រ៉ូម (១៣)

ការ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ
1 មនុស្ស​គ្រប់​រូប​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អង្គ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង។ 2 ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​អាជ្ញា‌ធរ ក៏​ដូច​ជា​ប្រឆាំង​នឹង​របៀប​រៀប‌រយ ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ចែង​នោះ​ដែរ ហើយ​អ្នក​ដែល​ប្រឆាំង មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​មិន​ខាន។ 3 អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន 4 ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ត​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញា‌ធរ​មិន​មែន​កាន់​អំណាច​កជា​អាសា​ឥត​ការ​ទេ គឺ​គេ​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ដើម្បី​ធ្វើ​ទណ្ឌ‌កម្ម ដាក់​ទោស​ខ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។ 5 ដូច្នេះ ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មន‌សិការ​គផង។

6 ហេតុ​នេះ​ហើយ​បាន​ជា​បង‌ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​បំពេញ​កិច្ច‌ការ​នេះ​យ៉ាង​ហ្មត់‌ចត់។ 7 ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង‌ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បង‌ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា​ដែល​បង‌ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា​ដែល​បង‌ប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា​ដែល​បង‌ប្អូន​ត្រូវ​គោរព។

ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក
8 មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ*​សព្វ​គ្រប់​ហើយ 9 ព្រោះ​វិន័យ​ដែល​ចែង​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភ‌លន់»​ឃ និង​វិន័យ​ឯ‌ទៀតៗ​សង្ខេប​មក​ជា​វិន័យ​តែ​មួយ​នេះ ថា «ចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»​ង។ 10 អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ​បាន​ពេញ​លក្ខណៈ។

ការ​រៀបចំ​ខ្លួន​រង់‌ចាំ​ទទួល​ព្រះ‌អម្ចាស់
11 បង‌ប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។ 12 យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ចក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ឆ​ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។ 13 ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តំរា មិន​ប្រាស​ចាក​សីល‌ធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។ 14 ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ដ ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់‌ខ្វាយ តាម​ការ​លោភ‌លន់​របស់​លោកីយ៍​នោះ​ឡើយ។