ទំនុកតម្កើង(១០)

ពាក្យអធិស្ឋានសូមព្រះអម្ចាស់រកយុត្តិធម៌
១ ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ?
នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសំងំស្ងៀមដូច្នេះ?
២ មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស
ពួកគេប្រើកលល្បិចធ្វើអោយ មនុស្សទុគ៌តវិនាស។
៣ មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន
ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និង ប្រមាថព្រះអម្ចាស់។
៤ មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ
ព្រោះគេគិតថា គ្មានព្រះជាម្ចាស់ទេ!
៥ អ្វីៗដែលគេធ្វើតែងតែចំរុងចំរើនជានិច្ច គេគិតមិនដល់សោះថា
ព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។
៦ គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ
ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
៧ មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់
ហើយពាក្យអពមង្គល និង ទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
៨ គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់
គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។
៩ គេពួនដូចសត្វសិង្ហសំងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត
គេចាប់ជនទុគ៌ត ដោយទាក់ទាញ អោយធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
១០ ជនទុគ៌តក៏ដួលក្រាបនៅដី
ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ មនុស្សពាល។
១១ មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់ មិនចាប់អារម្មណ៍ទេ!
ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។
១២ ព្រះអម្ចាស់អើយ សូមតើនឡើង បង្ហាញព្រះបារមីរបស់ព្រះអង្គ
សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
១៣ ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយព្រះជាម្ចាស់?
ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ព្រះអង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ?។
១៤ ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និង ការឈឺចាប់របស់មនុស្សទន់ទាប
ព្រះអង្គប្រុងនឹងជួយគេជានិច្ច
មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។
១៥ សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ
ដើម្បីកុំអោយគេប្រព្រឹត្ត អំពើពាលតទៅទៀត!។
១៦ ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅ អស់កល្បជាអង្វែងតរៀងទៅ
សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ព្រះអង្គ។
១៧ បពិត្រព្រះអម្ចាស់ ព្រះអង្គទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប
ព្រះអង្គលើកទឹកចិត្តគេ
១៨ ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់
ហើយព្រះអង្គរកយុត្តិធម៌អោយគេ
ដើម្បីកុំអោយមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត។