ធីម៉ូថេ ទី២ (០២)

ទាហាន​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ត
1 ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ។ 2 សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង‌ប្អូន​ណា​ដែល​ស្មោះ‌ត្រង់ និង​មាន​សមត្ថ‌ភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។

3 ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ។ 4 ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណាឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ត។ 5 រីឯ​កីឡា‌ករ​វិញ គេ​អាច​ទទួល​ភួង​ជ័យ​បាន លុះ​ត្រា​តែ​គេ​ប្រកួត​ត្រឹម​ត្រូវ​តាម​ក្បួន។ 6 កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។ 7 ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។

8 ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ 9 ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។ 10 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ព្រម​ទាំង​ទទួល​សិរី‌រុង​រឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​នោះ​ដែរ។

11 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ
ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ
យើង​ក៏​នឹង​មាន​ជីវិត​រស់
រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។
12 ប្រសិន​បើ​យើង​ស៊ូ‌ទ្រាំ
យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះ‌អង្គ។
ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ
ព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់
យើង​វិញ​ដែរ។
13 ប្រសិន​បើ​យើង​មិន​ស្មោះ‌ត្រង់
ព្រះ‌អង្គ​នៅ​តែ​ស្មោះ‌ត្រង់​ដដែល
ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ផ្ទាល់
បាន​ឡើយ។

អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់
14 អ្នក​ត្រូវ​រំឭក​ដាស់‌តឿន​បង‌ប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ឲ្យ​គេ​ជៀស‌វាង​ឈ្លោះ​ប្រកែក​គ្នាអំពី​ពាក្យ‌ពេចន៍ ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ 15 ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណាឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះ‌អង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន‌ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិតយ៉ាង​ត្រឹម​ត្រូវ។ 16 ត្រូវ​ជៀស‌វាង​ពាក្យ​ព្រោក‌ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម‌សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោក‌ប្រាជ្ញ​បែប​នេះ តែង‌តែ​ឃ្លាត​ចេញ​ពី​ព្រះ‌ជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។ 17 ពាក្យ​សម្ដី​របស់​ពួក​គេប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌ណាស និង​ភីឡេតូស។ 18 អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង‌ប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។ 19 ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថាៈ

«ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះ‌អង្គ» 
ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ព្រះ‌នាម 
ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ 
ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»​ក។

20 នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំមិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។ 21 ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់ សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។

22 ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*នោះ​វិញ។ 23 ចូរ​ជៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ 24 រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យា‌ស្រ័យ​ដល់​គេ 25 ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ 26 ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។