ប្រាជ្ញាញាណ (១២)

១រីឯ​ព្រះ​វិញ្ញាណ ដែល​គង់​នៅ​អស់​កល្ប​ជានិច្ច ក៏​ស្ថិត​នៅ​ក្នុង​សត្វ​លោក​ទាំង​នោះ​ដែរ!

ព្រះជាម្ចាស់ដាក់ទោសជនជាតិកាណាន

២បពិត្រ​ព្រះ​អម្ចាស់ ព្រះ​អង្គ​តែង​តែ​ស្តី​បន្ទោស​យ៉ាង​ទន់​ភ្លន់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រះ​អង្គ​ទូន្មាន​ពួកគេ ដោយ​រំលឹក​គេពី​អំពើ​បាប​របស់​ខ្លួន​  ដើម្បី​ឲ្យ​គេ​លះ​បង់​អំពើ​អាក្រក់​ហើយ​ងាក​មក​ជឿ​លើ​ព្រះ​អង្គ​វិញ​។ ៣ព្រះ​អង្គ​ធ្លាប់​ប្រព្រឹត្ត​ដូច្នេះ​  ចំពោះ​អ្នក​ដែល​រស់​នៅ​លើ​ទឹកដី​ដ៏​វិសុទ្ធ កាល​ពី​ជំនាន់​ដើម​។ ៤ព្រះ​អង្គ​ស្អប់​ពួកគេ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួកគេ​ធ្លាប់​ប្រព្រឹត្ត គឺ​មាន​មន្ត​អាគម​  និង​ពិធី​ដ៏​អាស្រូវ ៥សម្លាប់​ក្មេង​ដោយ​ឥត​ត្រា​ប្រណី យក​សាច់​ និង​ ឈាម​មក​ជប់​លៀង ហើយ​បរិភោគ​រហូត​ដល់​ពោះ​វៀន​ទៀត​ផង! ព្រះ​អង្គ​ចាប់​បក្ស​ពួកគេ​ទាន់​ក្នុង​ពិធី​ជប់​លៀង​ដ៏​អាក្រក់​នេះ។ ៦ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ ឲ្យ​ដូនតា​របស់​យើងខ្ញុំ​ប្រហារ​ជីវិត​ឪពុក​ម្តាយ​ទាំង​នោះ ដែល​បាន​សម្លាប់​កូន​របស់​ខ្លួន​ដោយ​គ្មាន​នរណា​ការពារ​។ ៧ដូច្នេះ​ទឹកដី​ដែល​ព្រះ​អង្គ​ស្រឡាញ់​ខ្លាំង​ជាង​ទឹកដី​ឯទៀតៗ សម​នឹង​ទទួល​បុត្រ​ធីតា​របស់​ព្រះ​អង្គ​អាស្រ័យ​នៅ។

៨ទោះបី​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​សំដែង​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​អ្នក​ទាំង​នោះ​ដែរ​ ព្រោះ​ពួកគេ​ជា​មនុស្ស! ព្រះ​អង្គ​ចាត់​ឳម៉ាល់​ឲ្យ​ទៅ​មុន​កង​ទ័ព​របស់​ព្រះ​អង្គ ដើម្បី​ប្រល័យ​ជីវិត​ពួកគេ​បន្តិច​ម្តង​ៗ។ ៩ព្រះ​អង្គ​ប្រយុទ្ធ​នឹង​ជន​ពាល​ទាំង​នោះ​  ហើយ​ប្រគល់​គេ ទៅក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​សុចរិត​ ឬ​ប្រើ​សត្វ​សាហាវ​ និង​ព្រះ​បន្ទូល​ដ៏​ឥត​ត្រា​ប្រណី​របស់​ព្រះ​អង្គ ឲ្យ​បំផ្លាញ​ពួកគេ​ក្នុង​មួយ​រំពេច​ក៏​បាន ១០ក៏​ប៉ុន្តែ​ព្រះ​អង្គ​ទុក​ឳកាស​ឲ្យ​ពួកគេ​កែប្រែ​ចិត្ត​គំនិត ដោយ​សំរេច​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ​  បន្តិច​ម្តង​ៗព្រះ​អង្គ​ជ្រាប​ថា ពួកគេ​ជា​ជាតិ​សាសន៍​ខិល​ខូច​តាំងពី​កំណើត​មក សេចក្តី​អាក្រក់​នៅ​ជាប់​ជាមួយ​ពួកគេ​តាំងពី​ដើម​រៀង​មក​ហើយ​ពួកគេ​មិន​កែ​ប្រែ​ចិត្ត​គំនិត​សោះ​ឡើយ! ១១ដ្បិត​ពួកគេ​ជា​ពូជ​សាសន៍​ដែល​ត្រូវ​បណ្តាសា តាំងពី​ដើម​ដំបូង​បង្អស់។ ព្រះ​អង្គ​មិន​បាន​ដាក់​ទោស​គេ​ភ្លាមៗ មិន​មែន​មកពី​ព្រះ​អង្គ​ខ្លាច​នរណា​ឡើយ។ ១២តើ​នរណា​ហ៊ាន​ទូល​ព្រះ​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ប្រព្រឹត្ត​ដូច្នេះ? តើ​នរណា​ហ៊ាន​ជំទាស់​នឹង​សេចក្តី​ដែល​ព្រះ​អង្គ​បាន​សំរេច? ពេល​ព្រះ​អង្គ​បំផ្លាញ​ជាតិ​សាសន៍​នានា​ដែល​ព្រះ​អង្គ​បាន​បង្កើត តើ​មាន​នរណា​ហ៊ាន​ចោទ​ប្រកាន់​ព្រះ​អង្គ? តើ​នរណា​ហ៊ាន​ប្តឹង​តទល់​នឹង​ព្រះ​អង្គ ដើម្បី​ការពារ​មនុស្ស​ទុច្ចរិត? ១៣ក្រៅពី​ព្រះ​អង្គ គ្មាន​ព្រះ​ណា​ផ្សេង​ដែល​យក​ព្រះ​ហឫ​ទ័យ​ទុកដាក់ នឹង​អ្វីៗ​ទាំង​អស់​នោះ​ឡើយ។ ព្រះ​អង្គ​ក៏មិន​ចាំបាច់​រាយ​ការណ៍​ឲ្យ​នរណា​ដឹងថា ព្រះ​អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិ​ធម៌​ដែរ។ ១៤គ្មាន​ស្តេច​ឬ​អ្នក​កាន់​អំណាច​ណា អាច​ជំទាស់​នឹង​ព្រះ​អង្គ ដើម្បី​ការពារ​អ្នក​ដែល​ព្រះ​អង្គ​ធ្វើ​ទោស​ទេ។ ១៥ដោយ​ព្រះ​អង្គ​សុចរិត ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វី​ៗទាំង​អស់ដោយ​សុចរិត។ ព្រះ​អង្គ​យល់ថា ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ​មិន​មែន​ប្រើ​សំរាប់​ដាក់​ទោស​មនុស្ស ដែល​គ្មាន​ទោស​ទេ។ ១៦ព្រះ​ចេស្តា​របស់​ព្រះ​អង្គ ជា​ប្រភព​នៃ​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​តែង​តែ​ប្រព្រឹត្ត​ចំពោះ​សត្វ​លោក ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស ដ្បិត​ព្រះ​អង្គ​ជា​ម្ចាស់​លើ​អ្វី​ៗទាំង​អស់។ ១៧មាន​តែ​អ្នក​កាន់​អំណាច​ផ្តាច់​ការ ដែល​ប្រជា​ជន​មិន​ទុក​ចិត្ត​ប៉ុណ្ណោះ​ទេ ទើប​ប្រើ​កម្លាំង​របស់​ខ្លួន​បង្រ្កាប​អ្នក​ទាំង​នោះ។ ១៨រីឯ​ព្រះ​អង្គ​វិញ ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដោយ​ឫទ្ធា​នុភាព ព្រះ​អង្គ​វិនិច្ឆ័យ​ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស ហើយ​ណែនាំ​យើង​ខ្ញុំ​ដោយ​ព្រះ​ហឫ​ទ័យ​ខន្តី​អត់​ធ្មត់។ ព្រះ​អង្គ​មាន​ឫទ្ធា​នុភាព​អាច​សំរេច​ការ​អ្វី​ទាំង​អស់ តាម​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ។ ១៩ព្រះ​អង្គ​ប្រព្រឹត្ត​ដូច្នេះ​ដើម្បី​បង្រៀន​ប្រជា​ជន​របស់​ព្រះ​អង្គ ឲ្យ​ដឹងថា​អ្នក​សុចរិត ត្រូវ​តែ​សំដែង​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក។ ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​មាន​សេចក្តី​សង្ឃឹម គឺទុក​ឳកាស​ឲ្យ​ពួកគេ​កែប្រែ​ចិត្ត​គំនិត ដោយ​លះបង់​អំពើ​បាប។ ២០ព្រះ​អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​នៃ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​  ដោយ​ព្រះ​ហឫ​ទ័យ​ខន្តី​អត់​ធ្មត់​ទោះបី ពួកគេ​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់​ក្តី​។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ​ទុក​ពេល​ និង​ឳកាស​ឲ្យ​ពួកគេ​លះបង់​អំពើ​អាក្រក់​។ ២១រីឯ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​វិញ ព្រះ​អង្គ​រឹត​តែ​ប្រោស​ប្រណី​ជាង​នេះ​ទៅ​ទៀត ព្រោះ​ព្រះ​អង្គ​បាន​ចង​សម្ព័ន្ធ​មេត្រី ជាមួយ​បុព្វ​បុរស​របស់​ពួកគេ​  ព្រម​ទាំង​សន្យា​យ៉ាង​ម៉ឺម៉ាត់​ថា នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​ពួកគេ។ ២២ព្រះ​អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​យ៉ាង​ស្រាល ដើម្បី​អប់រំ​យើង​ខ្ញុំ​ឲ្យ​នឹក​ដល់​ព្រះ​ហឫ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ នៅ​ពេល​ណា​យើងខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ​ហឫ​ទ័យ អាណិត មេត្តា​របស់​ព្រះ​អង្គ នៅ​ពេល​ណា​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ។ ២៣ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ធ្វើ​ទារុណ​កម្ម​មនុស្ស​ឆោត​ល្ងង់ ដែល​រស់​នៅ​តាម​របៀប​ទុច្ចរិត។ ព្រះ​អង្គ​ធ្វើ​ទុក្ខ​ទោស​ពួកគេ ដោយ​សារ​សត្វ​ដ៏គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួកគេ​គោរព​ថ្វាយ​បង្គំ។ ២៤ពួកគេ​វង្វេង​ជ្រុល ដោយ​នាំគ្នា​ចាត់​ទុក​សត្វ​ដ៏​ថោក​ទាប​ និង​គួរ​ឲ្យ​មើល​ងាយ​ជាង​គេ​ថា​ជា​ព្រះ​របស់​ខ្លួន! គេ​ចាញ់​បញ្ឆោត​ដូច​កូន​ក្មេង​ដែល​គេ​ឆោត​ល្ងង់។ ២៥ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ចំអក​ឲ្យ​គេ​ ដោយ​ដាក់​ទោស​ពួកគេ​ដូច​ដាក់​ទោស​ក្មេង​ដែល​មិន​ចេះ​គិត​គូរ។ ២៦ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ចាប់​អារម្មណ៍​នឹង​ទោស​ដ៏​ស្រាលៗ សំរាប់​កូន​ក្មេង​នេះ​  មុខជា​ទទួល​ទោស សម​នឹង​ការ​វិនិច្ឆ័យ​របស់​ព្រះ​ជា​ម្ចាស់។ ២៧ពួកគេ​ខក​ចិត្ត​នឹង​សត្វ​ដែល​ធ្វើ​ទុក្ខ​ពួកគេ​  ដោយ​ឃើញ​ថា សត្វ​ដែល​ពួកគេ​ចាត់​ទុក​ជា​ព្រះ​នោះ បែរ​ជា​ធ្វើ​ទោស​ពួកគេ​ទៅ​វិញ។ ដោយ​រង​ទុក្ខ​ដូច្នេះ ពួកគេ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ​  ដែល​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​កាល​ពីមុន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ដាក់​ទោស​គេ យ៉ាង​ធ្ងន់​បំផុត។