វិវរណៈ (១៣)

សត្វ​តិរច្ឆាន​ដែល​ចេញ​ពី​សមុទ្រ
 បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ​ឡើង​ពី​សមុទ្រ​មក នៅ​​​​​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ដែល​ប្រមាថ​ព្រះជា​ម្ចាស់​។

 សត្វ​ដែល​ ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន​ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សឹង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធានុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​អោយ​សត្វ​នោះ។ ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​ របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះស្បើយ​ឡើង​វិញ។ មនុស្សម្នា​នៅ​លើ​ផែនដី​ទាំង​មូល​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។ គេ​នាំ​គ្នា​ក្រាប​ ថ្វាយបង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​អោយ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយបង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។

 សត្វ​នោះ​ បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះជាម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្មភាព ក្នុង​អំឡុង​ពេល​សែសិប​ពីរ​ខែ។ វា​បាន​ហា​មាត់​ប្រមាថ​ ព្រះជាម្ចាស់ គឺ​វា​ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ ប្រមាថ​ព្រះពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ*។ វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យជំនះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​ត្រួតត្រា​លើ​កុលសម្ព័ន្ធ* ទាំង​អស់​ប្រជារាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់  ហើយ​មនុស្សម្នា​នៅ​លើ​ ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​វា។ អ្នក​ទាំង​នោះ​ គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អោយ​មែន​ទែន!។ ១០ បើ​អ្នក​ណា​ត្រូវ​ជាប់​ ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជាជន​ដ៏វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។

សត្វ​តិរច្ឆាន​ដែល​ចេញ​ពី​ដី
១១ បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។ ១២ សត្វ​នោះ​បាន​យក​អំណាច​ ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែនដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​អោយ​ក្រាប​ថ្វាយបង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះស្បើយ​វិញ​នោះ​ផង។ ១៣ សត្វ​នោះ​បាន​សំដែង​ទី​សំគាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​អោយ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី អោយ​មនុស្ស​លោក​ឃើញ។ ១៤ វា​បាន​នាំ​មនុស្ស​ដែល​ រស់​នៅ​លើ​ផែនដី​នេះ​អោយ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។ ១៥ វា​បាន​ទទួល​អំណាច​ធ្វើ ​អោយ​រូប​ចម្លាក់ សត្វ​នោះ​មាន​ដង្ហើម​ឡើង ដើម្បី​និយាយ​ស្ដី​បាន និង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ពុំ​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​សត្វ ​នោះ ១៦ វា​បាន​បង្ខំ​មនុស្ស​ ទាំង​អស់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ អោយ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ ឬ​នៅ​លើ​ថ្ងាស។ ១៧ ប្រសិន​បើ​គ្មាន​សញ្ញា​ សំគាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សំគាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី​បាន​សោះ​ឡើយ។ ១៨ ត្រង់​ហ្នឹង​ហើយ​ដែល​ ត្រូវ​មាន​ប្រាជ្ញា​រិះគិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សំគាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុកសិប​ប្រាំ​មួយ។