អេសាយ (៣២)

ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌
១ ពេលនោះ នឹងមានព្រះមហាក្សត្រគ្រងរាជ្យដោយសុចរិត
ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ
ដោយយុត្តិធម៌។
២ លោកទាំងនោះប្រៀបដូចជាជំរក
ការពារនៅពេលមានខ្យល់ មានព្យុះ
ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង
និងដូចជាផ្ទាំងថ្មមួយដ៏ធំ
ផ្ដល់ម្លប់ទៅលើដីហួតហែង។
៣ ភ្នែករបស់អ្នកដែលត្រូវមើល
លែងស្រវាំងទៀតហើយ
ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់
ក៏លែងថ្លង់ទៀតដែរ។
៤ អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃ
បែរជាចាប់ផ្ដើមយល់
ហើយអស់អ្នកដែលនិយាយត្រដិត
បែរជានិយាយលឿន និងច្បាស់ទៀតផង។
៥ គេលែងគោរពមនុស្សល្ងីល្ងើទុកជា
មនុស្សថ្លៃថ្នូរទៀតហើយ
ហើយក៏លែងគោរពមនុស្សវៀចវេរថា
ជាមនុស្សមានចិត្តទូលាយទៀតដែរ
៦ ដ្បិតមនុស្សល្ងីល្ងើស្រដីចេញមកតែពាក្យល្ងីល្ងើ
ចិត្តរបស់គេគិតតែពីការអាក្រក់
ពួកគេប្រព្រឹត្តអំពើព្រៃផ្សៃ
ហើយប្រមាថមើលងាយព្រះអម្ចាស់
ពួកគេមិនអោយអាហារដល់អ្នកអត់ឃ្លានទេ
ហើយថែមទាំងយកទឹកចេញពី
អ្នកដែលស្រេកទៀតផង។
៧ មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួន
គេរៀបចំគំរោងការទុច្ចរិត
ដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រ
នៅពេលជនទុគ៌តនេះទាមទាររកយុត្តិធម៌។
៨ រីឯមនុស្សថ្លៃថ្នូរវិញ
គេរៀបចំគំរោងការដ៏ថ្លៃថ្នូរ
ហើយគិតតែពីធ្វើគំរោងការថ្លៃថ្នូរនេះ។
ព្រះបន្ទូលព្រមានពួកស្ត្រីនៅក្រុងយេរូសាឡឹម
៩ ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
ឥតកង្វល់អើយ
ចូរក្រោកឡើងស្ដាប់ពាក្យយើង
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
១០ ពួកស្ត្រីដែលឥតកង្វល់អើយ
ក្នុងរយៈពេលជាងមួយឆ្នាំទៀត
អ្នករាល់គ្នានឹងត្រូវភ័យញ័រ
ដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែ
ហើយដំណាំឯទៀតៗក៏គ្មានផលដែរ។
១១ ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់
ពួកស្ត្រីដែលឥតកង្វល់អើយ
អ្នករាល់គ្នានឹងត្រូវភ័យញ័រ!
ចូរយកសម្លៀកបំពាក់ចេញ
រួចពាក់អាវកាន់ទុក្ខវិញ!
១២ ចូរនាំគ្នាគក់ទ្រូងកាន់ទុក្ខ
ហើយយំស្រណោះស្រែចំការ
និងស្រណោះចំការទំពាំងបាយជូរ
ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ!
១៣ នៅលើដីនៃប្រជាជនរបស់យើង
មានដុះសុទ្ធតែគុម្ពរពាក់ និងបន្លា
ហើយក្នុងក្រុងដ៏សប្បាយនេះ
សូម្បីតែនៅតាមផ្ទះទាំងប៉ុន្មាន
ដែលធ្លាប់មានសុភមង្គល
ក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
១៤ វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល
ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ
កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង
នឹងក្លាយទៅជាជំរករបស់លាព្រៃ
ហើយជាវាលស្មៅសំរាប់ហ្វូងចៀម។
ព្រះអម្ចាស់លើកប្រជាជនរបស់ព្រះអង្គឡើងវិញ
១៥ ប៉ុន្តែ ថ្ងៃមួយព្រះអម្ចាស់នឹងចាក់បង្ហូរ
ព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើង
ពេលនោះ វាលរហោស្ថាន
នឹងប្រែទៅជាចំការដំណាំ
ហើយចំការដំណាំមានដើមឈើដុះដេរដាស
ដូចជាព្រៃព្រឹក្សាវិញ។
១៦ ពេលនោះ អ្នកនៅតាមវាលរហោស្ថាន
នឹងរស់នៅដោយយុត្តិធម៌
ហើយអ្នកនៅតាមចំការ
ក៏នឹងរស់នៅដោយសុចរិតដែរ។
១៧ សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព
អំពើសុចរិតនឹងនាំមកនូវសន្តិសុខ
និងសេចក្ដីសុខសាន្តរហូតតទៅ។
១៨ ប្រជាជនរបស់យើងនឹងរស់នៅ
ក្នុងកន្លែងស្ងប់ស្ងាត់
គេអាស្រ័យនៅកន្លែងសាន្តត្រាណ
ហើយសំរាកនៅកន្លែងសុខក្សេមក្សាន្ត។
១៩ រីឯព្រៃព្រឹក្សានឹងត្រូវហិនហោច
ដោយសារព្រឹល
ហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។
២០ ចំពោះអ្នករាល់គ្នាវិញ
អ្នករាល់គ្នាមានសុភមង្គលហើយ
អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក
ព្រមទាំងលែងគោ និងលារបស់ខ្លួន
អោយស៊ីស្មៅតាមចិត្ត។