ប្រាជ្ញាញាណ (១០)

នាទីរបស់ព្រះប្រាជ្ញាញាណ ក្នុងប្រវត្តិសាស្រ្ត
១ព្រះ​ប្រាជ្ញា​ញាណ​ថែរក្សា​ ការពារ​បិតា​របស់​មនុស្ស​ជាតិ​ដែល​ព្រះ​ជា​ម្ចាស់​បាន​សូន​មុន​គេ ក្នុង​គ្រា​ដែល​គាត់​នៅ​តែ​ម្នាក់​ឯង។ បន្ទាប់​មក​ព្រះ​ប្រាជ្ញា​ញាណ​បាន​រំដោះ​គាត់​ឲ្យរួចពី​អំពើ​បាប​ដែល​គាត់​ប្រព្រឹត្ត​។ ២ហើយ​ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​គ្រប់​គ្រង​លើអ្វី​ៗទាំង​អស់។

៣ប៉ុន្តែ មនុស្ស​ទុច្ចរិត​ម្នាក់​បាន​ងាក​ចេញ​ពី​ព្រះ​ប្រាជ្ញា​ញាណ ​ដោយ​កំហឹង​បាំង​មុខ ​ហើយ​ត្រូវ​អន្តរាយ​ខ្លួន​ឯង ​ព្រោះ​តែបាន​សម្លាប់​ប្អូន​យ៉ាង​ឃោរ​ឃៅ​។ ៤ដោយ​សារ​កំហុស​របស់​គាត់ ទឹក​បាន​ជន់​លិច​ផែន​ដី តែ​ព្រះ​ប្រាជ្ញា​ញាណ​សង្រ្គោះ​ផែនដី​ហើយ​ណែនាំ​មនុស្ស​សុចរិត​ម្នាក់​ដែល​នៅក្នុង​ទូក​ធ្វើ​ពី​ឈើ​ធម្មតា។

៥ពេល​ប្រជា​ជាតិ​ទាំង​ឡាយ រួមគ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ព្រះ​អង្គ​បំភ័ន្ត​ភាសា​របស់​ពួកគេ​ឲ្យ​និយាយ​លែង​ស្តាប់​គ្នា​បាន​ ព្រះ​ប្រាជ្ញា​ញាណ​ក៏​ទទួល​ស្គាល់​មនុស្ស​សុចរិត​ម្នាក់​ និង​រក្សា​គាត់​មិន​ឲ្យ​មាន​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​ភ៏ក្រ្ត​ព្រះ​ជា​ម្ចាស់។ ព្រះ​ប្រាជ្ញា​ញាណ​ប្រោស ឲ្យ​គាត់​មាន​កម្លាំង​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់ ទោះបី​គាត់​មាន​ចិត្ត​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​កូន​របស់​ខ្លួន​ដ៏ដោយ។

៦នៅ​ពេល​ភ្លើង​ធ្លាក់​លើ​ក្រុង​ទាំង​ប្រាំ​ មនុស្ស​ពាល​ត្រូវ​វិនាស តែ​ព្រះ​ប្រាជ្ញា​ញាណ​សង្រ្គោះ​មនុស្ស​សុចរិត ដោយ​ធ្វើ​ឲ្យ​គាត់​រត់​ផុត​ពីមុខ​ភ្លើង។  ៧រហូត​មក​ដល់​សព្វ​ថ្ងៃ កន្លែង​នោះ​នៅ​តែមាន​ដី​ហួត​ហែង​ចេញ​ផ្សែង រុក្ខ​ជាតិ​មាន​ផ្លែ​មិន​ចេះ​ទុំ និង​មាន​បង្គោល​អំបិល​បញ្ឈរ​ទុក​ជាទី​រំលឹក​ដល់​អ្នក​ដែល​មិន​ព្រម​ជឿ។ ៨អស់​អ្នក​ដែល​បាន​មើល​ងាយ​ព្រះ​ប្រាជ្ញា​ញាណ មិន​គ្រាន់​តែ​គ្មាន​លទ្ធ​ភាព​ស្គាល់ល្អ​ស្គាល់​អាក្រក់​ប៉ុណ្ណោះ​ទេ ពួកគេ​ថែម​ទាំង​បន្សល់​ទុក​នូវ​ស្តូប​មួយ​ដែល​រំលឹក​ពីភាព​លេលា​របស់​ខ្លួន​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដឹង​ទៀត​ផង ធ្វើ​ដូច្នេះ​គ្មាន​នរណា​អាច​បំភ្លេច​កំហុស​របស់​ពួកគេ​បាន​ឡើយ។   ៩រីឯ​អ្នក​បំរើ​របស់​ព្រះ​ប្រាជ្ញា​ញាណ​វិញ ព្រះ​អង្គ​បាន​រំដោះ​ពួកគេ​ឲ្យ​រួចពី​ទុក្ខ​លំបាក។

១០មាន​មនុស្ស​សុចរិត​ម្នាក់ រត់​គេច​ពីបង​របស់​គាត់ ដែល​កំពុង​ខឹង​ព្រះ​ប្រាជ្ញា​ញាណ​ណែនាំ​គាត់​ ឲ្យ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ ហើយ​បង្ហាញ​ឲ្យ​ស្គាល់​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់ និង​អ្វីៗ​ដ៏វិសុទ្ធ។ ព្រះ​ប្រាជ្ញា​ញាណ​ក៏​ប្រោស​ប្រទាន ឲ្យ​ការ​នឿយ​ហត់​របស់​គាត់​ទទួល​ផល​បរិបូណ៌​ និង​ឲ្យ​គាត់​ចំរើន​ទ្បើង។ ១១ព្រះ​ប្រាជ្ញា​ញាណ​ជួយ​គាំទ្រ​គាត់ ប្រឆាំង​នឹង​ការ​លោភ​លន់​របស់​អ្នក​ដែល​សង្កត់​សង្កិន​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​ទៅ​ជា​អ្នក​មាន។ ១២ព្រះ​ប្រាជ្ញា​ញាណ​ការ​ពារ​គាត់​ឲ្យ​រួចពី​ខ្មាំង​សត្រូវ និង​ធ្វើ​ឲ្យ​គាត់​ចៀស​ផុត​ពីអ្នក​ដែល​ដាក់​អន្ទាក់​គាត់។ ព្រះ​ប្រាជ្ញា​ញាណ​ក៏​ប្រកាស​ថា គាត់​មាន​ជ័យ​ជំនះ​ នៅ​ពេល​បោក​ចំបាប់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​គាត់​ដឹងថា​ការ​គោរព​ប្រណិ​ប័តន៍​ព្រះ​ជា​ម្ចាស់ មាន​ឫទ្ធា​នុភាព​លើស​អ្វី​ៗទាំង​អស់។

១៣នៅ​ពេល​មនុស្ស​សុចរិត​ត្រូវ​គេ​លក់ ព្រះ​ប្រាជ្ញា​ញាណ​មិន​បោះ​បង់​ចោល​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ​  ព្រះ​អង្គ​បាន​រំដោះ​គាត់​ឲ្យ​រួចពី​អំពើ​បាប។ ១៤នៅ​ពេល​គាត់​ជាប់​ឃុំ​ឃាំង ព្រះ​ប្រាជ្ញា​ញាណ​មិន​បោះ​បង់​គាត់​ឡើយ ព្រះ​អង្គ​ចុះ​ទៅ​ក្នុង​រណ្តៅ​ជា​មួយ​គាត់​  រួច​ប្រោស​ប្រទាន ឲ្យ​គាត់​មាន​អំណាច​ដូច​ស្តេច​  ព្រម​ទាំង​ឲ្យ​គាត់​ត្រួត​ត្រា​លើ​អស់​អ្នក ដែល​បាន​ធ្វើ​បាប​គាត់។ ដូច្នេះ​ព្រះ​ប្រាជ្ញា​ញាណ​បញ្ជាក់​ច្បាស់​ថា​ អស់​អ្នក​ចោទ​ប្រកាន់​គាត់​ ពិត​ជា​ជន​ភូតភរ ហើយ​ប្រទាន ឲ្យ​គាត់​ទទួល​សិរី​រុងរឿង​អស់​កល្ប​ជានិច្ច​ទៀត​ផង។

១៥ព្រះ​ប្រាជ្ញា​ញាណ​បាន​រំដោះ ប្រជា​ជន​ដ៏​វិសុទ្ធ​ គឺ​ពូជ​ដ៏ឥត​សៅ​ហ្មង ឲ្យ​រួចពី​ប្រជា​ជាតិ​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​ពួកគេ។ ១៦ព្រះ​ប្រាជ្ញា​ញាណ​បាន​យាង​មក​សណ្ឋិត ក្នុង​ចិត្ត​នៃ​អ្នក​បំរើ​មួយរូប​របស់​ព្រះ​អម្ចាស់ ហើយ​ប្រឆាំង​នឹង​ស្តេច​ដ៏គួរ​ស្ញែង​ខ្លាច​ទាំង​ឡាយ ដោយ​សំដែង​ឫទិ្ធ​បាដិ​ហារិយ៍ និង​ទី​សំគាល់​ដ៏​អស្ចារ្យ។ ១៧ព្រះ​ប្រាជ្ញា​ញាណ​ប្រទាន​រង្វាន់​ឲ្យ​ប្រជា​ជន​ដ៏​វិសុទ្ធ ដែល​បាន​ធ្វើ​ការ​នឿយ​ហត់ ព្រម​ទាំង​នាំ​ពួកគេ​ឲ្យ​ដើរ​តាម​ផ្លូវ​ដ៏​អស្ចារ្យ។ ព្រះ​អង្គ​ធ្វើ​ជា​ម្លប់​ដល់​ពួកគេ នៅ​ពេល​ថ្ងៃ ហើយ​ធ្វើ​ជា​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​ដូច​ហ្វូង​តារា​នៅ​ពេល​យប់។ ១៨ព្រះ​ប្រាជ្ញា​ញាណ​នាំ​ពួកគេ​ដើរ​កាត់​សមុទ្រ​ក្រហម​ គឺ​ឲ្យ​គេ​ដើរ​នៅ​ចន្លោះ​កណ្តាល​មហា​សាគរ។ ១៩តែ​ព្រះ​អង្គ​ពន្លិច​ខ្មាំង​សត្រូវ​របស់​ពួកគេ​ រួច​ឲ្យ​សមុទ្រ​ដ៏​ជ្រៅ​ខ្ជាក់​សាក​សព​ខ្មាំង​ទាំង​នោះ​មក​វិញ។ ២០ហេតុ​នេះ​ហើយ​បាន​ជា​ជន​សុចរិត​រឹប​អូស យក​សម្បត្តិ​របស់​ជន​ពាល​។ បពិត្រ​ព្រះ​អម្ចាស់​ ពួកគេ​ច្រៀង​សរសើរ​ព្រះ​នាម​ដ៏​វិសុទ្ធ​បំផុត​របស់​ព្រះ​អង្គ ហើយ​រួមគ្នា​លើក​តម្កើង​ព្រះ​បារមី​របស់​ព្រះ​អង្គ​ដែល​បាន​ការ​ពារ​ពួកគេ។ ២១ព្រះ​ប្រាជ្ញា​ញាណ​ប្រោស​មនុស្ស​គ​ឲ្យ​និយាយ​បាន ហើយ​ធ្វើ​ឲ្យ​ទារក​និយាយ​យ៉ាង​ច្បាស់។