រ៉ូម (១៦)

ពាក្យ​សួរ​សុខ​ទុក្ខ
1 ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​មក​បង‌ប្អូន​អំពី​នាង​ផេបេ ដែល​ជា​បង‌ប្អូន​របស់​យើង គាត់​បម្រើ​ព្រះ‌សហគមន៍​នៅ​ក្រុង​សង់ក្រេ 2 សូម​បង‌ប្អូន​ទទួល​គាត់ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ឲ្យ​បាន​សម​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ។ សូម​បង‌ប្អូន​ជួយ​គាត់​ក្នុង​ករណី​ណា ដែល​គាត់​ត្រូវ​ការ​ឲ្យ​បង‌ប្អូន​ជួយ ដ្បិត​គាត់​បាន​ជួយ​រ៉ាប់​រង​បង‌ប្អូន​ជា​ច្រើន​នាក់ ហើយ​ក៏​បាន​ជួយ​ខ្ញុំ​ផង​ដែរ។

3 សូម​ជម្រាប​សួរ​នាង​ព្រីស្កា និង​លោក​អគី‌ឡាស​ឲ្យ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រីស្ដ រួម​ជា​មួយ​ខ្ញុំ 4 គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ‌គុណ​គាត់ ព្រះ‌សហគមន៍​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរ‌គុណ​គាត់​ដែរ។ 5 សូម​ជម្រាប​សួរ​ព្រះ‌សហគមន៍ ដែល​ជួប‌ជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​ឲ្យ​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អេប៉ៃ‌ណែតដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រីស្ដ​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។ 6 សូម​ជម្រាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយ‌ហត់​យ៉ាង​ច្រើន ដើម្បី​បង‌ប្អូន។ 7 សូម​ជម្រាប​សួរ​លោក​អង់ត្រូ‌នីគូស និង​នាង​យូញ៉ាស ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​គ្រីស្ដ‌ទូត*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះ‌គ្រីស្ដ​មុន​ខ្ញុំ​ផង។

8 សូម​ជម្រាប​សួរ​លោក​អំព្លីយ៉ាទូសដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់។ 9 សូម​ជម្រាប​សួរ​លោក​អ៊ូរបាន់​ដែល​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រីស្ដ​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស្តាគីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។ 10 សូម​ជម្រាប​សួរ​លោក​អប្ប៉ឺឡែស ដែល​បាន​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​ព្រះ‌គ្រីស្ដ។ សូម​ជម្រាប​សួរ​បង‌ប្អូន ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អរីស្តូប៊ូល។ 11 សូម​ជម្រាប​សួរ​លោក​ហេរ៉ូ‌ឌីយ៉ូន​ជា​សាច់‌ញាតិ​របស់​ខ្ញុំ។ សូម​ជម្រាប​សួរ​បង‌ប្អូន​ដែល​ជឿ​ព្រះ‌អម្ចាស់ និង​ជា​ក្រុម​ញាតិ​លោក​ណារគីស។ 12 សូម​ជម្រាប​សួរ​នាង​ទ្រី‌ភែន និង​នាង​ទ្រី‌ផូស នាង​ទាំង​ពីរ​បាន​នឿយ‌ហត់​បម្រើ​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​នាង​ពែរស៊ីស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​បាន​នឿយ‌ហត់​បម្រើ​ព្រះ‌អម្ចាស់។ 13 សូម​ជម្រាប​សួរ​លោក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស និង​ជម្រាប​សួរ​ម្ដាយ​របស់​គាត់​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។ 14 សូម​ជម្រាប​សួរ​លោក​អស៊ីន‌គ្រីត លោក​ផ្លេគូន លោក​ហ៊ែរម៉ាស លោក​ប៉ាត្រូ‌បាស លោក​ហ៊ែរម៉ាស និង​បង‌ប្អូន​ដែល​នៅ​ជា​មួយ​គេ។ 15 សូម​ជម្រាប​សួរ​លោក​ភីឡូ‌ឡូក នាង​យូលី លោក​នេរេ និង​ប្អូន​ស្រី​គាត់ ព្រម​ទាំង​ជម្រាប​សួរ​លោក​អូលីម‌ប៉ាស និង​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជា​មួយ​គេ​ផង​ដែរ។ 16 សូម​បង‌ប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​ផង​

ព្រះ‌សហគមន៍​ទាំង​អស់​របស់​ព្រះ‌គ្រីស្ដ សូម​ជម្រាប​សួរ​មក​បង‌ប្អូន។

ពាក្យ​ដាស់‌តឿន​ចុង​បញ្ចប់
17 បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង‌ប្អូន​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​ឲ្យ​បង‌ប្អូន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បង‌ប្អូន​បាន​ទទួល សូម​បង‌ប្អូន​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ 18 ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​ព្រះ‌គ្រីស្ដ‌ជា‌អម្ចាស់​នៃ​យើង​ទេ គឺ​គេ​បម្រើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ត​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សម្ដី​ពីរោះៗ និង​ពាក្យ​បញ្ចើច‌បញ្ចើ។ 19 រីឯ​បង‌ប្អូន​វិញ មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​បង‌ប្អូន ហើយ​ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។ 20 ព្រះ‌ជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត នឹង​កម្ទេច​មារ*​សាតាំងឲ្យ​នៅ​ក្រោម​បាត​ជើង​របស់​បង‌ប្អូន ក្នុង​ពេល​ឆាប់ៗ។ សូម​ព្រះ‌គ្រីស្ដ​ជា‌អម្ចាស់​នៃ​យើង​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន!។

21 លោក​ធីម៉ូថេដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​លូល្យូស លោក​យ៉ាសូន និង​លោក​សូស៊ី‌ប៉ាទែរ ដែល​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

22 ខ្ញុំ​ទែរទីយូសជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជម្រាប​សួរ​មក​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ 23 លោក​កៃយូស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ព្រះ‌សហគមន៍​ទាំង​មូល ឲ្យ​ជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បង‌ប្អូន លោក​អេរ៉ាស្ត្រ ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​គ័រទូស ជា​បង‌ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។ [24 សូម​ព្រះ‌គ្រីស្ដ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​ទាំង​អស់​គ្នា! អាម៉ែន]។

25 ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាពនឹង​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ តាម​តែ​ព្រះ‌ជាម្ចាស់​បាន​សម្ដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង ដែល​ព្រះ‌អង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក 26 តែ​ទ្រង់​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់នៅ​ពេល​នេះ​តាម‌រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​បាន​ស្គាល់ ហើយ​ឲ្យ​គេ​ជឿ និង​ស្ដាប់​តាម។ 27 មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។