វិវរណៈ (១៦)

ពែង​មាស​ទាំង​ប្រាំពីរ
១ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ បន្លឺ​ទៅ​កាន់​ទេវទូត​ទាំង​ប្រាំពីរ​ថា៖ «ចូរ​នាំ​គ្នា​ទៅ ហើយ​យក​ពែង​ទាំង​ប្រាំពីរ ​នៃ​ព្រះពិរោធ​របស់​ព្រះជាម្ចាស់​ចាក់​លើ​ផែនដី​ទៅ!»។

 ទេវទូត​ទី​ មួយ​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​លើ​ផែនដី ស្រាប់​តែ ​អស់​អ្នក​ដែល​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន ហើយ​​ដែល​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា កើត​ដំបៅ​រលួយ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។

 ទេវទូត​ទី​ ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាកសព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។

 ​ទេវទូត​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។  ខ្ញុំ​ឮ​ទេវទូត​ម្ចាស់​ទឹក ​ពោល​ថា៖ «បពិត្រ​ព្រះអង្គ ដ៏​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ទ្រង់​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន! ដ្បិត​អ្នក​ទាំង​នោះ​បាន​ បង្ហូរ​ឈាម​ប្រជាជន​ដ៏វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះអង្គ​អោយ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។ ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី ​អាសនៈ​មក​ថា៖ «ប្រាកដ​មែន! បពិត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌​ពិត​មែន​ហើយ!»។

 ទេវទូត​ទី​បួន ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះអាទិត្យ ស្រាប់​តែ​ព្រះអាទិត្យ​ទទួល​អំណាច​ធ្វើ​អោយ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ។ មនុស្សម្នា​ត្រូវ​រលាក​ ដោយ​កំដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះនាម​ព្រះជាម្ចាស់ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​ឡើយ។

១០ ទេវទូត​ ទី​ប្រាំ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​តិរច្ឆាន ស្រាប់​តែ​អាណាចក្រ​របស់​វា​ប្រែ​ទៅ​ជា​ងងឹត​សូន្យ មនុស្សម្នា​នាំ​គ្នា​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​ពេក។ ១១ គេ​នាំ​គ្នា​ជេរ​ប្រមាថ ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ* ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ត​គំនិត លះបង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នោះ​ឡើយ។

១២ ទេវទូត​ ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​អោយ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។ ១៣ ខ្ញុំ​ឃើញ​វិញ្ញាណ​ អាក្រក់​បី ដែល​មាន​រូប​រាង​ដូច​កង្កែប​មួយ​ចេញ​ពី​មាត់​នាគ មួយ​ចេញ​ពី​មាត់​សត្វ​តិរច្ឆាន និង​មួយ​ទៀត​ចេញ​ពី​មាត់​ព្យាការី​ក្លែងក្លាយ ១៤ គឺ​ជា​វិញ្ញាណ​របស់​ពួកខ្មោច។ វា​សំដែង​ទី​សំគាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​អោយ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ១៥ («មើល៍! យើង​នឹង​មក​ដូច​ចោរ​ចូល​លួច។ អ្នក​ណា​ប្រុង​ស្មារតី ហើយ​មាន​សម្លៀកបំពាក់​បិទបាំង​កាយ ឥត​នៅ​អាក្រាត​អោយ​គេ​ឃើញ​កេរខ្មាស អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»)។ ១៦ វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​អោយ​មក​ជួបជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «ហារម៉ាគេដូន»។

១៧ ទេវទូត​ ទី​ប្រាំពីរ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​អាកាស ស្រាប់​​តែ​មាន​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​ក្នុង​ ព្រះវិហារ*​ថា៖ «រួច​រាល់​ស្រេច​អស់​ហើយ!»។ ១៨ ពេល​នោះ មាន​ផ្លេក​បន្ទោរ មាន​ឮ​សំឡេង មាន​ផ្គរលាន់ និង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​មនុស្ស​រស់​នៅ​លើ​ផែនដី ​មក មិន​ដែល​មាន​រញ្ជួយ​ផែនដី​ខ្លាំង​យ៉ាង​នេះ​ទេ។ ១៩ មហា​នគរ​នោះ​បាន​បែក​ជា ​បី រីឯ​ក្រុង​នានា​របស់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​បាន​រលំ​អស់ ពេល​នោះ ព្រះជាម្ចាស់​បាន​នឹក​ដល់​មហា​នគរ​បាប៊ីឡូន ព្រះអង្គ​បាន​អោយ​ក្រុង​នេះ​ផឹក​ស្រា​ពី​ពែង ​នៃ​ព្រះពិរោធ​ដ៏​ខ្លាំង​បំផុត​ របស់​ព្រះអង្គ​។ ២០ កោះ​ទាំង​ប៉ុន្មាន​នឹង​រសាត់​បាត់​អស់​ទៅ ហើយ​ភ្នំ​ទាំងឡាយ​ក៏​លែង​មាន​ទៀត​ដែរ។ ២១ ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​មួយ​ចុង​ ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះជាម្ចាស់ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។