សុភាសិត (១៥)

 ចម្លើយ​ទន់ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សំដី​គំរោះ គំរើយ តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។

 សំដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង រីឯ​មាត់​របស់​មនុស្ស​ខ្លៅ សាប​ព្រោះ​តែ​សេចក្ដី​ល្ងីល្ងើ។

 ព្រះអម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។

 ពាក្យ​លើក​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ដើម​ឈើ​ផ្ដល់​ជីវិត រីឯ​សំដី​ទ្រគោះ​បោះ​បោក​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។

 មនុស្ស​ល្ងីល្ងើ​តែងតែ​មើលងាយ​ការ​ប្រៀនប្រដៅ​របស់​ឪពុក រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​ជា​មនុស្ស​ឆ្លាត។

 ផ្ទះ​របស់​មនុស្ស​សុចរិត តែង​សម្បូណ៌​សប្បាយ រីឯ​ទ្រព្យ​ដែល​រក​បាន ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។

 សំដី​របស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះបណ្ដាល​ចំណេះ រីឯ​មនុស្ស​ខ្លៅ​វិញ​មិន​អាច​បណ្ដុះបណ្ដាល​បាន​ទេ។

 ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​ទៀងត្រង់។

 ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។

១០ អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។

១១ ព្រះអម្ចាស់​ជ្រាប​អ្វីៗ នៅ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ​ព្រះអង្គ​រឹតតែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។

១២ មនុស្ស​វាយឫក​ខ្ពស់​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ស្ដី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។

១៣ ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីករាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូតស្រងាត់។

១៤ អ្នក​ចេះ​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងីល្ងើ។

១៥ ចំពោះ​មនុស្ស​កំសត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។

១៦ ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។

១៧ កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។

១៨ មនុស្ស​ខឹង​ច្រើន តែងតែ​បង្ក​ជំលោះ រីឯ​មនុស្ស​ដែល​ចេះ​អត់ធ្មត់​តែងតែ​សំរុះសំរួល​កុំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា។

១៩ ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀងត្រង់​រាប​ស្មើ​ល្អ។

២០ កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងីល្ងើ​តែងតែ​មើលងាយ​ម្ដាយ។

២១ មនុស្ស​មិន​ដឹង​ខុស​ត្រូវ តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងីល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀងត្រង់។

២២ ខ្វះ​ការ​ពិគ្រោះ​គ្នា គំរោងការ​តែងតែ​បរាជ័យ​មាន​ទី​ប្រឹក្សា​ច្រើន គំរោងការ​តែងតែ​សំរេច។

២៣ ពោល​ពាក្យ​ត្រឹម​ត្រូវ ស្រប​នឹង​កាលៈទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។

២៤ មនុស្ស​ចេះ​គិតគូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀសវាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។

២៥ ព្រះអម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដីធ្លី​របស់​ស្ត្រី​មេម៉ាយ។

២៦ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។

២៧ មនុស្ស​លោភលន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺនយូរ។

២៨ មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។

២៩ ព្រះអម្ចាស់​មិន​អើពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត។

៣០ ទឹក​មុខ​ដែល​សំដែង​សេចក្ដី​មេត្តា រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹងល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។

៣១ អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។

៣២ អ្នក​ណា​បដិសេធ​ការ​ប្រៀនប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​តែងតែ​ទទួល​សុភនិច្ឆ័យ។

៣៣ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរីរុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។