លោកតូប៊ីត (១៤)

​លោក​តូប៊ីត បញ្ជាក់ ពាក្យ​អរ​ព្រះ​គុណ​ដូច្នេះ។

តូប៊ីត​ទទួល​មរណភាព
​លោក​តូប៊ីត​ទទួល​មរណ​ភាព​ យ៉ាង​សុខ​ស្រួល ក្នុង​ជន្មាយុ មួយ​រយ​ដប់​ពីរ​ឆ្នាំ។ គេ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​យ៉ាង​អធិក​អធម នៅ​ក្រុង​នីនីវេ។ កាល​លោក​ខ្វាក់​ភ្នែក​ លោក​មាន​អាយុ​ហុកសិប​ពីរ​ឆ្នាំ។ ក្រោយ​ពី​ភ្នែក​គាត់​ភ្លឺ​ឡើង​វិញ គាត់​មាន​ទ្រព្យ​សម្បត្តិ​សំបូរ​ហូរ​ហៀរ ហើយ​តែង​តែ​ចែក​ទាន​ដល់​អ្នក​ក្រីក្រ។ លោក​តែង​តែ​លើក​តម្កើង​ព្រះជាម្ចាស់ និង​កោត​សរសើរ​ ភាព​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ​អង្គ​ជា​និច្ច។

​កាល​លោក​តូប៊ីត ហៀប​នឹង​ទទួល​មរណ​ភាព លោក​ហៅ​លោក​តូប៊ីយ៉ា​ជា​កូន ហើយ​ផ្ដែផ្ដាំ​ដូច​ត​ទៅ៖៉កូន​អើយ! ចូរ​នាំ​ចៅ​ ទៅ​ស្រុក​ម៉ែដ​ជា​ប្រញាប់ ដ្បិត​ពុក​ជឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែល​ថ្លែង​តាម​រយៈ​ព្យាការី​ហ៊ូម ប្រឆាំង​នឹង​ក្រុង​នីនីវេ។ អ្វី​ដែល​ថ្លែង​ប្រឆាំង​នឹង​ស្រុក​អាស្សីរី ព្រម​ទាំង​ក្រុង​នីនីវេ នឹង​កើត​ជា​រូប​រាង​មិន​ខាន។ សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ព្យាការី​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថ្លែង​ទុក គឺ​ព្យាការី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ចាត់​ឲ្យ​មក នឹង​កើត​មាន​មិន​ខាន។សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​បាន​ថ្លែង​ទុក នឹង​កើត​ឡើង​តាម​ពេល​កំណត់ គ្មាន​ចន្លោះ​ត្រង់​ណា​ឡើយ។ អ្នក​ស្រុក​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត នៅ​ស្រុក​ម៉ែដ ជាង​នៅ​ស្រុក​អាស្ស៊ីរី​និង​នៅ​ក្រុង​បាប៊ីឡូន។ ខ្ញុំ​ជឿ​ថា សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល នឹង​កើត​មាន​មិន​ខាន។គ្មាន​ព្រះ​បន្ទូល​ណា​មួយ​មិន​សម្រេច​នោះ​ឡើយ។ បង​ប្អូន​យើង​ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​នៅ​ឡើយ សុទ្ធ​តែ​ត្រូវ​ខ្មាំង​សត្រូវ​ជំរឿន ហើយ​កៀរ​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​ដ៏​សែន​សប្បាយ​នោះ។ ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល នឹង​ក្លាយ​ទៅ​ជា​ស្មសាន។ ក្រុង​សាម៉ារី​និង​ក្រុង​យេរូសាឡឹម​ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​ខ្មាំង​ដុត​បំផ្លាញ​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ អស់​មួយ​រយៈ។ ​ប៉ុន្តែ ព្រះ​ជា​ម្ចាស់​នឹង​អាណិត​មេត្តា​ពួកគេ​ម្ដង​ទៀត ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។ ពួក​គេ​នឹង​សង់​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ​សា​ជាថ្មី តែ​ព្រះ​ដំណាក់​នោះ​មិន​ល្អ​ដូច​ព្រះ​ដំណាក់​មុន លុះ​ដល់​ពេល​កំណត់​ទើប​បាន​ល្អ​ឡើង​វិញ។ ក្រោយ​មក ពួក​គេ​វិល​ត្រឡប់​មក​ទាំង​អស់​គ្នា គេ​នឹង​សាង​ក្រុង​យេរូសាឡឹម​យ៉ាង​ល្អ​ប្រសើរ​ឡើង​វិញ។ គេ​កសាង​ព្រះ​ដំណាក់​ព្រះ​អង្គ​តាម​សេចក្ដី​ដែល​អស់​លោក​ព្យាការី​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ បាន​ថ្លែង​ទុក។  មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​ប្រែ​ចិត្ត​គំនិត ហើយ​នាំ​គ្នា​កោត​ខ្លាច​ព្រះជាម្ចាស់​ដោយ​ស្មោះ។ ពួក​គេ​ឈប់​គោរព​បម្រើ​ព្រះ​ក្លែង​ក្លាយ ដែល​ចេះ​តែ​បញ្ឆោត​គេ និង​នាំ​ពួក​គេ​ឲ្យ​វង្វេង​ទៀត​ហើយ។ ពួក​គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​នោះ ព្រោះ​ពួក​គេ​នឹក​គិត​ដល់​ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​ស្មោះ គេ​ជួប​ជុំ​គ្នា និង​នាំ​គ្នា​មក​ក្រុង​យេរូសាឡឹម​វិញ។ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​រស់​នៅ​ លើ​ទឹក​ដី​របស់​លោក​អប្រាហាំ​ដោយ​សុខ​សាន្ត អស់​កល្ប​ជា​អង្វែង​តរៀងទៅ។ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ដោយ​ចិត្ត​ស្មោះ​និង​មាន​អំណរ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ព្រម​ទាំង​អំពើ​ទុច្ចរិត នឹង​ត្រូវ​អន្តរាយ​បាត់​ពី​ផែន​ដី​នេះ។

៨​ឥឡូវ​នេះ កូន​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដាំ​របស់​ពុក! ចូរ​គោរព​បម្រើ​ព្រះជាម្ចាស់​ដោយ​ចិត្ត​ស្មោះ ចូរ​ប្រព្រឹត្ត​អំពើ​ដែល​គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ។ ចូរ​ប្រៀន​ប្រដៅ​កូន​ចៅ​ ឲ្យ​ប្រព្រឹត្ត​តែ​សេចក្ដី​សុចរិត និង​ចែក​ទាន។ ចូរ​នឹក​គិត​ដល់​ព្រះជាម្ចាស់ និង​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ​អង្គ​ គ្រប់​ពេល​វេលា​ដោយ​ចិត្ត​ស្មោះ និង​អស់​ពី​កម្លាំង។ រីឯ​កូន ចូរ​ចាក​ចេញ​ពី​ក្រុង​នីនីវេ​នេះ​ទៅ! កុំ​នៅ​ទី​នេះ​ទៀត​ឡើយ។ ក្រោយ​ពី​បាន​បញ្ចុះ​សព​ម្ដាយ​របស់​កូន​នៅ​ក្បែរ​ពុក​រួច ចូរ​កុំ​នៅ​ក្រុង​នេះ​ត​ទៅ​ទៀត​ឡើយ សូម្បី​តែ​មួយ​យប់​ក៏​មិន​បាន​ដែរ! ដ្បិត​ពុក​ឃើញ​អំពើ​ទុច្ចរិត​បាន​សាប​ព្រោះ​ក្នុង​ក្រុង ហើយ​អ្នក​ក្រុង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន តែ​គ្មាន​នរណា​អៀន​ខ្មាស​ឡើយ។ ១០​ចូរ​កូន​នឹក​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​ណាដន​បាន​ប្រព្រឹត្ត ចំពោះ​លោក​អហ៊ីការ ជា​ឪពុក​ចិញ្ចឹម​របស់​គាត់ គឺ​គាត់​បាន​យក​លោក​អហ៊ីការ ទៅ​ដាក់​គុក​ងងឹត នៅ​ក្រោម​ដី​ទាំង​រស់។ ប៉ុន្តែ ព្រះជាម្ចាស់​ធ្វើ​ឲ្យ​គាត់​អាម៉ាស់ នៅ​ចំពោះ​មុខ​លោក​អហ៊ីការ! គឺ​លោក​អហ៊ីការ​ចេញ​មក​ឃើញ​ពន្លឺ​វិញ។ រីឯ​លោក​ណាដន ធ្លាក់​ក្នុង​ទី​ងងឹត​អស់​កល្ប​ជានិច្ច ដ្បិត​គាត់​ចង់​សម្លាប់​លោក​អហ៊ីការ។ លោក​អហ៊ី​ការ​ធ្លាប់​ចែក​ទាន លោក​បាន​រួច​ផុត​ពី​អន្ទាក់ ដែល​លោក​ណាដន​ដាក់​ពី​មុខ​លោក តែ​លោក​ណាដន​បាន​ជាប់​អន្ទាក់​របស់​ខ្លួន ហើយ​ត្រូវ​អន្តរាយ​វិញ។ ១១ ដូច្នេះ​កូន​អើយ! ចូរ​សង្កេត​មើល​ផល​នៃ​ទាន និង​ផល​នៃ​អំពើ​ទុច្ចរិត! គឺ​អំពើ​ទុច្ចរិត​បង្កបង្កើត​សេចក្ដី​ស្លាប់ ប៉ុន្តែ ឥឡូវ​នេះ​ជីវិត​របស់​ពុក​ជិត​ផុត​រលត់​ហើយ ! ²។ គេ​ដាក់​លោក​តូប៊ីត​លើ​គ្រែ ហើយ​លោក​ក៏​ទទួល​មរណ​ភាព​ទៅ។ គេ​ធ្វើ​បុណ្យ​បញ្ចុះ​សព យ៉ាង​អធិក​អធម។

បញ្ចប់
១២​កាល​ម្ដាយ​របស់​លោក​តូប៊ីយ៉ា​ ទទួល​មរណ​ភាព លោក​បាន​យក​សព​របស់​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ជាមួយ​ឪពុក។ បន្ទាប់​មក​លោក​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ែដ ជាមួយ​ភរិយា​របស់​លោក។ គាត់​រស់​នៅ​ស្រុក​អែក​បាតាន ក្បែរ​លោក​រ៉ាគូអែល ជា​ឪពុក​ក្មេក។ ១៣​គាត់​គោរព​ឪពុក​ម្ដាយ​ក្មេក​យ៉ាង​ខ្លាំង​ក្នុង​ពេល​គាត់​ចាស់​ជរា។ គាត់​បញ្ចុះ​សព​អ្នក​ទាំង​ពីរ នៅ​ក្បែរ​ក្រុង​អែក​បាតាន ក្នុង​ស្រុក​ម៉ែដ រួច​គាត់​ទទួល​កេរ​មត៌ក​ពី​លោក​រ៉ាគូអែល និង​ទទួល​កេរ​មត៌ក​ពី​លោក​តូប៊ីត ជា​ឪពុក​គាត់​ដែរ។ ១៤​គេ​តែង​គោរព​រាប់​អាន​គាត់​គ្រប់​ៗ​គ្នា ហើយ​គាត់​ទទួល​កេរ​មត៌ក​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ប្រាំពីរ​ឆ្នាំ។ ១៥​មុន​ពេល​គាត់​ទទួល​មរណភាព គាត់​ទទួល​ដំណឹង​ថា ក្រុង​នីនីវេ​ត្រូវ​អន្តរាយ​ហើយ គាត់​ក៏​ឃើញ​អ្នក​ក្រុង​នីនីវេ​ដែល​ព្រះ​មហា​ក្សត្រ​ស៊ីអាសារ ស្ដេច​ស្រុក​ម៉ែដ​កៀរ​មក​ដែរ។ គាត់​លើក​តម្កើង​ព្រះជាម្ចាស់​ចំពោះ​ការ​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា​ជន​ក្រុង​នីនីវេ និង​ស្រុក​អាស្ស៊ីរី។ មុន​ពេល​គាត់​ទទួល​មរណ​ភាព គាត់​មាន​អំណរ​សប្បាយ​ដោយ​ក្រុង​នីនីវេ​ត្រូវ​អន្តរាយ ហើយ​គាត់​លើក​តម្កើង​ព្រះជាម្ចាស់ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ « អាម៉ែន ! »