ធីម៉ូថេ (០២)

ពាក្យ​ទូន្មាន​ក្នុង​ការ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់
1 ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូល​សូម​ព្រះ‌ជាម្ចាស់ អធិស្ឋាន* និង​អង្វរ​ព្រះ‌អង្គ ទាំង​អរ​ព្រះ‌គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។ 2 ត្រូវ​ទូល‌អង្វរ​សម្រាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​រូប ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​ចលាចល ទាំង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​អស់​ពី​ចិត្ត និង​មាន​ជីវិត​ថ្លៃ‌ថ្នូរ។ 3 នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង 4 ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់

5 ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ
មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់
និង​មនុស្ស​លោក
គឺ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។
6 ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម
ដើម្បី​លោះ​មនុស្ស​ទាំង​អស់។

នេះ​ជា​សក្ខី‌ភាព​មួយ ដែល​ព្រះ‌អង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។ 7 ព្រះ‌អង្គ​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខី‌ភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​គ្រីស្តទូត* និង​ធ្វើ​ជា​គ្រូ​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។

8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។

9 ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ 10 តែ​ត្រូវ​តុប‌តែង​ខ្លួន ដោយ​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ 11 ពេល​រៀន​ព្រះ‌គម្ពីរ ស្ត្រីៗ​ត្រូវ​នៅ​ស្ងៀម ហើយ​ស្ដាប់​បង្គាប់​ទាំង​ស្រុង។ 12 ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ត្រួត‌ត្រា​លើ​ប្ដី​ឡើយ គឺ​ឲ្យ​នាង​នៅ​ស្ងៀម​វិញ 13 ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​លោក​អដាំ​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ 14 មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ទៀត​ផង។ 15 ក៏​ប៉ុន្តែ ព្រះ‌អង្គ​សង្គ្រោះ​ស្ត្រី មក​ពី​នាង​បង្កើត​កូន ហើយ​លុះ​ត្រា​តែ​នាង​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន មាន​ចិត្ត​ស្រឡាញ់ មាន​កិរិយា​វិសុទ្ធ* និង​សុភាព​រាប‌សា​ផង។