ទំនុកតម្កើង(០៤)

ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ អោយទូលបង្គំអើយ
ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង!
ពេលទូលបង្គំមានទុក្ខធុរៈព្រះអង្គបានធ្វើអោយទូលបង្គំធូរស្បើយ។
សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។
៣ មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត?
តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ
និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? – សំរាក
៤ ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណីមនុស្សស្មោះត្រង់
ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។
៥ បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ
តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។

– សំរាក
៦ ចូរថ្វាយយញ្ញបូជាដ៏សុចរិត
ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។
៧ មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកអោយយើងខ្ញុំ?
ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសផង!
៨ ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។
៩ ពេលទូលបង្គំចូលដំណេក នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម
ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលធ្វើអោយទូលបង្គំរស់នៅ ដោយសុខដុមរមនា។