សុភាសិត (២២)

 ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។ មាន​គេ​រាប់​អាន​ច្រើន ប្រសើរ​ជាង​មាន​មាស​ប្រាក់។

 អ្នក​មាន និង​អ្នក​ក្រ​ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះអម្ចាស់​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។

 កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់​គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។

 មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។

 ផ្លូវ​អសីលធម៌ មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀសឆ្ងាយ​ពី​ផ្លូវ​នោះ។

 ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទំលាប់​ល្អ​តាំង​ពី​តូច គេ​នឹង​រក្សា​ទំលាប់​នេះ​រហូត​ដល់​ចាស់។

 អ្នក​មាន​តែងតែ​ជិះជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។

 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់ តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ នឹង​រលាយ​សូន្យ​ទៅ។

 មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ព្រះពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។

១០ បំបាត់​មនុស្ស​ចំអក​ឡកឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើលងាយ លែង​មាន​ទៀត​ហើយ។

១១ អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សំដី​សុភាពរាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះហឫទ័យ​ស្ដេច។

១២ ព្រះអម្ចាស់​តែងតែ​ថែរក្សា​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ តែ​ព្រះអង្គ​ផ្ចាញ់ផ្ចាល​ពាក្យ​សំដី​របស់​មនុស្ស​ពាល។

១៣ មនុស្ស​កំជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។

១៤ ពាក្យ​សំដី​របស់​ស្ត្រី​ក្បត់​ប្ដី ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។

១៥ ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងីល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងីល្ងើ​នោះ។

១៦ ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់សង្កិន​មុខ​ជា​បាន​ចំរើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន​នឹង​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។

ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ

១៧ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ

១៨ នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចងចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជានិច្ច។

១៩ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់។

២០ ខ្ញុំ​បាន​កត់ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ ចំនួន​សាមសិប​សំរាប់​អ្នក

២១ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹមត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ ដល់​មនុស្ស​ដែល​ចាត់​អ្នក​ឲ្យ​មក។

២២ កុំ​រឹបអូស​យក​ទ្រព្យ​ពី​ជន​ទុគ៌ត ព្រោះ​តែ​ឃើញ​គ្នា​ទន់​ខ្សោយ ហើយ​កុំ​សង្កត់សង្កិន​ជន​ក្រីក្រ​ដែល​គ្មាន​អ្នក​ការពារ។

២៣ ដ្បិត​ព្រះអម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក​ដែល​រឹបអូស​យក​ទ្រព្យ​របស់​ពួក​គេ។

២៤ កុំ​សេពគប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោល។

២៥ ក្រែងលោ​អ្នក​យក​តំរាប់​តាម​គេ ហើយ​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ជាប់​អន្ទាក់។

២៦ កុំ​ធានា ឬ​សន្យា​សង​បំណុល​ជួស​អ្នក​ដទៃ​ឡើយ។

២៧ បើ​អ្នក​គ្មាន​អ្វី​សង​ទេ​គេ​មុខ​ជា​ដក​ហូត​យក​គ្រែ​ដេក​របស់​អ្នក​ពុំខាន។

២៨ កុំ​ដក​បង្គោល​ព្រំ​ចំការ​ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។

២៩ ប្រសិន​ បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិនប្រសប់​បំពេញ​ការងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បំរើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។