ថេស្សា‌ឡូនិកទី ០២ (០២)

ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មានមុន​ព្រះ‌យេស៊ូ​យាង​មក
1 បង‌ប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុង‌រឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​ព្រះ‌អង្គ​នោះ យើង​សូម​អង្វរ​បង‌ប្អូន​ថា 2 កុំ​ប្រញាប់​ជ្រួល‌ច្របល់​ក្នុង​ចិត្ត ឬ​ភ័យ​ស្លន់​ស្លោ​ដោយ​គ្រាន់​តែ​ឮ​គេ​ថាដល់​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក​ហើយ។ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សម្ដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។ 3 កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បង‌ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។ 4 មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថាជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។

5 កាល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បង‌ប្អូន​សព្វ​គ្រប់​ហើយ តើ​បង‌ប្អូន​នៅ​ចាំ​ឬ​ទេ? 6 ឥឡូវ​នេះ បង‌ប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។ 7 គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ 8 វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ រួច​ហើយ នៅ​ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​ព្រះ‌អង្គ។ 9 រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្ដែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។ 10 វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដែល​អាច​សង្គ្រោះ​គេ​ទេ។ 11 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ឥទ្ធិ‌ពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ 12 ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ត​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។

ជីវិត​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ
13 ចំពោះ​យើង​វិញ បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​ជា‌និច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​បង‌ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ​ ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បង‌ប្អូន​ឲ្យ​បាន​វិសុទ្ធ* និង​ដោយ​បង‌ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។ 14 ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង។ 15 ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន ដោយ​ផ្ទាល់​មាត់​ក្តី ឬ​តាម​សំបុត្រ​ក្តី។

16 ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ប្រណី‌សន្ដោស​យើង ដោយ​សម្រាល​ទុក្ខ​យើង​អស់​កល្ប‌ជានិច្ច និង​ដោយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា 17 សម្រាល​ទុក្ខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បង‌ប្អូន​និយាយ។