លោកតូប៊ីត (០២)

​តួប៊ីត​កើត​ទុក្ខ
១​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​អសារ៉ាដូន ខ្ញុំ​ត្រឡប់​មក​ផ្ទះ​របស់​ខ្ញុំ នៅ​ក្រុង​នីនីវេ ខ្ញុំ​ជួប​ជុំ​ជាមួយ​នាង​ហាណ្ណា​ជា​ភរិយា និង តូប៊ីយ៉ា​ជា​កូន​របស់​ខ្ញុំ​វិញ។ ក្នុង​ឱកាស​បុណ្យ «ថ្ងៃ​ទី​ហា​សិប» គឺ​ជា​ថ្ងៃ​បុណ្យ​ដ៏​វិសុទ្ធ​នៃ​សប្ដាហ៍​ទី​ប្រាំពីរ ក្រោយ​បុណ្យ​ចម្លង គេ​រៀបចំ​ពិធី​ជប់​លៀង​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចូល​អង្គុយ​ដើម្បី​បរិភោគ។ ២​គេ​ក៏​លើក​ម្ហូប​អាហារ​ដ៏​ឆ្ងាញ់​ជា​ច្រើន មក​ដាក់​លើ​តុ​ឲ្យ​ខ្ញុំ​ទទួល​ទាន។ ខ្ញុំ​ប្រាប់​តូប៊ីយ៉ា​កូន​ខ្ញុំ​ថា៖ «ចូរ​កូន​ចេញ​ទៅ​រក​អ្នក​ក្រីក្រ​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​រួម​ជាតិ​យើង ដែល​ខ្មាំង​បាន​កៀរ​មក​ក្រុង​នីនីវេ ជា​អ្នក​នឹក​ដល់​ព្រះ​អម្ចាស់​ដោយ​ចិត្ត​ស្មោះ រួច​នាំ​គេ​មក​បរិភោគ​អាហារ​ជាមួយ​ពុក។ ពុក​រង់​ចាំ​រហូត​ដល់​កូន​ត្រឡប់​មក​វិញ»។ តូប៊ីយ៉ា​ចេញ​ទៅ​រក​អ្នក​ក្រីក្រ​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​របស់​យើង តែ​វា​ត្រឡប់​មក​វិញ ទាំង​ប្រាប់​ថា៖​«លោក​ឪពុក!»។ ខ្ញុំ​ក៏​ឆ្លើយ​ថា៖​«មាន​ការ​អ្វី​កូន?» កូន​ខ្ញុំ​ពោល​ថា៖ ​«មាន​គេ​ច្របាច់​ក​សម្លាប់​ជន​ជាតិ​យើង​ម្នាក់ ហើយ​ទុក​សាក​សព​ចោល​នៅ​ទី​ផ្សារ»។ ៤​ខ្ញុំ​ស្ទុះ​ក្រោក​ឡើង​ចោល​អាហារ ដែល​មិន​ទាន់​បរិភោគ​ផង រត់​ទៅ​យក​សាក​សព​នោះ​ចេញ​មក​ទុក​ក្នុង​រូង​តូច​មួយ ចាំ​ដល់​ថ្ងៃ​លិច ទើប​យក​ទៅ​បញ្ចុះ។ ៥​ក្រោយ​មក ខ្ញុំ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ងូត​ទឹក​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ រួច​បរិភោគ​អាហារ​ទាំង​ក្ដី​សោក​សៅ ៦ ដោយ​នឹក​ដល់​ពាក្យ​ដែល​ព្យាការី​អម៉ូស បាន​ថ្លែង​ប្រឆាំង​នឹង​អ្នក​ក្រុង​បេតអែល​ថា៖​ «ថ្ងៃ​បុណ្យ​របស់​អ្នក​រាល់គ្នា នឹង​ក្លាយ​ជា​ថ្ងៃ​កាន់​ទុក្ខ ហើយ​បទ​ចម្រៀង​របស់​អ្នក​រាល់គ្នា ក៏​ក្លាយ​ទៅ​ជា​បទ​ទំនួញ​វិញ​ដែរ»។ រួច​ខ្ញុំ​ក៏​យំ។ ៧​លុះ​ដល់​ថ្ងៃ​លិច ខ្ញុំ​ចេញ​ទៅ​ជីក​រណ្ដៅ​បញ្ចុះ​សាក​សព​នោះ។ ៨​អ្នក​ជិត​ខាង​ចំអក​ដាក់​ខ្ញុំ​ថា៖ ​«គាត់​មិន​រាង​ចាល​ទេ! គេ​បាន​តាម​រក​ចាប់​គាត់ ដើម្បី​ប្រហារ​ជីវិត​ម្ដង​ទៅ​ហើយ​ព្រោះ​តែ​រឿង​បញ្ចុះ​សាក​សព គាត់​ក៏​រត់​គេច​ខ្លួន! នៅ​ពេល​នេះ គាត់​បញ្ចុះ​សាក​សព​ទៀត!»។ ៩​នៅ​យប់​នោះ ខ្ញុំ​ជំរះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ រួច​ខ្ញុំ​ចេញ​ទៅ​ទីធ្លា​ខាង​ក្រៅ ហើយ​ដេក​តាម​ជញ្ជាំង​នៃ​ធ្លា​នោះ តែ​ខ្ញុំ​មិន​បាន​គ្រប​មុខ​ទេ ព្រោះ​ក្ដៅ។ ១០​ខ្ញុំ​បាន​ដឹង​ថា នៅ​លើ​ជញ្ជាំង​ចំ​ពី​លើ​ក្បាល​ខ្ញុំ​នោះ មាន​សំបុក​ចាប​ទេ ចាប​វា​ជុះ​អាចម៍​ដាក់​ចំ​ភ្នែក​ខ្ញុំ​ទាំង​សង​ខាង បណ្ដាល​ឲ្យ​គ្រាប់​ភ្នែក​ខ្ញុំ​ឡើង​ពណ៌​ស។ ខ្ញុំ​ទៅ​ឲ្យ​ពេទ្យ​ជាច្រើន​នាក់​ពិនិត្យ​ព្យាបាល ទោះ​ជា​គេ​ដាក់​ថ្នាំ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ភ្នែក​ខ្ញុំ​កាន់​តែ​ឡើង​ស​ខ្លាំង​ជាង​មុន​ទៅ​ទៀត រហូត​ដល់​ងងឹត​ទាំង​ស្រុង។ ខ្ញុំ​មើល​អ្វីៗ មិន​ឃើញ​សោះ​អស់​រយៈ​ពេល​បួន​ឆ្នាំ។ បង​ប្អូន​សាច់​ញាតិ​របស់​ខ្ញុំ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ហើយ​លោក អហ៊ីការ ផ្គត់​ផ្គង់​ខ្ញុំ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ មុន​ពេល​គាត់​ចាក​ចេញ​ទៅ​ស្រុក​អ៊ីលីមៃ។

១១ពេល​នោះ នាង​ហាណ្ណា​ជា​ប្រពន្ធ​ខ្ញុំ ខ្ញុំ​ចេញ​ទៅ​ស៊ីឈ្នួល​គេ​ដែរ។ ១២នាង​ធ្វើការ​ឲ្យ​គេ​ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ខែ​ចេត្រ នាង​ត្បាញ​បាន​ក្រណាត់​មួយ​ដុំ ហើយ​ប្រគល់​ឲ្យ​ម្ចាស់​ក្រណាត់។ ម្ចាស់​នោះ​ប្រគល់​ថ្លៃ​ឈ្នួល​ត្បាញ​ឲ្យ​គ្រប់​ចំនួន ព្រម​ទាំង​ឲ្យ​កូន​ពពែ​មួយ​ក្បាល​បន្ថែម​ទៀត​ផង។ ១៣ពេល​កូន​ពពែ​នោះ ចូល​មក​ជិត​ខ្ញុំ​វា​ក៏​ស្រែក។ ខ្ញុំ​ហៅ​ប្រពន្ធ​ខ្ញុំ​មក​សួរ​ថា៖​«តើ​កូន​ពពែ​នេះ​មក​ពីណា? លួច​គេ​ទេ​ឬ? ចូរ​យក​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ! យើង​គ្មាន​សិទ្ធិ​បរិភោគ​អ្វី​ដែល​បាន​មក​ពី​ការ​លួច​គេ​នោះ​ទេ»។ ១៤នាង​ឆ្លើយ​តប​ថា «កូន​ពពែ​នេះ​ជា​អំណោយ​ដែល​គេ​ឲ្យ​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​ទេ​តើ!»។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​ព្រម​ជឿ​នាង ហើយ​ទទូច​ឲ្យ​នាង​យក​កូន​ពពែ​នេះ ទៅ​ប្រគល់​ឲ្យ​ម្ចាស់​វា​វិញ។ ខ្ញុំ​ខឹង​នាង​ជា​ខ្លាំង ព្រោះ​តែ​កូន​ពពែ​នេះ។ ពេល​នោះ នាង​តប​មក​ខ្ញុំ​ថា៖​«តើ​ឯណា​ទាន​របស់​លោក? តើ​អំពើ​ល្អ​របស់​លោក​នៅ​ឯណា? មែន​ហើយ អំពើ​ល្អ​របស់​លោក​អត់​បាន​ការ​អ្វី​ឡើយ»។