លោកតូប៊ីត (១២)

រ៉ាផាអែល​បង្ហាញខ្លួន
​កាល​ពិធី​មង្គល​ការ​ ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ីត​ហៅ​លោក​តូប៊ីយ៉ា​ជា​កូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «កូន​អើយ ចូរ​កុំ​ភ្លេច​ជូន​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​កូន! ចូរ​ថែម​ប្រាក់​ខ្លះ​ទៀត​បន្ថែម​ឲ្យ​គាត់​ផង»។ ​លោក​តូប៊ីយ៉ា​តប​ទៅ​ឪពុក​ថា៖ «ពុក! តើ​កូន​ត្រូវ​ជូន​គាត់​ប៉ុន្មាន? ទោះបី​កូន​ចែក​ទ្រព្យ​ ដែល​យើង​នាំ​យក​មក​ជាមួយ​នោះ​ ពាក់​កណ្ដាល ក៏​មិន​សម​ល្មម​ដែរ។ ​គាត់​នាំ​កូន​មក​វិញ​ដោយ​សុខ​សាន្ត គាត់​បាន​ព្យាបាល​ប្រពន្ធ​របស់​កូន​ឲ្យ​ជា។ គាត់​បាន​នាំ​យក​ប្រាក់​មក​ជាមួយ​កូន និង​ព្យាបាល​ពុក​ឲ្យ​បាន​ជា​សះ​ស្បើយ តើ​យើង​ត្រូវ​ជូន​គាត់​ប៉ុន្មាន ដើម្បី​តប​ស្នង​គុណ​ទាំង​នេះ?»។  លោក​តូប៊ីត​មាន​ប្រសាសន៍​ទៅ​កូន​ថា៖ «កូន​អើយ! ពិត​មែន​ហើយ ចូរ​ចែក​ទ្រព្យ​ដែល​គាត់​នាំ​យក​មក​ពាក់​កណ្ដាល ជូន​ទៅ​គាត់»។ ៥​លោក​តូប៊ីយ៉ា ហៅ​ទេវទូត​រ៉ាផាអែល​ហើយ​ជម្រាប​គាត់​ថា៖ «សូម​បង​ទទួល​ទ្រព្យ​ដែល​បង​បាន​នាំ​យក​មក​ជាមួយ​ខ្ញុំ​នេះ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​ប្រាក់​ឈ្នួល​ចុះ ហើយ​សូម​បង​អញ្ជើញ​ត្រឡប់​ទៅ​វិញ​ ដោយ​សុខ​សាន្ត!»។ ​ពេល​នោះ ទេវទូត​រ៉ាផា​អែល​នាំ​អ្នក​ទាំង​ពីរ​ចេញ​ដោយ​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​លើក​តម្កើង​ព្រះជាម្ចាស់! ចូរ​លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ​ នៅ​ចំពោះ​មុខ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ជីវិត​និង ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ទាំង​ពីរ។ ចូរ​លើក​តម្កើង​និង​ច្រៀង​សរសើរ​ព្រះ​នាម​ព្រះ​អង្គ។ ចូរ​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ស្គាល់​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​លើក​តម្កើង​ព្រះ​អង្គ​ដោយ​ឥត​ឈប់​ឈរ! ​គួរ​ឲ្យ​លាក់​រឿង​សំងាត់​របស់​ព្រះ​មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​លើក​តម្កើង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ត្រូវ​ប្រកាស​ឲ្យ​គេ​បាន​ស្គាល់​គ្រប់​គ្នា​ផង។ ចូរ​លើក​តម្កើង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​មុខ​ជា​មិន​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ឡើយ។ ​ការ​អធិដ្ឋាន​ដោយ​ស្មោះ និង​ការ​ចែក​ទាន​ដោយ​ចិត្ត​សុចរិត ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត! ការ​ចែក​ទាន​ឲ្យ​គេ ប្រសើរ​ជាង​ប្រមូល​មាស​ទុក។ ៩​ដ្បិត​ការ​ចែក​ទាន រំដោះ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ជម្រះ​ឲ្យ​រួច​ពី​អំពើ​បាប​គ្រប់​យ៉ាង។ អ្នក​ធ្វើ​ទាន​រមែង​មាន​អាយុ​វែង។ ១០​រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ រមែង​ក្លាយ​ជា​ខ្មាំង​សត្រូវ​របស់​ខ្លួន​ផ្ទាល់។ ១១ ពេល​នេះ​ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ទាំង​អស់​ឥត​លាក់​លៀម​អ្វី​ឡើយ។ ខ្ញុំ​ទើប​បង្រៀន​អ្នក​ទាំង​ពីរ​ថា៖ គួរ​ឲ្យ​លាក់​រឿង​សំងាត់​របស់​ព្រះ​មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​បង្ហាញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង ឲ្យ​គេ​ស្គាល់​ផង។ ១២កាល​លោក​និង​នាង​សារ៉ា​ទូល​អង្វរ​ព្រះ​អម្ចាស់ ខ្ញុំ​បាន​នាំ​ពាក្យ​អង្វរ​នេះ ទៅ​ទូល​ថ្វាយ​នៅ​ចំពោះ​ព្រះអង្គ ដែល​ប្រកប​ដោយ​សិរី​រុង​រឿង។ នៅ​ពេល​ដែល​លោក​បញ្ចុះ​សាក​សព ក៏​ខ្ញុំ​ថ្វាយ​ការ​នេះ​ទៅ​ព្រះជាម្ចាស់​ដែរ។ ១៣​នៅ​គ្រា​ដែល​លោក​មិន​រួញ​រា​នឹង​ក្រោក​ឡើង ដោយ​ទុក​អាហារ​ចោល ដើម្បី​ទៅ​បញ្ចុះ​សព​បុគ្គល​ម្នាក់។ ពេល​នោះ​ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក ដើម្បី​ល្បង​ល​លោក។ ១៤​ប៉ុន្តែ នៅ​ពេល​ជាមួយ​គ្នា​នេះ ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ព្យាបាល​លោក និង​នាង​សារ៉ា​ជា​កូន​ប្រសា​លោក ឲ្យ​បាន​ជា​សះ​ស្បើយ។ ១៥​ខ្ញុំ​ឈ្មោះ​រ៉ាផាអែល​ជា​ទេវទូត​មួយ​រូប ក្នុង​ចំណោម​ទេវទូត​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​អម្ចាស់​ ប្រកប​ដោយ​សិរី​រុង​រឿង ​នឹង​ចាំ​បម្រើ​ព្រះ​អង្គ​ជានិច្ច»។ ១៦ អ្នក​ទាំង​ពីរ​ស្រឡាំងកាំង ហើយ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី​ទាំង​ភ័យ។ ១៧​ប៉ុន្តែ ទេវទូត​ប្រាប់​គេ​ថា៖ «កុំ​ខ្លាច​អី្វ! សូម​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត! ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ១៨​ខ្ញុំ​នៅ​ជាមួយ​អ្នក​ទាំង​ពីរ គឺ​មក​ពី​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ពុំ​មែន​ដោយ​ខ្ញុំ​មាន​ចិត្ត​មេត្តា​ទេ គឺ​ព្រះជាម្ចាស់​ហើយ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​លើក​តម្កើង​ព្រះ​អង្គ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ អ្នក​ទាំង​ពីរ​ត្រូវ​ច្រៀង​សរសើរ​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ។ ១៩​ឥឡូវ​នេះ​អ្នក​ទាំង​ពីរ​ដឹង​ថា កាល​ខ្ញុំ​បរិភោគ​នោះ ខ្ញុំ​មិន​បាន​បរិភោគ​អ្វី​ឡើយ គឺ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ហាក់​ដូច​ជា​បរិភោគ​ប៉ុណ្ណោះ។ ២០​ហេតុ​នេះ​ហើយ ចូរ​លើក​តម្កើង​ព្រះ​អម្ចាស់ ចូរ​កោត​សរសើរ​ព្រះជាម្ចាស់​នៅ​លើ​ផែន​ដី​នេះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រឡប់​ទៅ​រក​ព្រះ​អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក! ចូរ​កត់​ត្រា​ទុក​ព្រឹត្តិការណ៍​ទាំង​អស់ ដែល​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ»។ លុះ​ពោល​សេចក្ដី​រួច​ហើយ ទេវ​ទូត​ក៏​យាង​ឡើង​បាត់​ទៅ។ ២១​លោក​ទាំង​ពីរ​ក្រោក​ឈរ​ឡើង ប៉ុន្តែ ពុំ​អាច​ឃើញ​ទេវទូត​ទៀត​ទេ។ ២២ លោក​ទាំង​ពីរ​នាំ​គ្នា​លើក​តម្កើង និង​ច្រៀង​កោត​សរសើរ​ព្រះជាម្ចាស់ ហើយ​ពួក​គេ​ប្រកាស​ពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​នោះ គឺ​មាន​ទេវទូត​របស់​ព្រះជាម្ចាស់​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ។