វិវរណៈ (១៥)

ទេវទូត​ប្រាំពីរ​រូប និង​គ្រោះ​កាច​ចុង​ក្រោយ
 បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សំគាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ទេវទូត*​ប្រាំពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​អោយ​ព្រះជាម្ចាស់​ឈប់​ព្រះពិរោធ*។

 បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ដូច​ជា​មាន​សមុទ្រ​មួយ​ភ្លឺ​ដូច​កែវ​លាយ​ជា​មួយ​នឹង​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន និង​ឈ្នះ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ឈ្នះ​លេខ​ឈ្មោះ​របស់​វា ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ។ ពួក​គេ​កាន់​ពិណ​របស់​ព្រះជាម្ចាស់  ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ​ជាម្ចាស់ និង​ចំរៀង​របស់​កូន​ចៀម​ថា៖

«ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដម​គួរ​អោយ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់! ឱ​ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!  បពិត្រ​ព្រះអម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ! តើ​នរណា​មិន​លើក​តម្កើង​សិរីរុងរឿង​នៃ​ព្រះនាម​ព្រះអង្គ! ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះអង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

 ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ ឃើញ​ព្រះវិហារ​នៅ​ស្ថាន​បរមសុខ ដែល​មាន​ព្រះពន្លា​នៃ​សក្ខីភាព​បើក​ទ្វារ​ចំហ។ ​ទេវទូត​ទាំង​ប្រាំពីរ​រូប​ ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ ក៏​ចេញ​ពី​ព្រះវិហារ​មក មាន​សម្លៀកបំពាក់ ធ្វើ​ពី​ក្រណាត់​ទេសឯក​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ សត្វ​មាន​ជីវិត​មួយ​ក្នុង ​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បាន​ប្រគល់​ពែង​មាស​ប្រាំពីរ ជូន​ទេវទូត​ទាំង​ប្រាំពីរ​រូប។ ពែង​ទាំង​នោះ​ពេញ​ទៅ​ដោយ​ព្រះពិរោធ​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះវិហារ​ក៏​ពោរពេញ​ទៅ​ ដោយ​ផ្សែង ដែល​ចេញ​ពី​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​ពី​ឫទ្ធានុភាព​របស់​ព្រះអង្គ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំពីរ​របស់​ទេវទូត​ទាំង​ប្រាំពីរ​បាន​ចប់​សព្វ​ គ្រប់​ជា​មុន​សិន។