វិវរណៈ (០២)

លិខិត​ផ្ញើ​ជូនព្រះសហគមន៍​នៅ​ក្រុង​អេភេសូ
 «ចូរ​សរសេរ​ទៅ​កាន់​ ទេវទូត*​របស់​ព្រះ​ស​ហគមន៍ នៅ​ក្រុង​អេភេសូ ដូច​ត​ទៅ៖ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ ហើយ​ដែល​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “យើង​ស្គាល់​កិច្ចការ​ដែល ​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បាន​ឡើយ អ្នក​បាន​ល្បងល​មើល​ពួក​ដែល​តាំង​ខ្លួន​ជាគ្រីស្ដទូត* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​គ្រីស្ដទូត​ទេ គឺ​ជា​អ្នក​កុហក។ ៣ អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រងទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។ ៤ ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់ ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។ ៥ ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។ ក៏​ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូឡាស​ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។

 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល ​ព្រះវិញ្ញាណ​មាន​ព្រះ​បន្ទូល​មក​កាន់​ ព្រះសហគមន៍*​ទាំង​នេះ​អោយ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យជំនះ យើង​នឹង​អោយ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​របស់​ព្រះជាម្ចាស់”»។

លិខិត​ផ្ញើ​ជូន​ព្រះសហគមន៍​នៅ​ក្រុង​ស្មៀរណា
 «ចូរ​សរសេរ​ទៅ​កាន់​ទេវទូត* របស់​ព្រះសហគមន៍​*​ នៅ​ក្រុង​ស្មៀរណា​ដូច​ត​ទៅ​នេះ៖

ព្រះអង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កំសត់​ទុគ៌ត តែ​តាម​ពិត​អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក​តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។ ១០ កុំ​ខ្លាច​ទុក្ខ​លំបាក​ ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំឃាំង ដើម្បី​ល្បងល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក ទុក​ជា​មកុដ។ ១១ ចូរ​ផ្ទៀង​ត្រចៀក​ ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះ​បន្ទូល​​មក​កាន់​ព្រះសហគមន៍​ទាំង​ នេះ​អោយ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យជំនះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​បាន​ឡើយ”»។

លិខិត​ផ្ញើ​ជូន​ព្រះសហគមន៍​នៅ​ក្រុង​ពែរកាំ
១២ «ចូរ​សរសេរ​ទៅ​កាន់​ ទេវទូត*​របស់​ព្រះសហគមន៍​*​នៅ​ក្រុង​ពែរកាំ ដូច​ត​ទៅ​នេះ៖

ព្រះអង្គ​ដែល​មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ ១៣ “យើង​ស្គាល់​កន្លែង​ អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះស្ម័គ្រ​នឹង​យើង​ជានិច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អន់ទីប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះបង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។ ១៤ ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​​​នេះ​បាន​បង្រៀន​បាឡាក់ អោយ​ប្រើ​កលល្បិច ទាក់ទាញ​ជន​ជាតិ​អ៊ីស្រាអែល អោយ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែងក្លាយ និង​អោយ​ប្រាសចាក​សីលធម៌។ ១៥ រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​របៀប​នេះ​ដូច​គ្នា។ ១៦ ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។ ១៧ ចូរ​ផ្ទៀង​ត្រចៀក​ ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះស​ហគ​ម​ន៍​​ទាំង​ នេះ អោយ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យជំនះ យើង​នឹង​អោយ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​អោយ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរលែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។

លិខិត​ផ្ញើ​ជូន​ព្រះសហគមន៍​នៅ​ក្រុង​ធីយ៉ាទៀរ
១៨ «ចូរ​សរសេរ​ទៅ​កាន់​ទេវទូត​របស់​ ព្រះសហគមន៍​នៅ​ក្រុង​ធីយ៉ាទៀរ ដូច​ត​ទៅ​នេះ៖

ព្រះបុត្រា​របស់​ព្រះជាម្ចាស់ គឺ​ព្រះអង្គ​ដែល​មាន​ព្រះនេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះបាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះបន្ទូល​ថាៈ ១៩ “យើង​ស្គាល់​កិច្ចការ​ ដែល​អ្នក​ប្រព្រឹត្ត​នោះ ហើយ​យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បំរើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា​អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។ ២០ ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​អោយ​នាង​យេសាបិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាការិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បំរើ​របស់​យើង​អោយ​វង្វេង អោយ​ប្រាសចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែងក្លាយ។ ២១ យើង​បាន​ទុក​ពេល​អោយ​ ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ដដែល។ ២២ ហេតុ​នេះ យើង​នឹង​ធ្វើ​អោយ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​អោយ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើកលែង​តែ​គេ​កែ​ប្រែ​ចិត្ត​ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។ ២៣ យើង​នឹង​ប្រហារ​ជីវិត​ កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ​ព្រះសហគមន៍​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ២៤ ចំពោះ​អ្នក​មួយ​ចំនួន​ ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធីយ៉ាទៀរ ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ ‘សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង’ ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ ២៥ គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​អោយ​ខ្ជាប់​ខ្ជួន​ រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។

២៦ អ្នក​ណា​មាន​ជ័យជំនះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​អោយ​អ្នក​នោះ​មាន​អំណាច​គ្រប់គ្រង​លើ​ប្រជាជាតិ​នានា ២៧ គេ​នឹង​ដឹក​នាំ​ប្រជាជាតិ​ទាំង​នោះ​ដោយ​ដំបង​ដែក ដូច​គេ​កំទេច​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។ ២៨ អ្នក​នោះ​មាន​អំណាច​ដូច​អំណាច ​ដែល​យើង​បាន​ទទួល​ពី​ព្រះបិតា​របស់​យើង ហើយ​យើង​នឹង​ប្រគល់​ផ្កាយ​ព្រឹក​អោយ​អ្នក​នោះ។ ២៩ ​ចូរ​ផ្ទៀង​ត្រចៀក​ ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះ​បន្ទូ​ល​​មក​កាន់​ព្រះសហគមន៍​ទាំង​នេះ អោយ​មែន​ទែន!​”»។