ប្រាជ្ញាញាណ (១៣)

ពាក្យស្តីបន្ទោសអ្នកគោរពព្រះក្លែងក្លាយ
១អស់​អ្នក​ដែល​ចចេស មិន​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ សុទ្ធ​តែ​ជា​មនុស្ស​លេលា​ពី​កំណើត​មែន! ព្រោះ​ពួកគេ​មើល​ឃើញ​អ្វីៗ​ដ៏​ល្អ តែ​ពុំ​អាច​ស្គាល់​ព្រះ​អង្គ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ពួកគេ​ពិនិត្យ​ពិច័យ​មើល​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ តែ​មិន​ទទួល​ស្គាល់​ព្រះ​អង្គ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក​ឡើយ។ ២ផ្ទុយ​ទៅ​វិញ​  ពួកគេ​បែរ​ជា​យក ភ្លើង ខ្យល់ អាកាស កញ្ចុំ​ផ្កាយ​ដែល​វិល​វល់​នៅ​លើ​មេឃ ទឹក​ដែល​ហូរ​យ៉ាង​ខ្លាំង​ ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន។ ៣ពួក​គេ​បាន​ឈ្លក់​វង្វេង នឹង​សម្រស់​របស់​ធម្ម​ជាតិ​ទាំង​នោះ​  ហើយ​ចាត់​ទុក​ថា​ជា​ព្រះ។ អ្នក​ទាំង​នោះ​គួរ​តែ​ដឹង​ច្បាស់​ថា ព្រះ​ដែល​ជា​ម្ចាស់​នៃ​ធម្ម​ជាតិ​ទាំង​នេះ​  រឹតតែ​ល្អ​ប្រសើរ! គឺ​ព្រះ​អង្គ​ហើយ​ដែល​ជា​ប្រភព​នៃ​សម្រស់​ព្រះ​អង្គ​បាន​បង្កើត​ធម្ម​ជាតិ​ទាំង​នោះ។ ៤បើ​មនុស្ស​ស្ញប់​ស្ញែង​កម្លាំង​ និង​អំណាច​នៃ​ធម្ម​ជាតិ​ទាំង​នោះ ពួកគេ​គួរ​តែ​រិះគិត​ថា ព្រះ​អង្គ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ មាន​ឫទ្ធា​នុភាព​រឹតតែ​ខ្លាំង​ទៅ​ទៀត។  ៥ភាព​ថ្កុំ​ថ្កើង និង​សម្រស់​របស់​សត្វ​លោក នាំ​មនុស្ស​ឲ្យ​សញ្ជឹង​គិត ដោយ​ការ​ប្រៀប​ធៀប​អំពី​ព្រះ​អង្គ​ដែល​បាន​បង្កើត​សត្វ​លោក​ទាំង​អស់។

៦ប៉ុន្តែ មិន​ត្រូវ​ស្តី​បន្ទោស​មនុស្ស​ទាំង​នោះ ខ្លាំង​ពេក​ទេ ពួកគេ​វង្វេង​ប្រហែល​មកពី​របៀប​ដែល​គេ​ស្វែង​រក និង​ចង់​ឃើញ​ព្រះ​ជា​ម្ចាស់។ ៧ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ជុំ​វិញ​ពួកគេ ពួកគេ​ខំ​ពិនិត្យ​មើល ហើយ​ភាន់​ច្រឡំ ដោយ​ចាប់​អារម្មណ៍​នឹង​ភាព​ខាង​ក្រៅ​ដែល​គេ​មើល​ឃើញ ព្រោះ​អ្វីៗ​ដែល​ពួកគេ​មើល​ឃើញ​នោះ​ល្អ​ណាស់។ ៨ទោះបី​យ៉ាង​នេះក្តី ក៏​ពួកគេ​ពុំអាច​ដោះ​សា​ខ្លួន​បាន​ដែរ។

៩ព្រោះ​ថា ពួកគេ​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់ រហូត​ដល់​អាច​ស្គាល់​អាថ៌​កំបាំង​នៃ​ពិភព​លោក តែ​ហេតុអ្វី​បាន​ជា ពួកគេ​រក​ព្រះ​ជា​ម្ចាស់​នៃ​អ្វីៗ​ទាំង​នោះ​ពុំ​ឃើញ​ជា​មុន​សិន?

១០អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត លើ​វត្ថុ​គ្មាន​ជីវិត​ពិត​ជា​វេទនា​ពុំខាន! ពួកគេ​តែង​ហៅ​ស្នា​ដៃ​របស់​មនុស្ស​ថា «ព្រះ» គឺ​មាស​ប្រាក់​ដែល​គេ​រចនា ជា​រូប​របស់​សត្វ​ ឬ​ដុំថ្ម​ប្រើ​ការ​បាន ជាថ្ម​ដែល​រចនា​ពី​បុរាណ​កាល។ ១១ឧបមា​ថា​អ្នក​កាប់​ឈើ​ អារ​ឈើ​ជា​កង់​ៗដើម្បី​ស្រួល​ដឹក។ គាត់​បក​សំបក​ចេញ​តាម​បច្ចេក​ទេស​របស់​ខ្លួន រួច​យក​មក​ឆ្នៃ​តាម​ប្រាជ្ញា​ឆ្លាត​វៃ ធ្វើ​ជា​គ្រឿង​សំរាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ ១២កំទេច​ឈើ​ដែល​នៅ​សល់ គាត់​យក​ទៅ​ចំអិន​ម្ហូប​អាហារ​បរិភោគ។ ១៣រីឯ​កំណាត់​ឈើ​ដែល​នៅ​សល់​ប្រើ​មិន​កើត ព្រោះ​វៀច​មាន​សុទ្ធ​តែ​ភ្នែក គាត់​យក​មក​ឆ្លាក់​ដើម្បី​កែការ​អផ្សុក​ឲ្យ​មាន​រូបរាង​ជា​មនុស្ស។ ១៤ឬ​ឲ្យ​មាន​រូប​ជា​សត្វ​ថោក​ទាប។ គាត់​យក​ថ្នាំ​ក្រហម​មក​លាប​ថ្ពាល់​ ព្រម​ទាំង​បិទ​ស្នាម​ទាំង​អស់។ ១៥គាត់​រៀប​ហ៊ឹង​មួយ​សំរាប់​ដាក់​រូប​នោះ រួច​យក​ដែក​វាយ​ភ្ជាប់​នឹង​ជញ្ជាំង​យ៉ាង​មាំ។ ១៦គាត់​ប្រយ័ត្ន​ប្រយែង​មិន​ឲ្យ​រូប​ព្រះ​នោះ​រលំ​ដួល ព្រោះ​គាត់​ថា ព្រះ​នោះ​ពុំអាច​ជួយ​ខ្លួន​ឯង​បាន​ទេ ព្រោះ​គ្រាន់​តែ​ជា​រូប​មួយ​  ដែល​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ប៉ុណ្ណោះ!

១៧ប៉ុន្តែ ពេល​ណា​គាត់​ចង់​ឲ្យ​ទ្រព្យ​សម្បត្តិ​ភរិយា​  និង​កូន​របស់​គាត់​បាន​ចំរើន គាត់​មិន​ខ្មាស​នឹង​ទូល​អង្វរ​វត្ថុ​ដែល​គ្មាន​ជីវិត​នោះ​ទេ។ គាត់​អង្វរ​វត្ថុ​ដែល​គ្មាន​កម្លាំង ឲ្យ​ផ្តល់​សុខ​ភាព​ល្អ​មក​គាត់។ ១៨គាត់​បួង​សួង​វត្ថុ​ដែល​គ្មាន​ជីវិត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​  គាត់​យក​ឈើ​ដែល​មិន​អាច​ជួយ​បាន​មក​ធ្វើ​ជា​ទីពឹង​  គាត់​សូម​ឲ្យ​វត្ថុ​ដែល​មិន​ចេះ​ដើរ ឲ្យ​ជួយ​គាត់​នៅ​ពេល​ធ្វើ​ដំណើរ។ ១៩គាត់​សូម​ឲ្យរូប​ដែល​មាន​ដៃ​តែ​គ្មាន​កម្លាំង​ជួយ​គាត់​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​ និង​ឲ្យ​គាត់​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​កិច្ច​ការ​ដែល​គាត់​ធ្វើ។