ព្រះបាទសាឡូម៉ូន (០៦)

១ ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
តើម្ចាស់ចិត្តរបស់នាងទៅទីណា?
តើគាត់តម្រង់ទៅទិសណា?
យើងស្វែងរកគាត់ជាមួយនាងដែរ។
២ ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុង
សួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាល
ដែលមានពេញដោយផ្កាសាយគន្ធពិដោរ។
គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់
ព្រមទាំងបេះផ្កាក្រវាន់ផង។
៣ ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ
ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ
គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
៤ ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់
គឺស្អាតដូចក្រុងធើសា
ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរអោយស្ញប់ស្ញែង។
៥ ចូរកុំសម្លឹងមើលមកបងដូច្នេះ
ដ្បិតកែវភ្នែករបស់អូនធ្វើអោយបងភាំងស្មារតី
សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ
ចុះពីភ្នំនៅស្រុកកាឡាត។
៦ ធ្មេញរបស់អូនមានពណ៌ស
ដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។
វាសុទ្ធតែមានគូរបស់វា
ហើយគ្មានណាមួយនៅឯកោឡើយ។
៧ នៅពីក្រោយស្បៃ
ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។
៨ ស្ដេចមានមហេសីហុកសិបនាក់
មានស្រីស្នំប៉ែតសិបនាក់
ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា
៩ ក៏ប៉ុន្តែ ចំពោះបងវិញ
មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត
អូនល្អឥតខ្ចោះ
អូនជាកូនតែមួយគត់របស់ម្ដាយ
ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។
ពួកយុវនារីឃើញនាង
ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល
ពួកមហេសី និងពួកស្រីស្នំ
ក៏កោតសរសើរនាងដែរ។
១០ តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ
មានរូបឆោមល្អដូចព្រះច័ន្ទ
មានពន្លឺរស្មីដូចព្រះអាទិត្យ
ហើយដូចហ្វូងតារាគួរអោយស្ញប់ស្ញែងនេះ
ជានរណា?
១១ ខ្ញុំបានចុះទៅចំការដែលមានដាំដើមឈើស៊ីផ្លែ
ដើម្បីមើលកូនឈើដែលទើបនឹងដុះ
មើលទំពាំងបាយជូរដែលទើបនឹងពន្លក
មើលដើមទទឹម ក្រែងលោមានផ្កា។
១២ ខ្ញុំភាន់ភាំងស្មារតី
ទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដី
ក៏ខ្ញុំលែងយល់អ្វីទាំងអស់។