វិវរណៈ (០៣)

លិខិត​ផ្ញើ​ជូនព្រះសហគមន៍​នៅ​ក្រុង​សារដែស
 «ចូរ​សរសេរ​ទៅ​កាន់​ ទេវទូត*​របស់​ព្រះសហគមន៍​នៅ​ក្រុង​សារដែស ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។ ២ ចូរ​ភ្ញាក់​ស្មារតី! ចូរ​ពង្រឹង​អ្វីៗ​​ដែល​នៅ​សល់ ហើយ​ហៀប​នឹង​ស្លាប់​នោះ​អោយ​មាំមួន​ឡើង ដ្បិត​យើង​ឃើញ​ថា អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត មិន​គ្រប់​លក្ខណៈ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​របស់​យើង​ទេ។  ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​ព្រះបន្ទូល ហើយ​ប្រតិបត្តិ​តាម រួច​កែ​ប្រែ​ចិត្ត​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។ ៤ ក៏​ប៉ុន្តែ នៅ​ក្រុង​សារដែស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក ពុំ​បាន​ធ្វើ​អោយ​សម្លៀកបំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀកបំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។

 ហេតុ​នេះ អ្នក​ណា​មាន​ជ័យជំនះ អ្នក​នោះ​នឹង​មាន​សម្លៀកបំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវទូត​របស់​ព្រះអង្គ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់ព្រះសហគមន៍​ទាំង​នេះ អោយ​មែន​ទែន!”»។

លិខិត​ផ្ញើ​ជូន​ព្រះសហគមន៍​នៅ​ក្រុង​ភីឡាដែលភី
 «ចូរ​សរសេរ​ទៅ​កាន់​ទេវទូត​របស់ព្រះសហគមន៍*​នៅ​​ក្រុង​ភីឡាដែលភី ដូច​ត​ទៅ​នេះ៖

ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​ពិត​ប្រាកដព្រះអង្គ​ដែល​កាន់​កូន​សោរ​បស់​ស្ដេច​ដាវីឌ បើ​ព្រះអង្គ​បើក គ្មាន​នរណា​បិទ​បាន បើ​ព្រះអង្គ​បិទ គ្មាន​នរណា​បើក​បាន​ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ  “យើង​ស្គាល់​កិច្ចការ​ដែល ​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​បាន​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។ យើង​នឹង​ប្រគល់​អ្នក​ខ្លះ ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​អោយ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​អោយ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។ ១០ ដោយ​អ្នក​បាន​ព្យាយាម​ ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​អោយ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​ លោក​ទាំង​មូល ដើម្បី​ល្បងល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។ ១១ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​អោយ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំ​អោយ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។

១២ អ្នក​ណា ​មាន​ជ័យជំនះ យើង​តាំង​អ្នក​នោះ​អោយ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះវិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះនាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូសាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរមសុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង លើ​អ្នក​នោះ​ដែរ។ ១៣ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះសហគមន៍​ទាំង​នេះ អោយ​មែន​ទែន!”»។

លិខិត​ផ្ញើ​ជូន​ព្រះសហគមន៍​ក្រុង​ឡៅឌីសេ
១៤ «ចូរ​សរសេរ​ទៅ​កាន់​ ទេវទូត​របស់ព្រះសហគមន៍*​នៅ​ក្រុង​ឡៅឌីសេ ដូច​ត​ទៅ​នេះ៖ ព្រះអាម៉ែន​​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ទ្រង់​មាន​ព្រះបន្ទូល​ថាៈ ១៥ “យើង​ស្គាល់​កិច្ចការ​ ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង!១៦ ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន ១៧ ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុកស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេមរហាម​ក្រ​តោកយ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ​នោះ​ឡើយ។ ១៨ ​យើង​សុំ​ទូន្មាន​អ្នក​ អោយ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​អោយ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀកបំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទបាំង​កេរខ្មាស​របស់​អ្នក កុំ​អោយ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​អោយ​អ្នក​មើល​ឃើញ​ច្បាស់។ ១៩ យើង​ស្ដី​បន្ទោស និង​ប្រដែប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។ ២០ មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​អោយ យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។

២១ អ្នក​ណា ​មាន​ជ័យជំនះ យើង​នឹង​អោយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះបិតា​របស់​យើង​ដែរ។ ២២ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះសហគមន៍​ទាំង​នេះ​អោយ​មែន​ទែន!”»។