វិវរណៈ (០៨)

កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ
 ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង ខ្ញុំ​ក៏​បាន​ឃើញ​ទេវទូត*​ប្រាំពីរ​រូប​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះជាម្ចាស់ ទទួល​ត្រែ​ប្រាំពីរ។ ៣ មាន​ទេវទូត*​មួយ​រូប​ទៀត​ មក​ឈរ​នៅ​ជិត​អាសនៈ* ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវទូត​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។  ផ្សែង​គ្រឿង​ក្រអូប​នោះ​ ក៏​ហុយ​ចេញ​ពី​ដៃ​ទេវទូត ឡើង​ទៅ​លើ​​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ចំពោះ​ ព្រះភក្ត្រ​របស់​ព្រះជាម្ចាស់។ ទេវទូត​បាន​យក​ពាន ហើយ​យក​ភ្លើង​ពី​អាសនៈ មក​ដាក់​ពេញ​ពាន​នោះ រួច​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ផ្គរលាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ​ព្រម​ទាំង​មាន​រញ្ជួយ​ផែនដី​ផង។

សំឡេង​ត្រែ​ទាំង​ប្រាំ​មួយ
 ទេវទូត​ទាំង​ប្រាំពីរ ដែល​កាន់​ត្រែ​ទាំង​ប្រាំពីរ​នោះ​ប្រុង​ប្រៀប​ផ្លុំ។

 ទេវទូត​ទី​ មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។ ទេវទូត​ទី​ពីរ​ផ្លុំ​ត្រែ​ ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ទឹក​សមុទ្រ​មួយ​ភាគ​បី ក៏​ក្លាយ​ទៅ​ជា​ឈាម សត្វ​ទាំងឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។

១០ ទេវទូត​ ទី​បី​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ដូច​ចន្លុះ ធ្លាក់​ពី​លើ​មេឃ​មក។ ផ្កាយ​នោះ​ធ្លាក់​មក​ក្នុង​ទន្លេ​ទាំងឡាយ​អស់​មួយ​ភាគ​បី ហើយ​ក៏​ធ្លាក់​មក​លើ​ប្រភព​ទឹក​នានា​ដែរ។ ១១ ផ្កាយ​នោះ​មាន​ឈ្មោះ​ថា «ផ្លែ​ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល បណ្ដាល​អោយ​មនុស្ស​ជា​ច្រើន​ស្លាប់ ព្រោះ​តែ​ជាតិ​ល្វីង​របស់​ទឹក​ទាំង​នោះ។

១២ ទេវទូត​ ទី​បួន​ផ្លុំ​ត្រែ​ឡើង​ស្រាប់​តែ​ព្រះអាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​អោយ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។

១៣ ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សត្វ​ឥន្ទ្រី​មួយ​ហើរ​កាត់​អាកាសវេហាស៍ ទាំង​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «វេទនា​ហើយ! វេទនា​ហើយ! មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វេទនា​ហើយ ព្រោះ​តែ​សំឡេង​ត្រែ​ឯ​ទៀតៗ ដែល​ទេវទូត​ទាំង​បី​រូប​ហៀប​នឹង​ផ្លុំ!»។