លោកតូប៊ីត (០១)

​បុរេកថា
១​នេះ​ជា​សៀវភៅ​រៀប​រាប់​ អំពី​ជីវប្រវត្តិ​របស់​លោក​តូប៊ីត ជា​កូន​របស់​លោក​តូប៊ី​អែល ជា​កូន​របស់​លោក​អាណា​នីអែល ជា​កូន​របស់​លោក​កាបាអែល ជា​កូន​របស់​លោក​អឌូអែល ជា​កូន របស់​លោក​កាបាអែល​ ជា​កូន​របស់​លោក​រ៉ាផាអែល ជា​កូន​របស់​រ៉ាគូអែល ជា​ពូជ​ពង្ស​របស់​លោក​អរីអែល ក្នុង​កុលសម្ព័ន្ធ​ណែបថាលី។ លោក​រស់​នៅ​តំបន់​ណែបថាលី​នៃ​ស្រុក​កាលីឡេ​ប៉ែក​ខាង​លើ ក្នុង​ភូមិ​ទីសបេ​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ភូមិ​គីដូស នៅ​ខាង​កើក​ភូមិ​ហាត់ស៊រ និង​នៅ​ខាង​ជើង​ភូមិ​ផូគរ។ នៅ​រជ្ជកាល​ព្រះ​ចៅ​សាល​ម៉ាណា​សារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​លោក​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។

លោកតូប៊ីត
៣​ខ្ញុំ​តូប៊ីត បាន​ដើរ​តាម​មាគ៌ា​នៃ​សេចក្ដី​ពិត​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​រៀង​រាល់ថ្ងៃ​អស់​មួយ​ជីវិត។ ខ្ញុំ​តែង​តែ​ចែក​ទាន​ដល់​បង​ប្អូន និង​ដល់​ជន​រួម​ជាតិ​ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជាមួយ​ខ្ញុំ ទៅ​ក្រុង​នីនីវេ ក្នុង​ស្រុក​អាស្ស៊ីរី។

កាល​ពី​ក្មេង ខ្ញុំ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្ញុំ គឺ​នៅ​ស្រុក​អ៊ីស្រាអែល។ កុលសម្ព័ន្ធ​ណែប​ថាលី បុព្វ​បុរស​របស់​ខ្ញុំ បាន​ឃ្លាត​ចេញ​ពី​រាជ​វង្សានុវង្ស​របស់​ព្រះ​បាទ​ដាវីឌ និង​ពី​ក្រុង​យេរូសាឡឹម។ ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ក្រុង​នេះ ពី​ចំណោម​កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​ របស់​ជន​ជាតិ​អ៊ីស្រាអែល សម្រាប់​ធ្វើ​ជា​កន្លែង​ថ្វាយ​យញ្ញ​បូជា។ នៅ​ក្នុង​នេះ គេ​សង់​ព្រះ​វិហារ ដែល​ជា​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ញាតិសន្ដាន​របស់​ខ្ញុំ និង​កុលសម្ព័ន្ធ​ណែប​ថាលី​ជា​បុព្វ​បុរស​របស់​ខ្ញុំ ធ្លាប់​ធ្វើ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​ក្នុង​ស្រុក​កាលី​ឡេ ថ្វាយ​រូប​កូន​គោ​ដែល​ព្រះ​បាទ​យេរ៉ូ​បោម ជា​ស្ដេច​អ៊ីស្រាអែល​បាន​តម្កល់​នៅ​ក្រុង​ដាន់។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​ម្នាក់​ឯង ទៅ​កាន់​ស្រុក​យេរូសាឡឹម​ តាម​ធម្ម​វិន័យ​របស់​លោក​ម៉ូសេ ដែល​បាន​បញ្ជា​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​មូល ទុក​ជា​ក្រិត​សម្រាប់​អនុវត្ត​រហូត​ត រៀង​ទៅ។ ខ្ញុំ​តែង​យក​ផល​ដំបូង​នៃ​ភោគ​ផល​របស់​ខ្ញុំ កូន​សត្វ​កើត​មុន​គេ​ សត្វ​មួយ​ភាគ​ដប់​ក្នុង​ហ្វូង​សត្វ ព្រម​ទាំង​រោម​ចៀម​ដែល​កាត់​មុន​គេ​ មក​ថ្វាយ​ព្រះ​អង្គ។

ខ្ញុំ​តែង​តែ​ជូន​អស់​លោក​បូជាចារ្យ​ ជា​ពូជ​ពង្ស​លោក​អរ៉ុន សម្រាប់​ថ្វាយ​លើ​អាសនៈ។ ខ្ញុំ​ក៏​យក​ស្រូវ ស្រា ផ្លែ​អូលីវ ផ្លែ​ទទឹម ផ្លែ​ឧទុម្ពរ និង​ផ្លែ​ឈើ​ដទៃ​ទៀត​មួយ​ភាគ​ដប់ ជូន​កូន​ចៅ​លោក​លេវី ដែល​បម្រើ​ក្នុង​ព្រះ​វិហារ​នៅ​ក្នុង​យេរូសាឡឹម​ដែរ។ ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​តែ​យក​ប្រាក់​មួយ​ភាគ​ដប់​របស់​ខ្ញុំ ទៅ​ចាយ​ក្នុង​ក្រុង​យេរូសាឡឹម ហើយ​មួយ​ភាគ​ដប់​ទៀត ទៅ​ចែក​ឲ្យ​ក្មេង​កំព្រា ស្ត្រី​មេ​ម៉ាយ និង​ជន​បរទេស ដែល​រស់នៅ​ជាមួយ​ជន​ជាតិ​អ៊ីស្រាអែល។ បី​ឆ្នាំ​ម្ដង ខ្ញុំ​តែង​យក​ប្រាក់​នេះ​ទៅ​វិញ អាហារ​បរិភោគ​ជាមួយ​គ្នា ដូច​មាន​ចែង​ក្នុង​គម្ពីរ​ធម្ម​វិន័យ​របស់​លោក​ម៉ូសេ និង​តាម​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ស្រី​ដេបូរា​ ជា​ម្ដាយ​លោក​អាណា​នីអែល ដែល​ត្រូវ​ជា​ឪពុក​ខ្ញុំ។ លោក​ឪពុក​ខ្ញុំ​បាត់​បង់​ជីវិត​ទៅ ទុក​ឲ្យ​ខ្ញុំ​នៅ​កំព្រា​តាំង​ពី​កុមារ​ម៉្លេះ។ ពេល​ខ្ញុំ​ពេញ​វ័យ​ចំរើន​ឡើង ខ្ញុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​របស់​ដូន​តា​យើង។ នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ខ្ញុំ​ដាក់​ឈ្មោះ​ថា​តូប៊ីយ៉ា។ ១០ពេល​ខ្មាំង​កៀរ​ប្រជា​ជន​អ៊ីស្រាអែល យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ខ្ញុំ​ក៏​ត្រូវ​គេ​កៀរ​ទៅ​ជាមួយ​ពួក​គេ ហើយ​មក​រស់​នៅ​ក្នុង​ក្រុង​នីនីវេ​ដែរ។ ញាតិ​សន្តាន​និង​ជន​រួម​ជាតិ​របស់​ខ្ញុំ នាំគ្នា​បរិភោគ​ចំណី​អាហារ​របស់​សាសន៍​ដទៃ។ ១១រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​បរិភោគ​អាហារ​របស់​ជាតិ​សាសន៍​ដទៃ​ ជា​ដាច់​ខាត។ ១២ដោយ​ខ្ញុំ​នឹង​ដល់​ព្រះ​របស់​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ១៣ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​គាប់​ព្រះ​ហឫទ័យ​ព្រះ​ចៅ​សាល​ម៉ាណេ​សារ។ ព្រះ​រាជា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទិញ​របស់​របរ​ដែល​ទ្រង់​ត្រូវ​ការ។ ១៤ដូច្នេះ ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ទិញ​ឥវ៉ាន់​ថ្វាយ​ព្រះ​រាជា រហូត​ដល់​ស្ដេច​សោយ​ទិវង្គត។ នៅ​ថ្ងៃ​មួយ​ខ្ញុំ​យក​ប្រាក់​បី​រយ​គីឡូ​ដាក់​ក្នុង​ថង់ ផ្ញើ​នឹង​លោក​បាកាអែល ដែល​ជា​បង​ប្អូន​របស់​លោក​កាព្រី រស់នៅ​ស្រុក​ម៉ែដ​នោះ។

១៥ពេល ​ព្រះ​ចៅ​ សាល​ម៉ាណេសារ​ សោយ​ទិវង្គត ព្រះ​បាទ​សេណា​កេរិប​ជា​រាជ​បុត្រ ក៏​ឡើង​ស្នង​រាជ​ជំនួស​បិតា។ ពេល​នេះ ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ​គ្មាន​សន្តិ​សុខ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ទៅ​ស្រុក​នោះ​ទៀត​បាន​ដែរ។ ១៦ក្នុង​រាជ​កាល​ព្រះបាទ​សាល​ម៉ាណេ​សារ ខ្ញុំ​តែង​តែ​ធ្វើ​ទាន​ជា​ច្រើន​ចំពោះ​បង​ប្អូន​រួម​ឈាម​របស់​ខ្ញុំ ១៧ដោយ​ចែក​រំលែក​អាហារ​របស់​ខ្ញុំ​ឲ្យ​អ្នក​ស្រែក​ឃ្លាន និង​ចែក​សំលៀក​បំពាក់​ឲ្យ​អ្នក​ដែល​គ្មាន។ ប្រសិន​បើ​ខ្ញុំ​ឃើញ​សាក​សព​របស់​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​គេ​ទុក​ចោល​ក្រៅ​កំពែង​ក្រុង​នីនីវេ ខ្ញុំ​តែង​តែ​យក​សព​ទាំង​នោះ​ទៅ​កប់។ ១៨ខ្ញុំ​ក៏បាន​បញ្ចុះ​សាក​សព​អស់​អ្នក ដែល​ព្រះ​បាទ​សេណេការិប​ប្រហារ​ជីវិត នៅ​ពេល​ទ្រង់​បាក់​ទ័ព ស្ដេច​ត្រឡប់​ពី​ស្រុក​យូដា​វិញ។ ពេល​នោះ ព្រះជាម្ចាស់ ជា​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរម​សុខ បាន​ដាក់​ទោស​ស្ដេច ព្រោះ​ទ្រង់​បាន​ប្រមាថ​ព្រះជាម្ចាស់។ ដូច្នេះ ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង ហើយ​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល​ជាច្រើន​នាក់។ ប៉ុន្តែ ខ្ញុំ​លួច​សាក​សព​របស់​ពួក​គេ​ទៅ​បញ្ចុះ។ ព្រះ​បាទ​សេណាកេរិប ឲ្យ​គេ​រក​សាក​សព​ទាំង​នោះ​តែ​រក​មិន​ឃើញ។

១៩ពេល​នោះ អ្នក​ក្រុង​នីនីវេ​ម្នាក់​ទៅ​ទូល​ព្រះ​រាជា​ថា ខ្ញុំ​ជា​អ្នក​បញ្ចុះ​សាក​សព​ទាំង​នោះ។ ហេតុ​នេះ​ ខ្ញុំ​ត្រូវ​លាក់​ខ្លួន។ កាល​ខ្ញុំ​ដឹង​ថា ព្រះ​រាជា​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​ឲ្យ​គេ​តាម​រក​ខ្ញុំ ដើម្បី​ប្រហារ​ជីវិត ខ្ញុំ​ភ័យ​ខ្លាច ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ។ ២០រដ្ឋ​អំណាច​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ នៅ​សល់​តែ​នាង​ហាណ្ណា​ជា​ភរិយា និង​តូប៊ីយ៉ា​ជា​កូន​ប៉ុណ្ណោះ។ ២១សែសិប​ថ្ងៃ​ក្រោយ​មក ព្រះ​រាជ​បុត្រ​ពីរ​អង្គ បាន​ធ្វើ​គុត​ព្រះ​ចៅ​សាណា​កេរិប​ជា​បិតា រួច​រត់​គេច​ខ្លួន​ទៅ​កាន់​ភ្នំ​អរ៉ារ៉ាត់។ ព្រះ​បាទ​អសា​រ៉ា​ដូន ជា​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ទៀត ក៏​ឡើង​ស្នង​រាជ្យ​ជំនួស​បិតា។ ទ្រង់​តែង​តាំង​លោក​អហ៊ីការ ដែល​ជា​កូន​របស់​លោក​អណ្ណា​អែល ជា​បង​ប្អូន​ខ្ញុំ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ ក្នុង​រាជា​ណាចក្រ។ ដូច្នេះ ក្មួយ​របស់​ខ្ញុំ​មាន​អំណាច​ត្រួត​ត្រា​រាជការ​ទាំង​មូល។ ២២ក្នុង​រជ្ជ​កាល ព្រះ​ចៅ​សេណា​កេរិប ស្ដេច​ស្រុក​អាស្ស៊ីរី លោក អហ៊ីការ​ទទួល​មុខងារ​ជា​រាជ​បម្រើ ចាក់​ស្រា​ថ្វាយ​ព្រះ​រាជា ជា​មន្ត្រី​ក្រសួង​យុត្តិធម៌ អ្នក​គ្រប់​គ្រង​រាជការ និង​ជា​មន្ត្រី​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ។ ក្រោយ​មក ព្រះ​ចៅ​អសា​រ៉ាដូន តែង​តាំង​ឲ្យ​លោក​បន្ត​មុខ​ងារ​ទាំង​នេះ​តទៅ​ទៀត។ លោក អហ៊ីការ ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​ខ្ញុំ អាច​ត្រឡប់​មក​រស់នៅ​ក្រុង​នីនីវេ​វិញ។