លោកតូប៊ីត (១៣)

ចម្រៀង​របស់​លោក​តូប៊ីត
​លោក​តូប៊ីត​មាន​ប្រសាសន៍​ដូច​តទៅ៖ ​សូម​លើក​តម្កើង​ព្រះជាម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ និង​គ្រង​រាជ្យ​អស់​កល្ប​ជានិច្ច ព្រះ​អង្គ​ដាក់​ទោស​ហើយ​អាណិត​អាសូរ​ដែរ។ ព្រះ​អង្គ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ ចុះ​ទៅ​ស្ថាន​មច្ចុរាជ នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន​ដី​ក្រោយ​មក​ព្រះ​អង្គ​ប្រោស​ឲ្យ​រួច​ផុត​ពី​អន្តរាយ។ គ្មាន​អ្វី​អាច​គេច​ផុត​ពី​បារមី​របស់​ព្រះ​អង្គ​ឡើយ ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ​អង្គ នៅ​ចំពោះ​ប្រជា​ជាតិ​ទាំង​ឡាយ គឺ​ក្នុង​ចំណោម​ប្រជា​ជាតិ​ដែល​ព្រះ​អង្គ​កម្ចាត់​កំចាយ ឲ្យ​អ្នក​រាល់គ្នា​ទៅ​រស់​នៅ។ ​នៅ​ទី​នោះ ព្រះ​អង្គ​បាន​សម្ដែង​ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ​អង្គ ឲ្យ​អ្នក​រាល់​គ្នា​ឃើញ ចូរ​លើក​តម្កើង​ព្រះ​អង្គ​នៅ​ចំពោះ​សត្វ​លោក​ទាំង​អស់ ដ្បិត​ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់​របស់​យើង ពិត​ជា​ព្រះ​របស់​យើង ពិត​ជា​ព្រះ​បិតា​របស់​យើង!។ ព្រះ​អង្គ​ជា​ព្រះជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ​អង្គ​ដាក់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ប៉ុន្តែ ព្រះ​អង្គ​មុខ​ជា​អាណិត​អាសូរ​អ្នក​រាល់​គ្នា និង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​ដែល​ព្រះ​អង្គ​កម្ចាត់​កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។ ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ​អង្គ​វិញ ដោយ​ស្មោះ​អស់​ពី​ចិត្ត​គំនិត​អស់​ពី​ប្រាជ្ញា ដើម្បី​ប្រព្រឹត្ត​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ នៅ​ថ្ងៃ​នោះ​ព្រះ​អង្គ​នឹង​វិល​មក​រក​អ្នក​រាល់ គ្នា​ជា​ពុំ​ខាន ព្រះ​អង្គ​មិន​គេច​ព្រះភ័ក្រ្ត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ​ឥឡូវនេះ ចូរ​គិត​ពិចារណា​អំពី​ការ​ដែល​ព្រះ​អង្គ​ប្រព្រឹត្ត​ ចំពោះ​អ្នក​រាល់​គ្នា ហើយ​ចូរ​លើក​តម្កើង​ព្រះ​អង្គ​ យ៉ាង​ពេញ​ទំហឹង។ ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​ដោយ​យុត្តិធម៌ ចូរ​កោត​សរសើរ​ព្រះ​មហា​ក្សត្រ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ ​រីឯ​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ​នៅ​លើ​ផែន​ដី​ដែល​ខ្មាំង​កៀរ​ឲ្យ​មក​រស់​នៅ។ ខ្ញុំ​បង្ហាញ​ឫទ្ធា​នុភាព និង​ភាព​ឧត្ដុង្គឧត្ដម​របស់​ព្រះ​អង្គ ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ប្រព្រឹត្ត​អំពើ​បាប បាន​ស្គាល់។ អស់​អ្នក​បាប​អើយ! ចូរ​ត្រឡប់​មក​វិញ! ចូរ​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ។ ប្រហែល​ព្រះ​អង្គ​អាណិត​មេត្តា​ប្រោស​ប្រណី ដល់​អ្នក​រាល់​គ្នា​ទេ​ដឹង? ​សូម​លើក​តម្កើង​ព្រះ​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង ដោយ​សារ​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរមសុខ។ ១០​សូម​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​នាំ​គ្នា​ប្រកាស​អំពី​ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ​អង្គ។ សូម​ឲ្យ​គេ​លើក​តម្កើង​ព្រះ​អង្គ​គ្រប់​ៗ​គ្នា។ យេរូសាឡឹម​ជា​ក្រុង​ដ៏​វិសុទ្ធ​អើយ! ព្រះ​អង្គ​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​កូន​ចៅ​អ្នក! ប៉ុន្តែ ព្រះ​អង្គ​មុខ​ជា​អាណិត​មេត្តា​កូន​ចៅ​របស់​ជន​សុចរិត​ពុំ​ខាន។ ១១​ចូរ​លើក​តម្កើង​ព្រះ​ជា​ម្ចាស់​យ៉ាង​ឧឡារិក សូម​លើក​តម្កើង​ព្រះ​មហា​ក្សត្រ ដែល​សោយ​រាជ្យ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ដើម្បី​ឲ្យ​គេ​សង់​ព្រះ​ដំណាក់​ឡើង​វិញ នៅ​ក្នុង​ក្រុង​យេរូសាឡឹម នាំ​ឲ្យ​ប្រជា​ជន​សប្បាយ​រីក​រាយ។ ១២​សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន​ដល់​អស់​អ្នក​ដែល​ខ្មាំង​កៀរ​យក​ទៅ​នោះ បាន​អំណរ​សប្បាយ​ផង! សូម​ព្រះ​អង្គ​ស្រឡាញ់​ជន​កម្សត់​ទុគ៌ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​ប្រជា​ជន​អ្នក នៅ​គ្រប់​តំណ​ត​រៀង​ទៅ។ ១៣​មាន​ពន្លឺ​ចិញ្ចាច​ចិញ្ចែង​និង​ភ្លឺ​រហូត​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ មាន​ប្រជា​ជាតិ​ជា​ច្រើន​នៅ​ទី​ឆ្ងាយ​ៗ និង​អ្នក​ស្រុក​ពី​ចុង​កាត់​មាត់​ញក​នៃ​ផែន​ដី នាំ​គ្នា​មក​រក​ព្រះ​នាម​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ។ គេ​មាន​កាន់​តង្វាយ​គ្រប់​ដៃ មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរម​សុខ។ មនុស្ស​គ្រប់​តំណ​ក្រោយៗ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ។ មនុស្ស​ម្នា​នៅ​ជំនាន់​ក្រោយ នឹង​ចាំ​ពី​ឈ្មោះ​ដ៏​ល្បី​នៃ​ក្រុង​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស។ ១៤​សូម​ឲ្យ​ជន​ទាំង​ឡាយ​ដែល​គំរាម​កំហែង​អ្នក ត្រូវ​បណ្ដា​សា!។ សូម​ឲ្យ​អស់​ជន​ណា​ដែល​បំផ្លាញ​អ្នក រំលំ​កំពែង រំលំ​ប៉ម​របស់​អ្នក និង​ដុត​ផ្ទះ​អ្នក​ចោល ត្រូវ​បណ្ដាសា! ផ្ទុយ​ទៅ​វិញ សូម​ព្រះ​អង្គ​ប្រទាន​ពរ​អស់​កល្ប​ជានិច្ច​ដល់​អស់​ជន​ណា​ដែល​គោរព​កោត​ខ្លាច​អ្នក!។ ១៥​ចូរ​ត្រេក​អរ​សប្បាយ​ឡើង ព្រោះ​តែ​កូន​ចៅ​របស់​ជន​សុចរិត! ដ្បិត​ព្រះ​អង្គ​នឹង​ប្រមូល​ផ្ដុំ​ពួក​គេ! ហើយ​គេ​នឹង​លើក​តម្កើង​ព្រះ​អម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច ជន​ណា​ស្រឡាញ់​អ្នក ពិត​ជា​មាន​សុភ​មង្គល! ជន​ណា​សប្បាយ​រីក​រាយ ដោយ​ជួយ​អប​អរ​ដល់​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​ជន​នោះ​ពិត​ជា​មាន​សុភ​មង្គល! ១៦ជន​ទាំង​ឡាយ​ដែល​ព្រួយ​ចិត្ត ដោយ​ឃើញ​អ្នក​ទទួល​ទណ្ឌ​កម្ម ពិត​ជា​មាន​សុភ​មង្គល! ដ្បិត​ពួក​គេ​នឹង​ត្រេក​អរ​សប្បាយ រួម​ជាមួយ​អ្នក គេ​នឹង​ឃើញ​អំណរ​សប្បាយ​របស់​អ្នក អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ពិត​មែន​ហើយ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​មហា​ក្សត្រ ១៧​ដ្បិត​គេ​នឹង​កសាង​ក្រុង​យេរូសាឡឹម​ឡើង​វិញ ហើយ​នៅ​ទី​ក្រុង​នោះ គេ​នឹង​សង់​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ ឲ្យ​នៅ​ស្ថិត​ស្ថេរ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ប្រសិន​បើ​ប្រជា​ជាតិ​របស់​ខ្ញុំ ដែល​នៅ​សេស​សល់​ពី​ស្លាប់ ឃើញ​សិរី​រុង​រឿង​របស់​ក្រុង​យេរូសាឡឹម និង​លើក​តម្កើង​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរម​សុខ ខ្ញុំ​ពិត​ជា​មាន​សុភ​មង្គល។ គេ​នឹង​យក​ត្បូង​កណ្ដៀង​និង​ថ្ម​កែវ​មត៌ក​មក​សង់​ទ្វារ​ក្រុង​យេរូសាឡឹម។ ១៨​អ្នក​ក្រុង​នឹង​ច្រៀង​ដោយ​អំណរ​នៅ​ទ្វារ​ទី​ក្រុង។ អ្នក​ក្រុង​ច្រៀង​ថា៖ «អាលេលូយ៉ា សូម​លើក​តម្កើង​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល! អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស និង​លើក​តម្កើង​ព្រះ​នាំ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀងទៅ! »។។