លោកតូប៊ីត (១០)

តូប៊ីត​និង​អ្នក​ស្រី​ហាណ្ណា​រង់ចាំ​កូន​ត្រឡប់​មក​វិញ
​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​តូប៊ីត​អង្គុយ​រាប់​ចំនួន​ថ្ងៃ ដែល​កូន​ធ្វើ​ដំណើរ​ទៅ និង​ថ្ងៃ​ដែល​កូន​ត្រូវ​ត្រឡប់​មក​វិញ។ កាល​ចំនួន​ថ្ងៃ​ទាំង​នោះ​ បាន​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​ កូន​ត្រឡប់​មក​វិញ​ទៀត។  គាត់​នឹក​គិត​ថា «ប្រហែល​ជា​គេ​ឃាត់​វា​នៅ​ទី​នោះ​ទេ​ដឹង? ឬ​ប្រហែល​ជា​លោក​កាបាអែល​ស្លាប់ ហើយ​គ្មាន​នរណា​អាច​ប្រគល់​ប្រាក់​ឲ្យ​វា​ទេ​ មើល​ទៅ?» ​គាត់​ចាប់​ផ្ដើម​ព្រួយ​បារម្ភ។ ​អ្នក​ស្រី​ហាណ្ណា​ជា​ភរិយា​ពោល​ថា៖ «កូន​ខ្ញុំ​ស្លាប់​ហើយ! វា​មិន​រស់​ទៀត​ទេ!» អ្នក​ស្រី​ចាប់​ផ្ដើម​យំ​និង រៀប​រាប់​អាណិត​កូន ដោយ​ប្រាប់​ថា៖ «កូន​អើយ! ម្ដាយ​ត្រូវ​តែ​កើត​ទុក្ខ​វេទនា! ម្ដាយ​បណ្ដោយ​ឲ្យ​កូន​ដែល​ជា​កែវ​ភ្នែក​របស់​ម្ដាយ​ ចាក​ចេញ​ទៅ!»។  លោក​តូប៊ីត​និយាយ​តប​ទៅ​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម​ម៉ែ​វា! កុំ​ព្រួយ​បារម្ភ​អ្វី! កូន​យើង​សុខ​សប្បាយ​ទេ! ពួក​គេ​ទាំង​ពីរ​មុខ​ជា​ជួប​ឧប​សគ្គ​អ្វី​មួយ​នៅ​ទី​នោះ​ហើយ ព្រោះ​អ្នក​ដែល​ធ្វើ​ដំណើរ​ជាមួយ​វា ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត និង​ជា​សាច់​ញាតិ​របស់​យើង​ទៀត។ កុំ​បារម្ភ​ពី​កូន​អី! បន្តិច​ទៀត កូន​យើង​មុខ​ជា​ត្រឡប់​មក​វិញ​មិន​ខាន!»។ ​ប៉ុន្តែ អ្នក​ស្រី​ឆ្លើយ​ថា៖ «កុំ​មាន​ប្រសាសន៍​ទៀត! សូម​ឈប់​និយាយ​កុហក​ខ្ញុំ​ទៅ! កូន​ខ្ញុំ​បាត់​បង់​ជីវិត​ទៅ​ហើយ!»។ រៀង​រាល់​ថ្ងៃ អ្នក​ស្រី​ហាណ្ណា​តែង​រូត​រះ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ទៅ​សម្លឹង​មើល​ផ្លូវ​ដែល​កូន​របស់​គាត់​ចាក​ចេញ​ទៅ ដ្បិត​គាត់​មិន​ទុក​ចិត្ត​នរណា​ទាល់​តែ​សោះ។ ពេល​ថ្ងៃ​លិច​ទើប​គាត់​ចូល​ផ្ទះ​វិញ ហើយ​យំ​សោក​សៅ​ពេញ​មួយ​យប់​សម្រាន្ត​មិន​លក់​សោះ។ ៨​លុះ​ពិធី​រៀប​មង្គល​ការ​កូន​ស្រី​របស់​លោក​រ៉ាគូអែល​ក្នុង​រយៈ​ពេល​ដប់​បួន​ថ្ងៃ តាម​ពាក្យ​សម្បថ​របស់​លោក​ បាន​ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ីយ៉ា​ ទៅ​ជម្រាប​លោក​រ៉ាគូអែល​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ ឲ្យ​កូន​ចាក​ចេញ​ទៅ​ផ្ទះ​របស់​ឪពុក​កូន​វិញ ដ្បិត​កូន​ដឹង​ច្បាស់​ថា ឪពុក​ម្ដាយ​របស់​កូន មុខ​ជា​អស់​សង្ឃឹម​ថា​បាន​ជួប​មុខ​កូន​ទៀត​ហើយ!។ ហេតុ​នេះ សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​កូន​ត្រឡប់​ ទៅ​ផ្ទះ​របស់​ឪពុក​​កូន​ផង! ដូច​កូន​ធ្លាប់​បាន​រៀប​រាប់ អំពី​សភាព​រស់​នៅ​របស់​ឪពុក​កូន ជូន​លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ!»។ ប៉ុន្តែ លោក​រ៉ាគូអែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «កូន​អើយ! ចូរ​នៅ​ទី​នេះ​ជាមួយ​ឪពុក​ហើយ! ពុក​នឹង​ចាត់​អ្នក​នាំ​សារ ឲ្យ​យក​ដំណឹង​នេះ ទៅ​ប្រាប់​ឪពុក​របស់​កូន»។ លោក​តូប៊ីយ៉ា​តប​ថា៖ «ទេ! សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​កូន​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​កូន​វិញ​ផង!»។ ១០​ពេល​នោះ លោក​រ៉ាគូអែល​ប្រគល់​នាង​សារ៉ា​ជា​ភរិយា​ទៅ​ឲ្យ​លោក​តូប៊ីយ៉ា ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ចំនួន​ពាក់​កណ្ដាល​របស់​លោក​ អ្នក​បម្រើ​ប្រុស​ស្រី​ គោ​ចៀម​ លា​ អូដ្ឋ​ សម្លៀក​បំពាក់​ មាស ប្រាក់ និង​របស់​របរ​ផ្សេងៗ​ទៀត​ជាច្រើន។ ១១​លោក​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ ទាំង​សប្បាយ​រីក​រាយ។ លោក​ជូន​ពរ​លោក​តូប៊ីយ៉ា​ដូច​តទៅ៖ «សូម​ឲ្យ​កូន​មាន​សុខ​ភាព​ល្អ! កូន​អើយ សូម​ធ្វើ​ដំណើរ​ទៅ​ដោយ​សុវត្តិភាព! សូម​ព្រះ​អម្ចាស់​នៃ​ស្ថាន​បរម​សុខ​ដឹក​នាំ​កូន និង​នាង​សារ៉ា​ជា​ភរិយា​របស់​កូន​ផង! សូម​ឲ្យ​ពុក​អាច​ឃើញ​មុខ​ចៅ មុន​ពេល​ពុក​ចែក​ស្ថាន​ទៅ!»។ ១២​លោក​ពោល​ទៅ​កាន់​នាង​សារ៉ា​ជា​កូន​ស្រី​គាត់​ថា៖ «ចូរ​កូន​ទៅ​ផ្ទះ​ឪពុក​ក្មេក​របស់​កូន​ចុះ! តាំង​ពី​នេះ​តទៅ ឪពុក​ម្ដាយ​របស់​ប្ដី​កូន​ក៏​ដូច​ជា​ឪពុក​ម្ដាយ​បង្កើត​របស់​កូន​ដែរ។ ចូរ​ទៅ​ឲ្យ​បាន​សុខ​សាន្ត​ចុះ! កូន​ស្រី​អើយ! សូម​ឲ្យ​ពុក​ឮ​គេ​និយាយ​ល្អ​អំពី​កូន​ស្រី គ្រប់​ពេល​ដែល​ឪពុក​នៅ​មាន​ជីវិត»។ បន្ទាប់​មក គាត់​លើក​ដៃ​ជូន​ពរ​គេ​ហើយ​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ។ ១៣​អ្នក​ស្រី​អេដណា​ពោល​ទៅ​កាន់​លោក​តូប៊ីយ៉ា​ថា៖ «កូន​ដ៏​ជា​ទី​ស្រឡាញ់! សូម​ព្រះ​អម្ចាស់​នាំ​កូន​ត្រឡប់​មក​វិញ! សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ដាយ​មាន​អាយុ​វែង ដើម្បី​បាន​ឃើញ​មុខ​ចៅ មុន​នឹង​ម្ដាយ​ចែក​ស្ថាន​ទៅ។ ដោយ​មាន​ព្រះ​អម្ចាស់​ជា​សាក្សី​ម្ដាយ​សូម​ប្រគល់​កូន​ស្រី ឲ្យ​កូន​ថែ​រក្សា​នាង។ ចូរ​កូន​កុំ​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​អស់​មួយ​ជីវិត​កូន​អើយ! សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ!  ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ម្ដាយ​គឺ​ជា​ម្ដាយ​របស់​កូន​ហើយ​នាង​សារ៉ា​ជា​ភរិយា​របស់​កូន។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ជួប​តែ​សេចក្ដី​សុខ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត ដូច​នៅ​ថ្ងៃ​នេះ!» រួច​គាត់​អោប​ថើប​កូន​ទាំង​ពីរ និង​ឲ្យ​គេ​ចេញ​ដំណើរ​ដោយ​សប្បាយ​រីក​រាយ។ ១៤​ដូច្នេះ​លោក​តូប៊ីយ៉ា​ចាក​ចេញ​ពី​ផ្ទះ​លោក​រ៉ាគូអែល​ទាំង​ចិត្ត​អំណរ​សប្បាយ និង​លើក​តម្កើង​ព្រះ​អម្ចាស់​នៃ​ផ្ទៃ​មេឃ និង​ផែន​ដី​គឺ​ជា​ព្រះ​មហា​ក្សត្រ​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះ​អង្គ​បាន​ប្រោស​ឲ្យ​គាត់​ធ្វើ​ដំណើរ​ប្រកប​ដោយ​ជោគ​ជ័យ។ លោក​រ៉ាគូអែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖  «សូម​ឲ្យ​កូន​មាន​អំណរ​សប្បាយ ដោយ​គោរព​បម្រើ​ឪពុក​ម្ដាយ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត»។