ​សារ​ព្រះ​បារមី​របស់​ព្រះ​អង្គ​ណែនាំ​ក្បួន​នោះ។

៧សូម​ឲ្យ​ឈើ​ដែល​នាំ​សេចក្តី​សុចរិត មក​នោះ​បាន​ទទួល​ពរ! ៨តែ​សូម​ឲ្យ​ទាំង​រូប​ព្រះ​ក្លែង​ក្លាយ និង​  ជាង​ដែល​ឆ្លាក់​វា​ត្រូវ​បណ្តា​សា គឺ​ជាង​ត្រូវ​បណ្តា​សា​មកពី​បាន​ឆ្លាក់​រូប ហើយ​រូប​ត្រូវ​បណ្តា​សា មក​ពីគេ​គោរព​ទុក​ជា​ព្រះ តាម​ពិត វា​គ្រាន់​តែ​ជា​ឈើ ដែល​រមែង​តែង​តែ​ពុក​ប៉ុណ្ណោះ។ ៩ព្រះ​ជា​ម្ចាស់​ស្អប់​មនុស្ស​ពាល និង​អំពើ​ពាល​របស់​គេ។ ១០ដូច្នេះ ស្នាដៃ​ត្រូវ​ទទួល​ទារុណ​កម្ម​ ដូច​ជាង​ដែល​ឆ្លាក់វា​ដែរ។ ១១ពិត​មែន​ហើយ ព្រះ​ជា​ម្ចាស់​នឹង​យាង​មក វិនិច្ឆ័យ​ទោស​រូប​ព្រះ​ក្លែង​ក្លាយ របស់​ប្រជា​ជាតិ​នានា។ ព្រះ​ជា​ម្ចាស់​ស្អប់​ខ្ពើម​រូប​ទាំង​នោះ​ទោះបី​រូប​ទាំង​នោះ នៅ​ក្នុង​ចំណោម​សត្វ​លោក​ដែល​ព្រះ​អង្គ​បង្កើត​មក​ក៏ដោយ ដ្បិត​វា​បាន​ទាក់​ទាញ​ចិត្ត​មនុស្ស​លោក​ឲ្យ​ជំពប់​ដួល និង​ជា​អន្ទាក់​សំរាប់​ចាប់​មនុស្ស​ឆោត​ល្ងង់។

ដើមកំណើតរបស់រូបចម្លាក់
១២ការ​ក្បត់​សម្ព័ន្ធ​មេត្រី​របៀប​នេះ បណ្តាល​មកពី​គំនិត​ចង់​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ។ ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ​បាន​បង្ខូច​ជីវិត​មនុស្ស​លោក។ ១៣កាល​ដើម​ដំបូង​គ្មាន​រូប​ទាំង​នោះ​ទេ ហើយ​វាក៏​មិន​នៅ​ស្ថិត​ស្ថេរ​រហូត​អស់​កល្ប​ជានិច្ច​ដែរ។​១៤ព្រះ​ក្លែង​ក្លាយ​ចូល​មក​ក្នុង​លោក​នេះ ដោយ​ជំនឿ​អកុសល​របស់​មនុស្ស។ ហេតុ​នេះ​ហើយ វា​ត្រូវ​វិនាស​អន្ត​រាយ​ឆាប់ៗ​តាម​ពេល​កំណត់។

១៥ឧបមា​ថា មាន​ឪពុក​ម្នាក់​កើត​ទុក្ខ​ជា​ទម្ងន់​ដោយ​កូន​របស់​គាត់​បាត់​បង់​ជីវិត ក្នុង​ពេល​នៅ​ក្មេង​នៅ​ឡើយ។ គាត់​ឲ្យ​គេ​ធ្វើ​រូប​តំណាង​កូន​ដែល​បាត់​បង់​ជីវិត​ក្នុង​ពេល​នៅ​ក្មេង​នោះ។ ដូច្នេះ​គាត់​ក៏​គោរព​រូប​កូន​ទុក​ជា​ព្រះ ហើយ​ណែនាំ​ក្រុម​គ្រួសារ​ឲ្យ​រៀបចំ​បុណ្យ​និង ពិធី​សែន​ព្រេន​ផ្សេង​ៗតរៀង​ទៅ។ ១៦ក្រោយ​មក គេ​នាំគ្នា​គោរព​ប្រ​ពៃណី​ដ៏​ពាល​នេះ​  ទុក​ជា​ច្បាប់​ទម្លាប់​ដែល​មាន​ឥទ្ធិពល​ដ៏​យូរ​លង់។

មួយ​វិញ​ទៀត គេ​នាំគ្នា​គោរព​រូប​ចម្លាក់​តាម​បញ្ជា​របស់​អ្នក​កាន់​អំណាច​។ ១៧ដោយ​ប្រជា​ជន​ពុំអាច​គោរព​ព្រះ​មហា​ក្សត្រ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ផ្ទាល់​  ព្រោះ​ស្តេច​គង់​នៅ​ឆ្ងាយ គេ​នាំគ្នា​ធ្វើ​រូប​តំណាង​ក្នុង​ស្រុក​របស់​ខ្លួន ដើម្បី​យក​ចិត្ត​ទុក​ដាក់​គោរព​ព្រះ​មហា​ក្សត្រ​ដែល​ពុំគង់​ជាមួយ ហាក់​ដូចជា​ស្តេច​គង់​នៅ​ទីនោះ​ដែរ។ ១៨សូម្បី​តែ​អ្នក​មិន​ស្គាល់​ព្រះ​មហា​ក្សត្រ ក៏​យក​ចិត្ត​ទុក​ដាក់​គោរព​រូប​ទាំង​នោះ​តាម​បំណង​របស់​វិចិត្រ​ករ។ ១៩វិចិត្រ​ករ​ចង់​ផ្គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​មហា​ក្សត្រ ក៏​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ប្រើ​បច្ចេក​ទេស​របស់​ខ្លួន ធ្វើ​រូប​តំណាង​ឲ្យ​បាន​ល្អ​ជាង​ម្ចាស់។ ២០មហា​ជន​ចាញ់​បញ្ឆោត​លំអ​នៃ​ស្នាដៃ​នោះ​  ហើយ​នាំគ្នា​ថ្វាយ​បង្គំ​រូប​របស់​ស្តេច ដែល​ពីមុន​គេ​តែង​គោរព​ទុក​ជា​មនុស្ស​ប៉ុណ្ណោះ។ ២១រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​សំរាប់​មនុស្ស​ជាតិ គឺ​ពេល​ណា​គេរង​ទុក្ខ​ដោយ​សារ​គ្រោះ​កាច​ ឬ​ដោយ​សារ​អ្នក​កាន់​អំណាច​គេ​បន់​ស្រន់​រូប​ធ្វើ​ពីថ្ម​ និង​រូប​ធ្វើ​ពីឈើ ទុក​ដូច​ព្រះ​ជា​ម្ចាស់​តែមួយ​អង្គ​គត់។

ផលវិបាកនែការគោរពព្រះក្លែងក្លាយ
២២ពួកគេ​មិន​គ្រាន់​តែ​វង្វេង ក្នុង​ការ​ស្គាល់​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ទេ លើស​ពីនោះ ពូកគេ​រស់​នៅ​ក្នុង​លោក​នេះ ដែល​មាន​ការ​ទាស់​ទែង​គ្នា​យ៉ាង​ខ្លាំង​បណ្តាល​មកពី​ការ​មិន​ដឹង​ខុស​ត្រូវ​ ហើយ​ពួកគេ​ហៅ​អំពើ​យង់​ឃ្នង​ទាំង​នោះ​ថា សេចក្តី​សុខ​សាន្ត។២៣ពួកគេ​យក​កូន​ក្មេង​ធ្វើ​បូជា​យញ្ញ ធ្វើ​ពិធី​លាក់​កំបាំង ដង្ហែ​ក្បួន​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ២៤ពួកគេ​មិន​គោរព​ជីវិត​មនុស្ស មិន​គោរព​ភាព​បរិសុទ្ធ​នៃការ​រស់​នៅ​ជា​គូស្វាមី​ភរិយា។ បុរស​ម្នាក់​សម្លាប់​បុរស​ម្នាក់​ដោយ​ចិត្ត​ក្បត់ ឬធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចិត្ត​ដោត​លួច​រួម​ដំណេក​ជាមួយ​ប្រពន្ធ​របស់​គេ។ ២៥ការ​អាក្រក់​ទាំង​នេះ​ចូល​លាយ​ឡំគ្នា គឺការ​បង្ហូរ​ឈាម ឃាត​កម្ម​  ការ​លួច​ប្លន់ ការ​បោក​ប្រាស់ អំពើ​ពុក​រលួយ ការ​មិន​ទុក​ចិត្ត​គ្នា ការ​ជ្រួល​ច្របល់ ការ​ស្បថ​បំពាន ២៦ធ្វើ​បាប​ជន​សប្បុរស​រមឹល​គុណ អសីល​ធម៌ រួម​វេណី​នឹង​ភេទ​ដូចគ្នា វិបត្តិ​ក្នុង​ការ​រស់​នៅ​ជា​គូស្វាមី​ភរិយា អំពើ​ផិត​ក្បត់​ និង​អំពើ​ប្រាស​ចាក​សីល​ធម៌។

២៧ការ​គោរព​បំរើ​ព្រះ​ក្លែង​ក្លាយ ដែល​យើង​មិន​អាច​លើក​ឈ្មោះ​មក​ថ្លែង​បាន ជា​ដើម​ដំបូង និង​  ជាចុង​បំផុត ហើយ​ជាមួយ​មូល​ហេតុ និង​លទ្ធ​ផល​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។ ២៨អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ តែង​តែ​វង្វេង​ស្មារតី ហើយ​ពេល​ត្រេក​ត្រអាល​ក្នុង​ការ​ភ្លឹក គេ​ថ្លែង​ទំនាយ​ក្លែង​ក្លាយ។ ពួកគេ​រស់​នៅ​តាម​របៀប​ទុច្ចរិត​ហើយ​ក្រឡាស់​ពាក្យ​សំដី​ភ្លាមៗ។ ២៩ដោយ​យក​ព្រះ​ក្លែង​ក្លាយ​ឥត​វិញ្ញាណ​ធ្វើ​ជា​សាក្សី នៅ​ពេល​ស្បថ ពួក​គេ​មិន​ខ្លាច​ទទួល​ទោស ដោយ​បាន​ស្បថ​បំពាន​បែប​នេះ​ទេ! ៣០ពួកគេ​ត្រូវ​ទទួល​ទោស​ទ្វេ​ឡើង ព្រោះ​ម្យ៉ាង​ពួកគេ​យល់​ច្រឡំ​អំពី​ព្រះ​ជាម្ចាស់ ដោយ​ទៅ​ពឹង​លើ​ព្រះ​ក្លែង​ក្លាយ ហើយ​ម្យ៉ាង​ទៀត​ពួកគេ​បាន​ស្បថ​ក្លែង​ក្លាយ​ដោយ​ប្រើ​កល​ល្បិច​ទាំង​មើល​ងាយ​ភាព​វិសុទ្ធ​របស់​ព្រះ​អង្គ​ផង។

៣១ទោះបី ពួកគេ​មិន​ខ្លាច​ឫទ្ធា​នុភាព​របស់​រូប​ព្រះ​ក្លែង​ក្លាយ ដែល​គេ​យក​មក​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ស្បថ​នោះ​ក្តី ក៏​ពួកគេ​ត្រូវ​ទទួល​ទោស​តាម​យុត្តិ​ធម៌​សម​នឹង​អំពើ​ទុច្ចរិត​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។