លោកតូប៊ីត (១១)

តូប៊ីត​បាន​ជា​សះស្បើយ
​ពេល​ពួក​គេ​ធ្វើ​ដំណើរ ​មក​ជិត​ដល់​កាសេរិន​ នៅ​ក្បែរ​ក្រុង​នីនីវេ ទេវ​ទូត​រ៉ាផាអែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «ប្អូន​ជ្រាប​ហើយ​ថា យើង​បាន​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​សភាព​ណា! ​ដូច្នេះ យើង​គួរ​នាំ​គ្នា​ទៅ​មុន ដើម្បី​រៀប​ចំ​ផ្ទះ​ទទួល​នាង​សារ៉ា​និង​អ្នក​ឯទៀត​ៗ​មក​តាម​ក្រោយ»។ ៤​អ្នក​ទាំង​ពីរ​ក៏​ទៅ។ ទេវទូត​រ៉ាផាអែល​ប្រាប់​លោក​តូប៊ីយ៉ា​ឲ្យ​យក​ប្រមាត់​ត្រី​ទៅ​ជាមួយ​ផង។ ឆ្កែ​ក៏​ដើរ​តាម​ពី​ក្រោយ​ពួក​គេ​ដែរ។ ​អ្នក​ស្រី​ហាណ្ណា​កំពុង​អង្គុយ​រង់​ចាំ​មើល​ផ្លូវ​កូន​ដែល​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ។ ៦​​ពេល​គាត់​ឃើញ​កូន​មក គាត់​ស្រែក​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «កូន​យើង​មក​ហើយ គឺ​មក​ជាមួយ​បុរស​ដែល​រួម​ដំណើរ​ជាមួយ!»។ ​មុន​ពេល​លោក​តូប៊ីយ៉ា​ទៅ​ដល់​ជិត​ឪពុក ទេវ​ទូត​រ៉ាផា​អែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «បង​ដឹង​ច្បាស់​ថា​ភ្នែក​របស់​ឪពុក​ប្អូន​នឹង​ភ្លឺ​ឡើង​វិញ! ៨​ចូរ​យក​ប្រមាត់​ត្រី​ទៅ​ដាក់​លើ​ភ្នែក​របស់​គាត់​ទៅ។ ថ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​សរ​លុប​បាត់។ ពេល​នោះ ភ្នែក​របស់​ឪពុក​ប្អូន​នឹង​ជា​សះ​ស្បើយ ហើយ​គាត់​នឹង​មើល​ឃើញ​ពន្លឺ​ជា​ថ្មី​ឡើង​វិញ»។ ​អ្នក​ស្រី​ហាណ្ណា​រត់​ទៅ​អោប​កូន ហើយ​ពោល​ថា៖ «ម្ដាយ​ឃើញ​កូន​ត្រឡប់​មក​វិញ ម្ដាយ​ត្រេក​អរ​ណាស់! កូន​សម្លាញ់​ម្ដាយ! ឥឡូវ​នេះ​ម្ដាយ​ស្លាប់​បិទ​ភ្នែក​ជិត​ហើយ!» គាត់​ក៏​យំ។ ១០​តូប៊ីត​ក៏​ក្រោក​ឡើង​ដែរ ហើយ​ដើរ​ចេញ​តាម​ទ្វារ​ទីធ្លា​ ទាំង​ពពីម​ពពើម។ ១១ លោក​តូប៊ីយ៉ា​ដើរ​តម្រង់​ទៅ​រក​ឪពុក ទាំង​កាន់​ប្រមាត់​ត្រី​ទៅ​ជាមួយ​ផង គាត់​ផ្លុំ​ដាក់​លើ​ភ្នែក​ឪពុក ហើយ​កាន់​ឪពុក​ជាប់​ទាំង​ពោល​ថា៖ «ពុក​អើយ! សូម​ក្លាហាន​ឡើង!»។ គាត់​ដាក់​ថ្នាំ​លើ​ភ្នែក​ឪពុក ហើយ​ទប់​ថ្នាំ​នោះ​ជាប់។ ១២​បន្ទាប់​មក យក​ដៃ​ទាំង​ពីរចាប់​បក​ស្បែក​ស​ពី​កន្ទុយ​ភ្នែក​នីមួយៗ​ចេញ។ ១៣​ពេល​នោះ លោក​តូប៊ីត​អោប​កូន​ទាំង​យំ ហើយ​មាន​ប្រសាសន៍​ថា៖ «ពុក​មើល​ឃើញ​កូន​ហើយ! កូន​អើយ! គឺ​កូន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពុក​ភ្លឺ!» ១៤​គាត់​ពោល​ទៀត​ថា៖ «សូម​លើក​តម្កើង​ព្រះជាម្ចាស់! សូម​លើក​តម្កើង​ព្រះ​នាម​ដ៏​ប្រសើរ​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ​អង្គ! សូម​លើក​តម្កើង​ពួក​ទេវទូត​របស់ ​ព្រះ​អង្គ​សូម​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ​អង្គ តាម​ថែ​រក្សា​ការពារ​យើង! សូម​លើក​តម្កើង​ពួក​ទេវទូត​របស់​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ​អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ តែ​ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ​តូប៊ីយ៉ា​កូន​ខ្ញុំ​វិញ​ហើយ!»។ ១៥​លោក​តូប៊ីយ៉ា​ចូល​ផ្ទះ​ទាំង​មាន​អំណរ ហើយ​លើក​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​យ៉ាង​ខ្លាំង។ គាត់​រៀប​រាប់​ឲ្យ​ឪពុក​ស្ដាប់ ពី​ដំណើរ​របស់​គាត់​ដែល​ប្រកប​ដោយ​ជោគ​ជ័យ គឺ​គាត់​បាន​យក​ប្រាក់​មក​វិញ និង​រៀប​ការ​ជាមួយ​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ​អែល។ គាត់​ប្រាប់​ថា៖ «នាង​មក​ជិត​ដល់​ហើយ! នាង​នៅ​ក្បែរ​ទ្វារ​ក្រុង​នីនីវេ»។ ១៦​លោក​តូប៊ីត​ត្រេក​អរ ហើយ​លើក​តម្កើង​ព្រះជាម្ចាស់​ផង រួច​ចេញ​ទៅ​ទទួល​កូន​ប្រសា​នៅ​មាត់​ទ្វារ​ក្រុង​នីនីវេ។ អ្នក​ក្រុង​នីនីវេ​ឃើញ​គាត់​ដើរ​ទៅ​មក​ដោយ​ស្រួល គ្មាន​នរណា​ដឹក​ដៃ​ដូច្នេះ គេ​នាំ​គ្នា​ស្ងើច​សរសើរ​គ្រប់​ៗ​គ្នា។ លោក​តូប៊ីត ប្រកាស​នៅ​ចំពោះ​មុខ​ពួក​គេ​ថា ព្រះជាម្ចាស់​អាណិត​មេត្តា​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​មើល​ឃើញ។ ១៧គាត់​មក​ជិត​នាង​សារ៉ា ​ជា​ភរិយា​របស់​លោក​តូប៊ីយ៉ា កូន​ប្រុស​របស់​គាត់ ហើយ​ជូន​ពរ​នាង​ដូច​ត​ទៅ៖ «សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​សេចក្ដី​សុខ! សូម​លើក​តម្កើង​ព្រះជាម្ចាស់​របស់​កូន ដែល​នាំ​កូន​ឲ្យ​មក​ផ្ទះ​យើង។ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ឪពុក​កូន! សូម​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​តូប៊ីយ៉ា​កូន​របស់​ខ្ញុំ! និង​ដល់​កូន​ផង​ដែរ។ សូម​ចូល​ក្នុង​ផ្ទះ​មក​កូន! សូម​ស្វាគមន៍! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​កូន! សូម​ឲ្យ​កូន​មាន​អំណរ​សប្បាយ! ចូល​មក​កូន​ស្រី!»។ ១៨​នៅ​ថ្ងៃ​នោះ​ជន​ជាតិ​យូដា​ទាំង​អស់​ក្នុង​ក្រុង​នីនីវេ មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ១៩​លោក​អហ៊ីការ និង​លោក​ណាដន ជា​ក្មួយ​របស់​លោក​តូប៊ីត ក៏​អញ្ជើញ​មក​ផ្ទះ​របស់​លោក ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស​លប់​ដែរ។