វិវរណៈ (០៥)

ក្រាំង​ដែល​មាន​បិទ​ត្រា​ប្រាំពីរ
និង​កូន​ចៀម​របស់​ព្រះជាម្ចាស់
 បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។ ២ បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវទូត​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។ ៣ ប៉ុន្តែ ទោះ​បី​នៅ​ស្ថាន​សួគ៌​ក្ដី នៅ​លើ​ផែនដី ឬ​នៅ​ក្រោម​ដី​ក្ដី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ឡើយ។  ពេល​នោះ ខ្ញុំ​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ឋានៈ​សម​នឹង​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ទេ។ ស្រាប់​តែ​មាន​ ព្រឹទ្ធាចារ្យ​មួយ​រូប​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី! មើល​ហ្ន៎ សឹង្ហ​ដែល​កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ស្ដេច​ដាវីឌ ព្រះអង្គ​មាន​ជ័យជំនះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំពីរ ហើយ​បើក​ក្រាំង​បាន»។

 បន្ទាប់​ មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​ព្រឹទ្ធាចារ្យ។ កូន​ចៀម​នោះ​មើល​ទៅ ដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​យញ្ញបូជា*​រួច​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​ចាត់​អោយ​យាង​ទៅ​ពាសពេញ​លើ​ផែនដី។ កូន​ចៀម​នោះ បាន​យាង​មក​ទទួល​យក​ក្រាំង​ពី​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក។

៨ កាល​កូន​ ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធាចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជាជន​ដ៏វិសុទ្ធ*។  គេ​នាំ​គ្នា​ច្រៀង​បទ​ចំរៀង​ថ្មី​ថាៈ
“ព្រះអង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង
ព្រោះ​ទ្រង់​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញបូជា
ព្រះអង្គ​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា
គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍
យក​មក​ថ្វាយ​ព្រះជាម្ចាស់
ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។
១០ ព្រះអង្គ​បាន​ធ្វើ​អោយ​គេ​ទៅ​ជា​រាជាណាចក្រ
និង​ជា​ក្រុម​បូជាចារ្យ*
បំរើ​ព្រះជាម្ចាស់​របស់​យើង
ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែនដី”។

១១ ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ទេវទូត*​យ៉ាង​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វ​មាន​ជីវិត និង​ជុំវិញ​ពួក​ព្រឹទ្ធាចារ្យ។ ទេវទូត​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេកអនន្ត ១២ នាំ​គ្នា​បន្លឺ​សំឡេង​ ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញបូជា ទ្រង់​សម​នឹង​ទទួល​ឫទ្ធានុ ភាព​រាជ​សម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និង​ការ​សរសើរ​តម្កើង»។

១៣ ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន នៅ​ស្ថាន​សួគ៌ នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថាៈ «សូម​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​កូន​ចៀម​ទទួល​ពាក្យ​សរសើរ​តម្កើង​ព្រះកិត្តិនាម សិរីរុងរឿង និង​ព្រះចេស្ដា អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

១៤ បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ពោល​ឡើង​ថា «អាម៉ែន!» ហើយ​ព្រឹទ្ធាចារ្យ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ។