វិវរណៈ (០៩)

 ទេវទូត*​ទី​ប្រាំ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ផ្កាយ​នោះ​ទទួល​កូន​សោ​រណ្ដៅ​នរក​អវិចី ហើយ​បើក​ទ្វារ​រណ្ដៅ​នរក​ អវិចី​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​មក ដូច​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ​មួយ​យ៉ាង​ធំ។ ពេល​នោះ ព្រះអាទិត្យ និង​លំហ​អាកាស​ប្រែ​ទៅ​ជា​ងងឹត ព្រោះ​តែ​ផ្សែង​ដែល​ហុយ​ចេញ​ពី​រណ្ដៅ។  មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យាដំរី​ដែរ។ កណ្ដូប​ទាំង​នោះ​បាន​ទទួល ​បំរាម មិន​អោយ​បំផ្លាញ​តិណជាតិ​នានា​លើ​ផែនដី រុក្ខជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់ បោះ​សំគាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។ កណ្ដូប​ទាំង​នោះ​ពុំ​បាន​ ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​អោយ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​អោយ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យាដំរី​ទិច​ដែរ។ នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។  កណ្ដូប​ទាំង​នោះ​មាន​រាង​ ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។ វា​មាន​សក់​វែង​ដូច​សក់​ស្ត្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សឹង្ហ។ វា​មាន​គ្រឿង​ក្រោះ​ដូច​ អាវក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។ ១០ កន្ទុយ​របស់​វា​មាន​ទ្រនិច​ដូច​ខ្យាដំរី ហើយ​មាន​អំណាច​នឹង​អោយ​មនុស្សម្នា​ឈឺ​ចុក​ចាប់​អស់​រយៈ​ពេល​ប្រាំ​ខែ។ ១១ កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ូល្យ៉ូន។

១២ លុះ​ទុក្ខ​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ពីរ​ទៀត​ក៏​កើត​មក​តាម​ក្រោយ។

១៣ ទេវទូត​ ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​​ព្រះជាម្ចាស់។ ១៤ សំឡេង​នោះ ពោល​មក​កាន់​ទេវទូត​ទី​ប្រាំ​មួយ ដែល​មាន​ត្រែ​នៅ​ដៃ​ថា៖ «ចូរ​ស្រាយ​ទេវទូត​ទាំង​បួន​រូប ដែល​ជាប់​ចំណង​នៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត​នោះ​ទៅ!»។ ១៥ គេ​ក៏​ស្រាយ​ទេវទូត​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។ ១៦ ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។ ១៧ ក្នុង​និមិត្ត​ហេតុ​ អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ​មាន​រាង​ដូច​ជា​ក្បាល​សឹង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។ ១៨ មនុស្ស​មួយ​ភាគ​បី​បាន​ ស្លាប់ ដោយសារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ ១៩ ដ្បិត​អំណាច​របស់​សេះ​ ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​អោយ​មនុស្ស​វេទនា ដោយសារ​តែ​ក្បាល​ហ្នឹង​ឯង។

២០ រីឯ​ មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយបង្គំ​ខ្មោច ថ្វាយបង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។ ២១ គេ​ក៏​ពុំ​ព្រម​កែ​ប្រែ ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឃាតកម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាសចាក​សីលធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ដែរ។