សុភាសិត (២៩)

 អ្នក​ដែល​រឹងរូស​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។

 កាល​ណា​ មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់គ្រង​ស្រុក ប្រជា​រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជារាស្ត្រ​នឹង​ស្រែក​ថ្ងូរ។

 អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេពគប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។

 ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ស្រុក​បាន​ចំរើន​ឡើង រីឯ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ​រមែង​ធ្វើ​ឲ្យ​ស្រុក​ហិនហោច។

 អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។

 មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

 មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។

 មនុស្ស​ចំអក​ឡកឡឺយ រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។

 ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី​ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។

១០ ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀងត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀងត្រង់​នោះ​វិញ។

១១ មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ចេះ​ទប់​កំហឹង។

១២ កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូតភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។

១៣ អ្នក​ទុគ៌ត និង​អ្នក​ជិះជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។

១៤ ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​ក្រីក្រ​ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។

១៥ ការ​វាយ ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។

១៦ កាល​ណា​ មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។

១៧ ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។

១៨ ពេល​ណា​ គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះជាម្ចាស់​ទេ ប្រជា​ជន​នឹង​ជ្រួលច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ពិត​ជា​មាន​សុភមង្គល។

១៩ គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បំរើ នឹង​ពាក្យ​សំដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី​ក៏​វា​មិន​ធ្វើ​តាម​ដែរ។

២០ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ និយាយ​មិន​ចេះ​គិត​តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

២១ បើ​អ្នក​ទំរើស​ខ្ញុំ​បំរើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា​នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។

២២ មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។

២៣ អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាបសា តែងតែ​ទទួល​កិត្តិយស។

២៤ អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា​តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។

២៥ ភ័យ​ខ្លាច​មនុស្ស​រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់​តែងតែ​បាន​សេចក្ដី​សុខ។

២៦ មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះអម្ចាស់​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

២៧ មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀងត្រង់​ដែរ។