រ៉ូម (១៥)

ត្រូវ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត
1 ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំ‌មួន យើង​មាន​ភារ‌កិច្ច​ជួយ​អ្នកដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។ 2 យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​ឲ្យ​ចម្រើន​ឡើង​ 3 ដ្បិត​ព្រះ‌គ្រីស្ដ​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ»4 អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។ 5 សូម​ព្រះ‌ជាម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ‌ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះ‌គ្រីស្ដ‌យេស៊ូ 6 ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​អម្ចាស់​នៃ​យើង។

ដំណឹង‌ល្អ​សម្រាប់​ប្រជា‌ជាតិ​ទាំង​អស់
7 ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​បាន​ដូច​ព្រះ‌គ្រីស្ដ​ទទួល​បង‌ប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ 8 ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ព្រះ‌គ្រីស្ដ​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្ដែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះ‌អង្គ។ 9 រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថាៈ

«ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល 
ស្គាល់​ព្រះ‌អង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា 
ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង 
ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ»

10 មាន​ចែង​ទៀត​ថាៈ

«ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ 
ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទៅ!»

11 ហើយ​មាន​ចែង​ទៀត​ថាៈ

«ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ 
ចូរ​កោត​សរសើរ​ព្រះ‌អម្ចាស់ 
ត្រូវ​ឲ្យ​ប្រជា‌រាស្ដ្រ​ផង​ទាំង​ពួង 
ច្រៀង​សរសើរ​ព្រះ‌អង្គ»

12 ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថាៈ

«ពូជ​របស់​លោក​យេសាយ​នឹង​មក​ដល់ 
ព្រះ‌អង្គ​នឹង​ក្រោក​ឡើង 
ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា 
ហើយ​ជាតិ​សាសន៍​ទាំង​នោះ 
នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ»

13 សូម​ព្រះ‌ជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​ប្រោស​បង‌ប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

សកម្ម‌ភាព និង​គម្រោង‌ការ​របស់​លោក​ប៉ូល
14 បង‌ប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បង‌ប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ‌ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែម​ទៀត​ផង។ 15 ក៏​ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់‌តឿន​បង‌ប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សម្អាង​លើ​មុខ‌ងារ​គ ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ 16 ឲ្យ​បម្រើ​ព្រះ‌គ្រីស្ដ‌យេស៊ូ​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ជា​មុខ‌ងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ និង​ជា​តង្វាយ​ដែល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ប្រោស​ឲ្យ​បាន​វិសុទ្ធ។ 17 ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ ចំពោះ​កិច្ច‌ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះ‌ជាម្ចាស់​ 18 ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ​ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ដ​បាន​ធ្វើ​តាម‌រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ច‌ការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ 19 ព្រះ‌អង្គ​សម្ដែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះ‌អង្គ​សម្ដែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រីស្ដ​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីល្លីរី​ង។ 20 ក៏​ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រីស្ដ​នៅ​ឡើយ ដើម្បី​ជៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ 21 គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ

«អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង 
អំពី​ព្រះ‌អង្គ មុខ​ជា​ឃើញ 
ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ 
មុខ​ជា​បាន​យល់»

គម្រោង‌ការ​របស់​លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម
22 ការ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ខាន​ជា​ច្រើន​ដង មិន​បាន​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន។ 23 ប៉ុន្តែ ឥឡូវ​កិច្ច‌ការ​របស់​ខ្ញុំ​ក្នុង​ភូមិ​ភាគ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ។ ម្យ៉ាង​ទៀត តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​បំណង​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន​ជា​ខ្លាំង 24 នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស៉្បាញ។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឆៀង​ចូល​មក​ជួប​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​ជួយ​ខ្ញុំ​បន្ដ​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន​បន្ដិច​មក។ 25 ប៉ុន្តែ ពេល​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​បម្រើ​ប្រជា‌ជន​ដ៏‌វិសុទ្ធ* 26 ដ្បិត​បង‌ប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បង‌ប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌វិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡឹម។ 27 បង‌ប្អូន​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ដូច្នេះ ព្រោះ​គេ​មាន​ជំពាក់​បំណុល​ម្យ៉ាង គឺ​បង‌ប្អូន​សាសន៍​ដទៃ​បាន​ទទួល​សម្បត្តិ​ខាង​វិញ្ញាណ រួម​ជា​មួយ​សាសន៍​យូដា​យ៉ាង​ណា គេ​ក៏​ត្រូវ​យក​សម្បត្តិ​ខាង​លោកីយ៍ទៅ​ជួយ​សាសន៍​យូដា​យ៉ាង​នោះ​ដែរ។ 28 ពេល​ណា​ខ្ញុំ​បំពេញ​កិច្ច‌ការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន។ 29 ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មក​រក​បង‌ប្អូន​នោះ ខ្ញុំ​មាន​ទាំង​ព្រះ‌ពរ​គ្រប់​យ៉ាង​របស់​ព្រះ‌គ្រិស្ដ​មក​ជា​មួយ​ផង​ច។

30 បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង‌ប្អូន ក្នុង​នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ​ផង 31 ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ ដោយ​អំណរ។ 32 ដូច្នេះ ខ្ញុំ​នឹង​មក​ដល់​បង‌ប្អូនទាំង​សប្បាយ​ចិត្ត ហើយ​ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​សម្រាក​នៅ​ជា​មួយ​បង‌ប្អូន។ 33 សូម​ព្រះ‌ជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា! អាម៉ែន!។