ប្រាជ្ញាញាណ (០១)

របស់​ព្រះ​បាទសា​ឡូម៉ូន​

សេចក្តី​សុចរិត​ជា​ប្រភព​នៃ​ជីវិត
១អស់​អ្នក​គ្រប់​គ្រង​ផែន​ដី​អើយ​!ចូ​ស្រឡាញ់​សេចក្តី​សុចរិត! ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​អម្ចាស់! ចូរ​ស្វែង​រក​ព្រះ​អង្គ​ដោយ​ចិត្ត​ស្មោះ​សរ ២ដ្បិត​អស់​អ្នក​ដែល​មិន​ល្បង​ល​ព្រះ​អង្គ​ ព្រះ​អង្គ​ប្រទាន​ឲ្យ​គេ​រក​ព្រះ​អង្គ​ឃើញ​ អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ​អង្គ​ ក៏​ព្រះ​អង្គ​សំដែង​ឲ្យ​គេ​ស្គាល់​ដែរ​។ ៣គំនិត​វៀច​វេរ​រមែង​នាំ​ឲ្យ​មនុស្ស​ ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ រីឯ​មនុស្ស​ឆោត​ល្ងង់​ដែល​ចង់​ល្បងល​ ឫទ្ធា​នុភាព​របស់​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​គេ​បិទ​មាត់។

៤ព្រះ​ប្រាជ្ញា​ញាណ មិន​យាង​ទៅ​សណ្ឋិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ហើយ​ក៏​មិន​គង់​នៅក្នុង​ខ្លួន​របស់​អ្នក ដែល​ជាប់​បាប​ដែរ។   ៥ព្រះ​ប្រាជ្ញា​ញាណ ជា​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​អប់រំ​មនុស្ស។ ព្រះ​អង្គ​មិន​គង់​នៅ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ពីរ ព្រះ​អង្គ​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ដែល​មាន​គំនិត​លេលា ហើយ​មិន​សព្វ​ព្រះ​ហឫ​ទ័យ​នឹង​អំពើ​ទុច្ច​រិត​ឡើយ។

៦ព្រះ​ប្រាជ្ញា​ញាណ តែង​តែ​ស្រឡាញ់​រាប់​អាន​មនុស្ស​ ប៉ុន្តែ​ព្រះ​អង្គ​បាន​ដាក់​ទោស​អ្នក​ដែល​និយាយ​ប្រមាថ​ព្រះ​ជា​ម្ចាស់។ ព្រះ​ជា​ម្ចាស់​ឈ្វេង​យល់​ជំរៅ​ចិត្ត​របស់​មនុស្ស ព្រះអង្គ​ជ្រាប​គំនិត​របស់​គេ​យ៉ាង​ច្បាស់ ហើយ​ទ្រង់​ព្រះ​សណ្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​និយាយ។ ៧ព្រះ​វិញ្ញាណ​របស់​ព្រះ​អម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល ព្រះ​អង្គ​ធ្វើ​ឲ្យ​អ្វី​ៗទាំង​អស់​ ភ្ជាប់​ជា​មួយគ្នា​យ៉ាង​ស្អិត​ល្មួត ហេតុ​នេះ​ហើយ ​បាន​ជា​ព្រះ​អង្គ​ជ្រាប​ពាក្យ​សំដី​ទាំង​អស់​ដែល​មនុស្ស​និយាយ។ ៨នរណា​និយាយ​ពាក្យ​អាក្រក់​ គេ​មិន​អាច​លាក់​ពី​ព្រះ​អង្គ​បាន​ឡើយ​ គេ​ត្រូវ​តែ​ទទួល​ទោស​តាម​អំពើ​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ៩ព្រះ​អម្ចាស់​នឹង​បញ្ជា​ឲ្យ​គេ​ពិនិត្យ​មើល​ចំណង​របស់​ជន​ពាល ហើយ​គេ​នឹង​នាំ​ពាក្យ​សំដី​របស់​ជន​ពាល​នោះ​ទៅ​ទូល​ព្រះអង្គ ព្រះអង្គ​នឹង​ដាក់​ទោស​ជន​ពាល​តាម​អំពើ​អាក្រក់ ដែល​ខ្លួន​ប្រព្រឹត្ត។ ១០ព្រះ​ជាម្ចាស់​ផ្ទៀង​ព្រះ​កាណ៌ ស្តាប់​អ្វី​ៗទាំង​អស់ សូម្បី​តែ​ពាក្យ​ខ្សឹប ក៏​ព្រះអង្គ​ព្រះ​សណ្តាប់​ឮដែរ។ ១១ហេតុ​នេះ​ហើយ ចូរ​កុំរិះ​គន់គ្នា​ដោយ​ឥត​បាន​ការ​ឡើយ​ ចូរ​ទប់​មាត់​កុំ​និយាយ​ដើម​គេ ដ្បិត​ពាក្យ​ដែល​និយាយ​ដោយ​ស្ងាត់ៗ ក៏​បង្ក​ឲ្យ​កើត​ជា​រឿង​បាន​ដែរ។ អ្នក​និយាយ​មួល​បង្កាច់​គេ​រមែង​បណ្តាល​ឲ្យ​ខ្លួន​ឯង​វិនាស។

១២កុំ​រត់​រក​សេចក្តី​ស្លាប់ ដោយ​ប្រព្រឹត្ត​អំពើ​ពាលា​ឡើយ ហើយ​ក៏​កុំ​ប្រព្រឹត្ត​អំពើ​ដែល​បណ្តាល​ឲ្យ​ខ្លួន​អន្ត​រាយ​ដែរ។ ១៣ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​សេចក្តី​ស្លាប់​ទេ ព្រះ​អង្គ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​សត្វ​លោក​បាត់​បង់​ដែរ។ ១៤ព្រះ​អង្គ​បង្កើត​អ្វី​ៗទាំង​អស់​ឲ្យ​នៅ​ស្ថិត​ស្ថេរ។ អ្វី​ៗដែល​ព្រះ​អង្គ​ធ្វើ​ឲ្យ​មាន​ក្នុង​លោក​នេះ សុទ្ធ​តែ​ផ្តល់​ផល​ប្រយោជន៍​សំរាប់​ជីវិត​ក្នុង​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ គ្មាន​ជាតិ​ពុល​អ្វី​ដែល​បណ្តាល​ឲ្យ​វិនាស​ឡើយ ហើយ​មច្ចុ​រាជ​ក៏​គ្មាន​អំណាច​គ្រង​រាជ្យ​លើ​ផែន​ដី​ដែរ។ ១៥ដ្បិត​សេចក្តី​សុចរិត​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។

ការ​រិះ​គិត​របស់​ជន​ពាល
១៦ជន​ពាល​តែង​ហៅ​រក​មច្ចុរាជ ដោយ​សារ​ពាក្យ​សំដី​ដែល​ខ្លួន​និយាយ និង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ពួក​គេ​ស្រឡាញ់​មច្ចុរាជ​ខ្លាំង​ណាស់ ហើយ​ស្មាន​ថា​មច្ចុរាជ​ជា​មិត្ត​សម្លាញ់​របស់​ខ្លួន។ ពួក​គេ​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ​មច្ចុ​រាជ ពិត​មែន​ហើយ ពួកគេ​សម​នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មច្ចុរាជ!