សុភាសិត (១៣)

 កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។

 មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។

 អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សំដី អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​ឲ្យ​ខ្លួន​ឯង​វិនាស។

 សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សំរេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។

 មនុស្ស​សុចរិត​តែងតែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។

 សេចក្ដី​សុចរិត​តែងតែ​ការពារ​មនុស្ស​ទៀងត្រង់ រីឯ​អំពើ​បាប​បណ្ដាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។

 អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុកស្ដម្ភ។

 អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ​គ្មាន​នរណា​គំរាមកំហែង​គេ​ឡើយ។

 មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។

១០ ការ​វាយឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។

១១ ទ្រព្យ​រក​បាន​រហ័ស​បាត់បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។

១២ ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សំរេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។

១៣ អ្នក​ណា​មើលងាយ​ព្រះបន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះបញ្ជា​តែងតែ​ទទួល​រង្វាន់។

១៤ ការ​ប្រៀនប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

១៥ មនុស្ស​ចេះ​គិត​ពិចារណា តែងតែ​មាន​គេ​គោរព រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន តែងតែ​វិនាស។

១៦ មនុស្ស​ឆ្លាត រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងីល្ងើ​របស់​ខ្លួន។

១៧ អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ​ត្រង់ តែងតែ​នាំ​សេចក្ដី​សុខ។

១៨ អ្នក​ ដែល​មិន​ទទួល​ការ​អប់រំ រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើលងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។

១៩ សេចក្ដី​ប៉ងប្រាថ្នា​ដែល​បាន​សំរេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះបង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។

២០ នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេពគប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។

២១ មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។

២២ មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប តែងតែ​ប្រមូល​ទ្រព្យ​ទុក​សំរាប់​មនុស្ស​សុចរិត។

២៣ ស្រែ​ចំការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់​ព្រោះ​តែ​ខ្វះ​យុត្តិធម៌។

២៤ អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ រីឯ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​វាយ​ប្រដៅ​វា។

២៥ មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប រីឯ​មនុស្ស​អាក្រក់​តែងតែ​អត់​បាយ។