ទំនុកតម្កើង(០៩)

ព្រះអម្ចាស់ជាព្រះសង្គ្រោះរបស់ជនក្រីក្រ និង អ្នកដែលត្រូវគេជិះជាន់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ តាមលំនាំបទកូនប្រុសស្លាប់។
ទំនុករបស់ស្ដេចដាវីឌ។
២ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះអង្គបានធ្វើ
៣ ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង
បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។
៤ ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ
ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភក្ត្រព្រះអង្គ
៥ ដ្បិតទ្រង់បានរកយុត្តិធម៌អោយទូលបង្គំ គឺអោយគេឃើញថាទូលបង្គំសុចរិត
ព្រះអង្គគង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅក្រមដ៏សុចរិត។
៦ ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើអោយមនុស្សពាលវិនាសសូន្យ
ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។
៧ ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច!
រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។
៨ ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ
ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។
៩ ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត
ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។
១០ សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់
គឺជាបន្ទាយការពារនៅពេលមានអាសន្ន។
១១ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន
ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
១២ ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ ដែលគង់នៅក្រុងស៊ីយ៉ូន
ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
១៣ ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេ
ព្រះអង្គចងចាំជានិច្ច ព្រះអង្គមិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
១៤ ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផង
សូមទតមើលទូលបង្គំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ
មានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំ អោយរួចពីសេចក្ដីស្លាប់
១៥ ដើម្បីអោយទូលបង្គំថ្លែងគ្រប់ពាក្យ សរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូន
និងអោយទូលបង្គំត្រេកអរសប្បាយបំផុត ព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។
១៦ ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក
ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។
១៧ ព្រះអម្ចាស់បានសំដែងអោយគេស្គាល់ព្រះអង្គ ព្រះអង្គកាត់ទោសគេ
មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សំរាក
១៨ សូមអោយមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់
វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
១៩រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយ
ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។
២០ ព្រះអម្ចាស់អើយ សូមតើនឡើង! សូមកុំអោយមនុស្សលោកមានជ័យជំនះឡើយ!
សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះព្រះភក្ត្រព្រះអង្គ។
២១ ឱព្រះអម្ចាស់អើយ សូមធ្វើអោយពួកគេភ័យតក់ស្លុត!
សូមធ្វើអោយប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។