ប្រាជ្ញាញាណ (១១)

១ព្រះ​ប្រាជ្ញា​ញាណ​ប្រោស​ទាន ឲ្យ​កិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ជន​ជាតិ​អ៊ីស្រា​អែល​ធ្វើ បាន​ប្រកប​ដោយ​ជោគ​ជ័យ​ព្រោះ​តែ​ព្យាការី​ដ៏​វិសុទ្ធ​ម្នាក់។ ២ពួកគេ​ដើរ​កាត់​វាល​រហោ​ស្ថាន ជា​កន្លែង​គ្មាន​នរណា​រស់​នៅ​ហើយ​បោះ​ជំរំ​ នៅ​ក្នុង​ស្រុក ដែល​គ្មាន​នរណា​ដើរ​ជាន់ ៣ពួកគេ​អាច​តទល់​នឹង​ខ្មាំង​សត្រូវ ហើយ​រុញ​ច្រាន​បច្ចា​មិត្ត​របស់​ពួកគេ​ថែម​ទៀត​ផង។

ជនជាតិអ៊ីស្រាអែល និងជនជាតិអេស៊ីប
៤បពិត្រ​ព្រះ​អម្ចាស់ ជន​ជាតិ​អ៊ីស្រា​អែល​ស្រេក​ទឹក​យ៉ាង​ខ្លាំង​ គេ​នាំគ្នា​អង្វរ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​  ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ចំណោត​ថ្ម។ ថ្ម​មួយ​ដ៏រឹង​បញ្ចេញ​ទឹក​ឲ្យ​ពួកគេ​បរិភោគ បំបាត់​ការ​ស្រេក​ឃ្លាន។ ៥ដូច្នេះ​ទឹក​ដែល​បំផ្លាញ​ខ្មាំង​សត្រូវ​បាន​ត្រឡប់​ទៅ​ជា​អំណោយ​ទាន ជួយ​ពួកគេ​ក្នុគ្រា​ដែល​ពួកគេ​មាន​អាសន្ន។

៦ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​នីល ក្លាយ​ទៅ​ជាភក់​ លាយ​ដោយ​ឈាម​ជំនួស​ទឹក​ដែល​តែង​តែ​ហូរ​ជា​ប្រ​ក្រតី ៧ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ទារក​នៃ​ប្រជា​ជន​របស់​ព្រះ​អង្គ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ប្រទាន​ទឹក​បរិបូណ៌​ឲ្យ​ជន​ជាតិ​អ៊ីស្រា​អែល​បរិភោគ នៅ​ពេល​ពួកគេ​អស់​សង្ឃឹម។ ៨ក្នុង​ពេល​ពួកគេ​ស្រេក​ទឹក ព្រះ​អង្គ​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​អំពី​របៀប​ដែល​ព្រះ​អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​ពួកគេ។ ៩ព្រះ​អង្គ​ល្បង​ល​ពួកគេ ហើយ​វាយ​ប្រដៅ​ពួកគេ​ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា ដូច្នេះ​ ពួកគេ​ស្គាល់​ទុក្ខ​លំបាក ដែល​ជន​ពាល​តែង​ទទួល​ នៅ​ពេល​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ។ ១០ព្រះ​អង្គ​ល្បង​ល​ប្រជា​ជន​របស់​ព្រះ​អង្គ ដូច​ឪពុក​ទូន្មាន​កូន។ រីឯ​ជន​ជាតិ​នោះ​វិញ​ ព្រះ​អង្គ​ដាក់​ទោស​ពួកគេ ដូច​ស្តេច​ដាក់​ទោស​ឥត​ត្រា​ប្រណី​ឡើយ។ ១១ទោះបី​ពួកគេ​នៅ​ឆ្ងាយ​ ឬ​នៅ​ជិត​ប្រជា​ជន​ព្រះ​អង្គ​ក្តី​ក៏​ពួកគេ​រង​ទុក្ខ​វេទនា​ដដែល។ ១២ពួកគេ​មាន​ទុក្ខ​កង្វល់ ពីរ​យ៉ាង គឺ​ម្យ៉ាង​ពួកគេ​ថ្ងូរ​ដោយ​នឹក​ដល់​ព្រឹត្ត​ការណ៍​ដែល​កើត​មាន​ចំពោះ​ពួកគេ ១៣ហើយ​ម្យ៉ាង​ទៀត​ពួកគេ​ទទួល​ដំណឹង​ថា ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អ៊ីស្រា​អែល ដោយ​សារ​ទឹក​ដែល​ព្រះ​អង្គ​បាន​ប្រើ​សំរាប់​ដាក់​ទោស​ពួកគេ។ ពេល​នោះ​ពួកគេ​យល់​ឃើញ​ថា ព្រះ​អម្ចាស់​ពិត​ជា​បាន​ធ្វើ​អន្តរា​គមន៍​មែន​។ ១៤ពួកគេ​ស្រេក​ទឹក​តាម​របៀប​ប្លែក​ពី​មនុស្ស​សុចរិត​។ កាល​ព្រឹត្ត​ការណ៍​ទាំង​នោះ​កន្លង​ផុត​ទៅ​  ពួកគេ​ស្រឡាំង​កាំង ដោយ​ឃើញ​លោក​ម៉ូសេ​ដែល​ពួកគេ​បំបរ​បង់​ចោល និង​បណ្តេញ​ចេញ​ទាំង​ចំអក​ឡក​ឡឺយ​ថែម​ទៀត​ផង។

ព្រះជាម្ចាស់ដាក់ទោស​អ្នកដែលគោរពសត្វទុកជាព្រះរបស់ខ្លួន
១៥បពិត្រ​ព្រះ​អម្ចាស់! ពួកគេ​មាន​គំនិត​លេលា​មក​ពីគេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួកគេ​វង្វេង​  រហូត​ដល់​ទៅ​គោរព​បំរើ​ឧរង្គ​សត្វ ដែល​គ្មាន​គំនិត​  និង សត្វ​ដ៏​ថោក​ទាប។ ហេតុ​នេះ​ព្រះ​អង្គ​ចាត់​សត្វ​ជា​ច្រើន​ឥត​គណានា ជា​សត្វ​ដែល​មិន​ដឹង​ខុស​ត្រូវ​ ឲ្យ​ធ្វើ​ទោស​ពួកគេ ១៦ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា មនុស្ស​យើង​រមែង​រង​ទុក្ខ​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។  ១៧ដោយ​ព្រះ​បារមី និង​ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ​ដែល​អាច​ធ្វើ​អ្វីៗសព្វ​សារពើ ព្រះ​អង្គ​បាន​យក​ធាតុ​ដែល​គ្មាន​រូបរាង​មក​បង្កើត​ពិភព​លោក។ ដូច្នេះ​ព្រះ​អង្គ​ក៏មិន​ពិបាក​ចាត់​ខ្លា​ឃ្មុំ ឬ​សិង្ហ​ដ៏​សាហាវ ច្រើន​ឥត​គណនា ឲ្យ​ទៅ​ធ្វើ​ទោស​ពួកគេ​ឡើយ។

១៨ព្រះ​អង្គ​អាច​បង្កើត​សត្វ​ដ៏​សំបើម និង​សាហាវ​បំផុត ដែល​គ្មាន​នរណា​ធ្លាប់​ស្គាល់ ហើយ​ព្រោះ​ភ្លើង​មក​ឆាប​ឆេះ​ពួកគេ ឬ​ផ្លុំ​ផ្សែង​ដ៏​ខ្មួល​ខ្មាញ់ និង​ បញ្ចេញ​ផ្លេក​បន្ទោរ​គួរ​ឲ្យ​ស្ញែង​ខ្លាច តាម​ភ្នែក។  ១៩សត្វ​ទាំង​នោះ​មិន​បាច់​បំផ្លាញ​ពួកគេ​ទេ គ្រាន់​តែ​ពួកគេ​ឃើញ ក៏​ត្រូវ​បាត់​បង់​ជីវិត​ដោយ​ភ័យ​ខ្លាច​ហួស​ហេតុ។ ២០ទោះបី​ព្រះ​អង្គ​មិន​ប្រើ​សត្វ​សំបើម​ទាំង​នោះ​ក្តី ក៏​ព្រះ​អង្គ​អាច​ផ្តួល​រំលំ​ពួកគេ​ដោយ​ខ្យល់​ដង្ហើម​របស់​ព្រះ​អង្គ​ដែរ។ សេចក្តី​សុចរិត និង​  ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ ដេញ​តាម​ប្រហារ​ពួកគេ​ឲ្យ​វិនាស​ខ្ចាត់​ខ្ចាយ​។ ប៉ុន្តែ​ព្រះ​អង្គ​ចាត់​ចែង​អ្វីៗទាំង​អស់ ដោយ​មាន​កំរិត និង​របៀប​រៀប​រយ។

២១ព្រះ​អង្គ​អាច​ប្រើ ព្រះ​ចេស្តា​ដ៏ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​នៅ​ពេល​ណា​ក៏​ដោយ។ គ្មាន​នរណា​អាច​តទល់​នឹង​ព្រះ​បារមី​ដ៏​ខ្លាំង​ក្លា របស់​ព្រះ​អង្គ​បាន​ទេ។ ២២នៅ​ចំពោះ​ព្រះ​ភ៏ក្រ្ត​ព្រះ​អង្គ ពិភព​លោក​ទាំង​មូល​ប្រៀប​ដូចជា​ធូលី​ដី​ក្នុង​ជញ្ជីង ឬ​ដូច​តំណក់​ទឹក​សន្សើម​ដែល​ធ្លាក់​មក​លើ​ផែន​ដី នៅ​ពេល​ព្រលឹម។ ២៣ព្រះ​អង្គ​អាណិត​អាសូរ​មនុស្ស​ទាំង​អស់​ ព្រោះ​ព្រះ​អង្គ​មាន​ឫទ្ធា​នុភាព​អាច​សំរេច​កិច្ច​ការ​ទាំង​អស់ ព្រះ​អង្គ​មិន​ប្រកាន់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ​  ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​គំនិត​។ ២៤ព្រះ​អង្គ​ស្រឡាញ់​សត្វ​លោក​ទាំង​អស់ មិន​ស្អប់​ខ្ពើម​សត្វ​លោក​ណា​មួយ​  ដែល​ព្រះ​អង្គ​បាន​បង្កើត​សោះ​ឡើយ។ ប្រសិន​បើ​ព្រះ​អង្គ​ស្អប់​សត្វ​លោក​ណា​មួយ ព្រះ​អង្គ​មិន​បង្កើត​សត្វ​នោះ​ទេ!

២៥ប្រសិន​បើ​ព្រះ​អង្គ​មិន​សព្វ​ព្រះហឫ​ទ័យ​បង្កើត​ទេ​នោះ​តើ​មាន​សត្វ​លោក​ណា​អាច​រស់​នៅ​បាន?  ប្រសិន​បើ​ព្រះ​អង្គ​មិន​ហៅ​ឲ្យ​កើត​មក​ទេ តើ​សត្វ​លោក​នោះ​អាច​នៅ​ស្ថិត​ស្ថេរ​ដូច​ម្តេច​បាន?   ២៦បពិត្រ​ព្រះ​អម្ចាស់​ដែល​ស្រឡាញ់​ជីវិត ព្រះ​អង្គ​សំដែង​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​សត្វ​លោក​ទាំង​អស់ ដ្បិត​សត្វ​លោក​សុទ្ធ​តែ​ជា​កម្ម​សិទ្ធ​របស់​ព្រះ​អង្គ។