លោកតូប៊ីត (០៣)

អង្វរ​របស់​លោក​តូប៊ីត
ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​ថ្ងូរ ហើយ​សម្រក់​ទឹក​ភ្នែក។ បន្ទាប់​មក ខ្ញុំ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះជាម្ចាស់ ទាំង​សោក​សៅ​ថា៖«បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​ពិត​ជា​សុចរិត ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ព្រះ​អង្គ​ ពិត​ជា​ត្រឹម​ត្រូវ។ ព្រះ​អង្គ​ប្រព្រឹត្ត​ការ​ទាំង​អស់ ដោយ​ព្រះ​ហឫទ័យ​អាណិត​មេត្តា ដោយ​ស្មោះ​ត្រង់។ គឺ​ព្រះ​អង្គ​ហើយ ដែល​វិនិច្ឆ័យ​ពិភព​ទាំង​មូល។ ៣​ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​កុំ​បំភ្លេច​ទូល​បង្គំ! សូម​ទត​មើល​មក​ទូល​បង្គំ! សូម​កុំ​ដាក់​ទោស​ទូល​បង្គំ! ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ និង​អំពើ​បាប​ដែល​ដូន​តា​របស់​ទូល​បង្គំ បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ​ហឫទ័យ​ព្រះ​អង្គ។ ៤ ដូនតា​របស់​ទូល​បង្គំ​ មិន​បាន​គោរព​ប្រណិប័តន៍​តាម​បញ្ជា​របស់​ព្រះ​អង្គ​ទេ ហេតុនេះ ព្រះ​អង្គ​បាន​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​ យក​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​កៀរ​យើង​ខ្ញុំ​ទៅ​ជា​ឈ្លើយ និង​ប្រហារ​ជីវិត​យើង​ខ្ញុំ​ផង។ ប្រជា​ជន​នានា​ចំ​អក​ឡកឡឺយ ជេរ​ប្រមាថ​នៅ​ក្នុង​ស្រុក​ ដែល​ព្រះ​អង្គ​កម្ចាត់​កំចាយ​យើង​ខ្ញុំ​ឲ្យ​ទៅ​នៅ។ ៥​ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ​ពិត​ជា​ត្រឹម​ត្រូវ ព្រះ​អង្គ​ដាក់​ទោស​ទូល​បង្គំ​ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ និង​អំពើ​បាប​ដូន​តា​របស់​ទូល​បង្គំ។ យើង​ខ្ញុំ​ពុំ​បាន​គោរព​ប្រណិប័តន៍​តាម​ព្រះ​បញ្ជា​របស់​ព្រះ​អង្គ ហើយ​ក៏​មិន​បាន​ដើរ​តាម​សេចក្ដី​សុចរិត​ នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​អង្គ​ដែរ។ ៦ ឥឡូវនេះ សូម​ប្រព្រឹត្ត​ចំពោះ​ទូល​បង្គំ​តាម​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ​ចុះ! សូម​ដក​យក​ខ្យល់​ដង្ហើម​របស់​ទូល​បង្គំ​ត្រឡប់​ទៅ​វិញ! សូម​ព្រះ​អង្គ​មេត្តា​ផ្ដាច់​ជីវិត​ទូល​បង្គំ ឲ្យ​ទូល​បង្គំ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ចុះ។ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ដ្បិត​ទូល​បង្គំ​ឮ​តែ​ពាក្យ​ជេរ​ប្រមាថ ហើយ​ទូល​បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ពន់​ពេក! ឱ​ព្រះ​អម្ចាស់​អើយ! សូម​មេត្តា​ជួយ​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​នេះ​ផង សូម​រំដោះ​ទូល​បង្គំ ឲ្យ​បាន​សម្រាក​អស់​កល្ប​ជានិច្ច! ឱ​ព្រះ​អម្ចាស់​អើយ! សូម​កុំ​បែរ​ព្រះភ័ក្រ្ត​ចេញ​ពី​ទូល​បង្គំ​ឡើយ! ពិត​មែន​ហើយ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់​ប្រសើរ​ជាង​រង​ទុក្ខ​វេទនា​បែប​នេះ​អស់​មួយ​ជីវិត ហើយ​ជៀស​ផុត​ពីការ​ជេរ​ប្រមាថ​ទៀត​ផង!»។

​វេទនា​របស់​នាង​សារ៉ា
នា​ថ្ងៃ​នោះ​ដែរ នៅ​ក្រុង​អែក​បាថាន​ក្នុង​ស្រុក​ម៉ែដ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​សារ៉ា ជា​កូន​របស់​លោក រ៉ាគូអែល ឮ​ស្រី​បម្រើ​របស់​ឪពុក​ជេរ​ប្រមាថ​នាង។ ៨​នាង​សារ៉ា​ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ចំនួន​ប្រាំបី​ដង​រួច​មក​ហើយ ប៉ុន្តែ​អារក្ខ​កំណាច​ម្នាក់​ឈ្មោះ​អាស្មូដេ បាន​សម្លាប់​ស្វាមី​ទាំង​ប្រាំពីរ​របស់​នាង​ជា​រៀងរាល់​លើក មុន​ពេល​រួម​បវេណី​ជាមួយ​នាង។ ហេតុ​នេះ ស្រី​បម្រើ​នោះ​ចោទ​ប្រកាន់​នាង​សារ៉ា​ថា៖​«គឺ​នាង​ហើយ​ដែល​សម្លាប់​ប្ដី​ទាំង​ប្រាំពីរ​នាក់! គេ​លើក​នាង​ឲ្យ​មាន​ប្ដី​ប្រាំពីរ​លើក ប៉ុន្តែ​នាង​គ្មាន​ឈ្មោះ​ ជា​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ឡើយ! ៩ ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​បាប​យើង ព្រោះ​តែ​ប្ដី​ទាំង​ប្រាំពីរ​នាក់​ស្លាប់​ដូច្នេះ? ចូរ​នាង​ទៅ​នៅ​ជាមួយ​ប្ដី​នាង​ចុះ! កុំឲ្យ​នាង​មាន​កូន​ប្រុស ឬ​កូន​ស្រី​ឡើយ!»។ ១០​នៅ​ថ្ងៃ​នោះ នាង​សារ៉ា​កើត​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង នាង​យំ ហើយ​ឡើង​ទៅ​បន្ទប់​ខាង​លើ​របស់​ឪពុក​នាង ដោយ​មាន​បំណង​ចង​ក​សម្លាប់​ខ្លួន។ ប៉ុន្តែ ក្រោយ​មក នាង​បាន​រិះ​គិត​ពិចារណា​ថា បើ​ខ្ញុំ​ចង​ក​សម្លាប់​ខ្លួន​មែន​នោះ គេ​មុខ​ជា​ប្រមាថ​ឪពុក​ខ្ញុំ​ថា៖ ​«លោក​មាន​កូន​ស្រី​ជាទី​ស្រលាញ់​តែ​ម្នាក់​គត់ នាង​ចង​ក ព្រោះ​តែ​កើត​ទុក្ខ​ខ្លាំង​ពេក។ ធ្វើ​ដូច្នេះ ឪពុក​របស់​ខ្ញុំ​ដែល​កាន់​តែ​ចាស់​ជរា​ហើយ​នេះ មុខ​ជា​លា​ចាក​លោក​នេះ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​គួរ​ចង​ក​ទេ ប៉ុន្តែ ខ្ញុំ​ត្រូវ​អង្វរ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​ដក​ជីវិត​ខ្ញុំ​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ជេរ​ប្រមាថ​ខ្ញុំ​អស់​មួយ​ជីវិត​ដូច្នេះ»។

ទូល​អង្វរ​របស់​នាង​សារ៉ា
១១​ពេល​នោះ នាង​សារ៉ា លើក​ដៃ​បែរ​ទៅ​រក​បង្អួច ហើយ​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖​«បពិត្រ​ព្រះ​អម្ចាស់ ប្រកប​ដោយ​ព្រះ​ហឫទ័យ​មេត្តា​ករុណា! នាង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ! សូម​លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀងទៅ! សូម​ឲ្យ​ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ លើក​តម្កើង​រហូត​តរៀងទៅ​ផង។ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​បែរ​មុខ​ទៅ​រក​ព្រះ​អង្គ នាង​ខ្ញុំ​សូម​បែរ​ភ្នែក​ទៅ​រក​ព្រះ​អង្គ! ១៣​សូម​ព្រះ​អង្គ​មេត្តា​ប្រោស​ឲ្យ​នាង​ខ្ញុំ​លា​ចាក​លោក​នេះ កុំ​ឲ្យ​នាង​ខ្ញុំ​ឮ​ពាក្យ​ គេ​ជេរ​ប្រមាថ​ទៀត​ឡើយ!។ ១៤​បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​ជ្រាប​ហើយ​ថា ខ្ញុំ​ម្ចាស់​នៅ​ព្រហ្មចារី​នៅ​ឡើយ ដោយ​មិន​បាន​ខូច​នឹង​បុរស​ណា​ម្នាក់​ទេ ១៥​ខ្ញុំ​ម្ចាស់​ពុំ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​ម្ចាស់ ឬ​ឈ្មោះ​របស់​ឪពុក​ខ្ញុំ​ម្ចាស់​មាន​សៅ​ហ្មង នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​សត្រូវ​កៀរ​យើង​ខ្ញុំ​ឲ្យ​មក​រស់​នៅ​នោះ​ទេ ឪពុក​ខ្ញុំ​ម្ចាស់​មាន​កូន​ស្រី​តែ​ម្នាក់​គត់ គាត់​គ្មាន​កូន​ណា​ទៀត​ដែល​អាច​ទទួល​មត៌ក​ស្នង​ពី​គាត់​ឡើយ ហើយ​គាត់​ក៏​គ្មាន​ញាតិ​សន្តាន​ឯណា​ទៀត​ដែល​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ខ្ញុំ​ម្ចាស់​ដែរ។ ប្ដី​ខ្ញុំ​ម្ចាស់​ទាំង​ប្រាំពីរ​នាក់ បាត់​បង់​ជីវិត​អស់​ហើយ ដូច្នេះ តើ​ខ្ញុំ​ម្ចាស់​រស់​នៅ​តទៅ​ទៀត​ដើម្បី​អ្វី? បពិត្រ​ព្រះ​អម្ចាស់! ប្រសិន​បើ​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​ដក​ជីវិត​ខ្ញុំ​ម្ចាស់​ទេ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​ដែល​គេ​ជេរ​មក​រក​ខ្ញុំ​ម្ចាស់​ផង!»។

​ព្រះ​សណ្ដាប់ពាក្យ​អង្វរ​អ្នក​ទាំងពីរ
១៦​ពេល​ដដែល​នោះ ព្រះ​អម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​អង្វរ​របស់​អ្នក​ទាំង​ពីរ ១៧​ហើយ​ចាត់​ទេវ​ទូត​រ៉ាផាអែល ទៅ​ព្យាបាល​អ្នក​ទាំង​ពីរ​ឲ្យ​បាន​ជា​សះ​ស្បើយ គឺ​ដក​ស្បែក​ស​ចេញ​ពី​ភ្នែក​របស់​លោក​តូប៊ីត ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ពន្លឺ​របស់​ព្រះជាម្ចាស់ ហើយ​ដេញ​អាស្មូដេ ជា​អារក្ខ​កំណាច​ចេញ​ពី​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូអែល ដើម្បី​លើក​នាង​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​តូប៊ីយ៉ា ជា​កូន​ប្រុស​លោក​តូប៊ីត។ ក្នុង​ចំណោម​សាច់​ញាតិ​ទាំង​អស់ មាន​តែ​លោក​តូប៊ីយ៉ា​នេះ​ទេ ដែល​មាន​សិទ្ធិ​ដណ្ដឹង​នាង​មុន​គេ។

ពេល​នោះ លោក​តូប៊ីត​ដើរ​ពី​ទីធ្លា ចូល​មក​ក្នុង​ផ្ទះ​គាត់ រីឯ​នាង​សារ៉ា​ជា​កូន​ស្រី​របស់​លោក​រ៉ាគូអែល ក៏​ចុះ​ពី​បន្ទប់​ខាង​លើ​មក​ដែរ។