លោកតូប៊ីត (០៤)

​បណ្ដាំ​របស់​លោក​តូប៊ីត
១​នៅ​ថ្ងៃ​នោះ លោក​តូប៊ីត​នឹក​ឃើញ​ដល់​ប្រាក់​ដែល​គាត់​បាន​ផ្ញើ​ទុក ​នឹង​​លោក​កាបា​អែល ក្នុង​ក្រុង​រ៉ាកែស នៅ​ស្រុក​ម៉ែដ។ ២​គាត់​គិត​ថា «ខ្ញុំ​សូម​ព្រះជាម្ចាស់​ដក​ជីវិត​ខ្ញុំ​រួច​ហើយ មុន​ពេល​ខ្ញុំ​បាត់​បង់​ជីវិត ខ្ញុំ​គួរ​ហៅ​កូន​ខ្ញុំ​មក​ប្រាប់​ឲ្យ​ដឹង​ពី​ប្រាក់​នោះ»។ ៣​គាត់​ហៅ​តូប៊ីយ៉ា ជា​កូន​មក​ហើយ​ប្រាប់​ថា៖​​«កូន​ប្រុស​អើយ! នៅ​ពេល​ពុក​ចែក​ស្ថាន​ទៅ ចូរ​កូន​យក​សព​ពុក​ទៅ​បញ្ចុះ ឲ្យ​បាន​សម​រម្យ​ផង! ចូរ​គោរព​ម្ដាយ​កូន! ចូរ​ថែ​រក្សា​ម្ដាយ​អស់​មួយ​ជីវិត​របស់​គាត់ កុំ​បោះ​បង់​ចោល​គាត់​ឡើយ! ចូរ​ខិត​ខំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​សប្បាយ​ចិត្ត! កុំ​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ម្ដាយ​ព្រួយ​ចិត្ត កូន​អើយ! សូម​នឹក​ថា​ម្ដាយ​ទ្រាំ​នូវ​ទុក្ខ​លំបាក ពេល​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​របស់​គាត់។ ពេល​ម្ដាយ​បាត់​បង់​ជីវិត ចូរ​យក​សព​របស់​គាត់ ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ជាមួយ​ពុក។ ៥​កូន​អើយ! ចូរ​កូន​នឹក​ដល់​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​របស់​កូន កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ឬ​បំពាន​វិន័យ​របស់​ព្រះ​អង្គ​ឡើយ! ចូរ​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​កូន។ កុំ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ ៦​ដ្បិត​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត តែង​បាន​ចម្រុងចម្រើន​ឡើង ក្នុង​គ្រប់​កិច្ច​ការ​របស់​ខ្លួន ៧​ចូរ​យក​សម្បត្តិ​របស់​ខ្លួន ​ដាក់​ទាន​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ តាម​សេចក្ដី​សុចរិត។ ពេល​កូន​ដាក់​ទាន ចូរ​កុំ​នឹក​ស្ដាយ​ឲ្យ​សោះ! ចូរ​កូន​កុំ​ងាក​ចេញ​ពី​ជន​ក្រីក្រ នោះ​ព្រះជាម្ចាស់​ក៏​មិន​បែរ​ព្រះភ័ក្រ្ត​ចេញ​ពី​កូន​ដែរ។ ៨​ចូរ​ដាក់​ទាន​តាម​លទ្ធ​ភាព និង​តាម​ទ្រព្យ​សម្បត្តិ​របស់​កូន។ ប្រសិន​បើ​កូន​មាន​សម្បត្តិ​តិច ចូរ​កុំ​ខ្លាច​យក​អ្វីៗ​ដ៏​តិច​តួច​នោះ​ទៅ​ចែក​ទាន​ដល់​គេ​ឡើយ។ ៩ ធ្វើ​ដូច្នេះ​កូន​នឹង​សន្សំ​សម្បត្តិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា សម្រាប់​ថ្ងៃ​ដែល​កូន​មាន​ទុក្ខ​វេទនា ១០​ព្រោះ​ទាន​តែង​តែ​រំដោះ​មិន​ឲ្យ​ស្លាប់ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត ១១​អស់​អ្នក​ដែល​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ ហាក់​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ដ៏​ប្រសើរ ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

១២កូន​អើយ‌‌! ចូរ​កុំ​រៀប​អាពាហ៍ពិពាហ៍​ខុស​ធម្ម​វិន័យ! ជា​បឋម ចូរ​កូន​ដណ្ដឹង​កូន​ស្រី ក្នុង​ពង្ស​របស់​យើង។ កុះ​យក​ប្រពន្ធ​ជា​សាសន៍​ដទៃ​ឡើយ គឺ​ប្រពន្ធ​ដែល​មិន​ជាប់​នឹង​កុលសម្ព័ន្ធ​របស់​យើង ព្រោះ​យើង​ជា​កូន​ចៅ​អស់​លោក​ព្យាការី។ ចូរ​កូន​នឹក​ដល់​លោក​ណូអេ លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប​ជា​បុព្វ​បុរស​របស់​យើង។ តាំង​ពី​បូរាណ​កាល​មក បុព្វ​បុរស​បាន​យក​ភរិយា​ក្នុង​ចំណោម​សាច់​ញាតិ​របស់​គាត់។ ដូច្នេះ​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​អស់​លោក​មាន​កូន​ចៅ​និង​កាន់​កាប់​ទឹកដី​ទុក​ដូច​ជា​មត៌ក​ផង។ ១៣​កូន​អើយ! ចូរ​ស្រឡាញ់​បង​ប្អូន​សាច់​ញាតិ​ឲ្យ​ខ្លាំង​ជាង​គេ! កុំ​វាយ​ឫក​ដាក់​បង​ប្អូន កូន​ប្រុស កូន​ស្រី ដែល​ជា​ជន​រួម​ឈាម​របស់​កូន រហូត​ដល់​មិន​យក​ភរិយា ក្នុង​ចំណោម​ជន​ជាតិ​របស់​ខ្លួន។ អ្នក​វាយ​ឫក​ខ្ពស់​មុខ​ជា​ត្រូវ​អន្តរាយ ហើយ​ត្រូវ​ខក​ចិត្ត រីឯ​អ្នក​ខ្ជិល​រមែង​ក្រ​តោក​យ៉ាក​បំផុត ដ្បិត​ការ​ខ្ជិល​ជា​ប្រភព​នៃ​ការ​អត់​ឃ្លាន។ ១៤​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ គឺ​ត្រូវ​បើក​ឈ្នួល​ឲ្យ​គេ​ភ្លាម។ ប្រសិន​បើ​កូន​បម្រើ​ព្រះជាម្ចាស់ ព្រះ​អង្គ​មុខ​ជា​សង​ឲ្យ​កូន​វិញ​ពុំខាន។ ចូរ​ប្រយ័ត្ន​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ប្រព្រឹត្ត ហើយ​កាន់​កិរិយា​មារយាទ ជា​អ្នក​ទទួល​ការ​អប់រំ​ល្អ។ ១៥​អ្វីៗ​ដែល​កូន​មិន​ចូល​ចិត្ត ចូរ​កូន​កុំ​ធ្វើ​ការ​នោះ​លើ​អ្នក​ដទៃ​ឲ្យ​សោះ!។ ១៦ ចូរ​ចែក​អាហារ​របស់​កូន​ដល់​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក​បំពាក់​ដល់​អ្នក​ដែល​គ្មាន​ផង។ ចូរ​យក​អ្វីៗ​ដែល​លើស​ពី​សេចក្ដី​ត្រូវការ​របស់​កូន​ ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រីក្រ។ ពេល​ណា​កូន​ធ្វើ​ទាន ចូរ​កុំ​នឹក​ស្ដាយ​ក្រោយ​ឲ្យ​សោះ! ១៧​ចូរ​យក​អាហារ​ទៅ​ឲ្យ​អ្នក​កំពុង​យំ​កាន់​ទុក្ខ​មនុស្ស​សុចរិត​ស្លាប់ ប៉ុន្តែ កុំ​យក​អាហារ ទៅ​ឲ្យ​មនុស្ស​ទុច្ចរិត​ ស្លាប់​ឡើយ! ១៨​ចូរ​សួរ​យោបល់​ពី​អ្នក​ប្រាជ្ញ ហើយ​កុំ​មើល​ងាយ​អ្នក​ដែល​ផ្ទល់​យោបល់​ល្អ។ ១៩​ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​គ្រប់​កាលៈទេសៈ ចូរ​ទូល​អង្វរ​ព្រះ​អង្គ​ឲ្យ​តម្រង់​ផ្លូវ​កូន និង​ប្រោស​ឲ្យ​កូន​បាន​សម្រេច​គ្រប់​កិច្ចការ គ្រប់​គម្រោង​ការណ៍​របស់​កូន។ គ្មាន​ប្រជា​ជន​ណា​មាន​ប្រាជ្ញា​ដឹង​ខុស​ត្រូវ​ឡើយ គឺ​មាន​តែ​ព្រះជាម្ចាស់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​ប្រោស​ប្រទាន​អ្វីៗ​ដ៏​ល្អ ព្រះអង្គ​មាន​បំណង​ចង់​បន្ទាប​នរណា ក៏​ព្រះ​អង្គ​បន្ទាប​គេ​រហូត​ដល់​ស្លាប់​ដែរ។

ឥឡូវ​នេះ ចូរ​កូន​ចង​ចាំ​ពាក្យ​បណ្ដាំ​ទាំង​នេះ​នៅ​ក្នុង​ចិត្ត​កុំ​ភ្លេច​ឲ្យ​សោះ។ ២០​ពុក​សូម​ប្រាប់​កូន​ថា ពូក​ផ្ញើ​ប្រាក់​ចំនួន​បី​រយ​គីឡូ​ នឹង​លោក​កាបាអែល ជា​កូន​លោក​កាព្រី នៅ​ក្រុង​រ៉ាកែស ក្នុង​ស្រុក​ម៉ែដ។ ២១​កូន​អើយ ចូរ​កុំ​ខ្លាច! ប្រសិន​បើ​យើង​ធ្លាក់​ខ្លួន​ក្រ។ ប្រសិន​បើ​កូន​ជៀស​អំពើ​បាប​គ្រប់​យ៉ាង និង​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​ ជា​ព្រះ​របស់​កូន!។ កូន​នឹង​មាន​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ បើ​កូន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់‍»។