មាតិកា

សុភាសិត
ពាក្យលំនាំ

«ព្រះគម្ពីរសុភាសិត»​ ផ្សំឡើងដោយដំបូន្មាន​ពាក្យប្រៀនប្រដៅ​និង  គតិបណ្ឌិតផ្សេងៗ  ​ស្តីអំពីប្រាជ្ញា​និង​ដំណើរជីវិតរស់នៅ រៀងរាល់ថ្ងៃ​សម​ស្របតាមសីលធម៌ ។ ​សេចក្តីបង្រៀនទាំងនេះ​មានប្រភពមក​ពីព្រះបាទសាឡូម៉ូន  ​ជាស្តេចស្រុកអ៊ីស្រាអែល​ព្រមទាំងអ្នក​ប្រាជ្ញបណ្ឌិតជាតិអ៊ីស្រា អែល​​និង​ជាតិដទៃ​ជាច្រើនរូបទៀត។​ គេហៅក័ណ្ឌគម្ពីរនេះថា​«សុភាសិតរបស់ព្រះបាទ សាឡូម៉ូន»​ព្រោះព្រះ​បាទសាឡូម៉ូន​ជាស្តេចស្រុកអ៊ីស្រាអែល  ដែលគេចាត់ទុកជាអ្នកប្រាជ្ញបណ្ឌិតមួយរូបដ៏ចំណាននៅបុរាណកាល ។ ​គេរាប់​បញ្ចូលព្រះ​គម្ពីរសុភាសិត​ក្នុងចំណោមស្នាដៃអក្សរសិល្ប៍របស់ ប្រជាជាតិនានា​នៅមជ្ឈឹមបូព៌ាប្រទេស​ ជា​សេចក្តីដែលចាស់ព្រឹទ្ធាចារ្យ​នៅជំនាន់​ដើម​ចងក្រងគោលគំនិត​ដែលបានមកពីបទពិសោធន៍ក្នុងជីវិត​ប្រចាំ ថ្ងៃ  ​សំរាប់អប់រំ កូនចៅនៅជំនាន់​ក្រោយ។

ព្រះគម្ពីរសុភាសិតនេះ​  ជាគោលគំនិត​ចងក្រងឡើងនៅជំនាន់ផ្សេងៗគ្នា  ​ដែលយើងអាចចែកចេញជា​បីផ្នែក:

១.  សេចក្តីបង្រៀនអំពីប្រាជ្ញា  (១.១  -  ៩.​១៨):  ​

ក្នុងផ្នែកនេះមានបរិយាយអំពីប្រាជ្ញា  ​ដែលគេប្រដូចទៅនឹងបុគ្គលមួយរូប។  ​ប្រាជ្ញានេះមានប្រភពមក​ពីព្រះជាម្ចាស់​ ​ហើយការគោរព​កោត​​ខ្លាចព្រះជាម្ចាស់​ជាប្រភពនៃប្រាជ្ញា។

២.  សុភាសិតរបស់ព្រះបាទសាឡូម៉ូន  ​(១០.​១  -  ​២៩.​២៧):

ក្នុងផ្នែកនេះ  ​មានសេចក្តីអប់រំរបស់ព្រះបាទសាឡូម៉ូន​ព្រមទាំងមានសេចក្តីប្រៀនប្រដៅរបស់អ្នកប្រាជ្ញ​បណ្ឌិតមួយចំនួន  ​(២២.​១៧​-​២៤.​៣៤)។

៣.  សុភាសិតផ្សេងៗ  ​(៣០  -  ៣១):

ផ្សំឡើងដោយបួនផ្នែកខ្លីៗ  ​ដែលមានខ្លឹមសារប្លែកៗពីគ្នា។​ក្នុងផ្នែកនេះ​មានពាក្យប្រៀនប្រដៅ​របស់អ្នកប្រាជ្ញបណ្ឌិតសាសន៍ដទៃ​រាប់បញ្ចូលជាមួយពាក្យទូន្មានរបស់អ្នកប្រាជ្ញបណ្ឌិតសាសន៍អ៊ីស្រាអែល​ដែរ ។

«ព្រះគម្ពីរសុភាសិត»​មិនសង្កត់ទៅលើប្រវត្តិរបស់ជនជាតិអ៊ីស្រាអែល​ដូចក័ណ្ឌគម្ពីរឯទៀតៗនៃ​ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទេ។  ​ផ្ទុយទៅវិញ​ជាពាក្យប្រៀនប្រដៅ  ​និង​  ពាក្យដាស់តឿន​ចំពោះបុគ្គល​ម្នាក់ៗ ​អោយចេះរស់នៅត្រឹម ត្រូវ​ស្របតាមព្រះហប្ញទ័យ​របស់​ព្រះ​ជាម្ចាស់​និង​តាមគន្លងធម៌​ដែលផ្តល់​អោយមានសុភមង្គល។ ​រីឯមនុស្សអាក្រក់​មនុស្សល្ងីល្ងើ  ​មនុស្សរកប្រាក់បានដោយអយុត្តិធម៌…​រមែង​បោះជំហានទៅរក​សេចក្តី​វិនាស ។

ព្រះគម្ពីរសុភាសិតបំភ្លឺយើងអោយស្គាល់គោលគំនិតដ៏ល្អៗ         ​​​ដែលជាលទ្ធផលនៃបទពិសោធន៍ក្នុងជីវិត​ប្រចាំថ្ងៃរបស់ជន ជាតិ​អ៊ី​ស្រា​​អែល ។​ លោកអ្នកអាចស្វែងយល់អំពីរបៀបដែលអ្នកប្រាជ្ញបណ្ឌិតគិតគូរ​និង  ដោះស្រាយ​ក្នុងពេលជួបប្រទះបញ្ហា​ឬ  ​ស្ថានភាព​អ្វី​មួយ ។  ​​ពេលអានក័ណ្ឌគម្ពីរនេះចប់​លោកអ្នក​មុខជាឃើញថា​នៅបច្ចុប្បន្នកាលនេះ​យើងតែងតែប្រឈមមុខទល់ នឹង​ស្ថានភាព​ស្រ​ដៀង​គ្នា។  ​ដូច្នេះ​យើងអាច យកគោលគំនិតពី​«ព្រះគម្ពីរសុភាសិត»​ទុកជាជំហរ​សំរាប់រកដំណោះស្រាយក្នុងជីវិតរបស់​យើងផ្ទាល់។