សុភាសិត (១៨)

 អ្នក​ណា​មិន​រវីរវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។

 មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។

 ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។

 សំដី​របស់​មនុស្ស​មាន​ជំរៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ជ្រោះ​ទឹក ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង​។

 អត់អោន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ។

 សំដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយតប់​គ្នា។

 មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​ឲ្យ​ខ្លួន​វិនាស ហើយ​ពាក្យ​សំដី​របស់​អ្នក​នោះ ជា​អន្ទាក់​សំរាប់​ដាក់​ខ្លួន​ឯង។

 ពាក្យ​សំដី​របស់​មនុស្ស​អុជអាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។

 អ្នក​ធ្វេសប្រហែស​ក្នុង​ការងារ និង​អ្នក​បំផ្លាញ​ការងារ ជា​បង​ប្អូន​នឹង​គ្នា។

១០ ព្រះនាម​របស់​ព្រះអម្ចាស់ ជា​បន្ទាយ​ដ៏​រឹងមាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រកកោន ដើម្បី​ឲ្យ​បាន​សុខ។

១១ រីឯ​ អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។

១២ ចិត្ត​អំនួត រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរីរុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។

១៣ អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ហើយ​ត្រូវ​បាក់​មុខ។

១៤ ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ​តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។

១៥ មនុស្ស​ឈ្លាសវៃ​រមែង​រក​បាន​ចំណេះ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់ ដើម្បី​ស្វែង​រក​ចំណេះ។

១៦ ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។

១៧ ដើម​ចោទ​តែងតែ​យល់​ថា ក្ដី​របស់​ខ្លួន​ត្រឹម​ត្រូវ​លុះ​ចុង​ចោទ​មក​ដល់ គេ​ឲ្យ​ដើម​ចោទ​នោះ​បង្ហាញ​ភស្ដុតាង។

១៨ ការ​ស្បថស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿងរ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។

១៩ ពេល​បង​ ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក ទីក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។

២០ មនុស្ស​អាច​រក​អាហារ​បាន ដោយសារ​ពាក្យ​សំដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។

២១ ស្លាប់ ឬ​រស់​ព្រោះ​តែ​សំដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សំដី​របស់​ខ្លួន។

២២ អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះអំណោយ​ទាន​មក​ពី​ព្រះអម្ចាស់ដែរ។

២៣ ជន​ក្រីក្រ​តែងតែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះគំរើយ។

២៤ អ្នក​ណា​មាន​មិត្តភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្តភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។