សុភាសិត (០៧)

ស្ត្រី​ក្បត់​ប្ដី
 កូន​អើយ​កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក ចូរ​ចងចាំ​ពាក្យ​ដែល​ឪពុក​ទូន្មាន ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ទូន្មាន​នេះ ទើប​កូន​មាន​ជីវិត។ ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ប្រៀនប្រដៅ​ទុក ដូច​ជា​កែវ​ភ្នែក។ ៣ ចូរ​ចងចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។ ៤ ចូរ​ចាត់​ទុក​ប្រាជ្ញា​ដូច​ជា​បង​ស្រី និង​ចាត់​ទុក​តម្រិះ​ដូច​ជា​មិត្ត។  ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួងលោម។

 មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ​សម្លឹង​ទៅ​ផ្លូវ​កែង  ក្នុង​ចំណោម​យុវជន​ដែល​មិន​សូវ​ដឹង​ខុស​ត្រូវ ឪពុក​ឃើញ​ក្មេង​កំលោះ​ម្នាក់ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។ ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។ ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។ ១០ ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់ទាញ​ចិត្ត​គេ។ ១១ នាង​ពុះកញ្ជ្រោល ស្រើបស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។ ១២ នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។ ១៣ នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា ១៤ «ថ្ងៃ​នេះ​ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​ដើម្បី​លា​បំណន់។ ១៥ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ​ខ្ញុំ​ជួប​បង​មែន!។ ១៦ ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចំរុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។ ១៧ ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។ ១៨ សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា រហូត​ដល់​ព្រឹក​ស្អែក។ ១៩ ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។ ២០ គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញបូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។ ២១ នាង​និយាយ​បញ្ចុះបញ្ចូល​យ៉ាង​ប៉ិនប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម។ ២២ អ្នក​កំលោះ​ក៏​ទៅ​តាម​ នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្តឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។ ២៣ អ្នក​នោះ​ប្រៀប​បាន​នឹង ​សត្វ​ស្លាប ហើរ​បោះពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទំលុះ​ដល់​បេះដូង។

២៤ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។ ២៥ កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេពគប់​ជា​មួយ​វា​ដែរ ២៦ ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជន​រងគ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយសារ​ស្នាដៃ​នាង​ដែរ។ ២៧ ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ មុខ​ជា​ស្លាប់​មិន​ខាន។