សុភាសិត (០១)

អារម្ភកថា
 សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន​​ជា​ព្រះរាជ​បុត្រ​ព្រះ បាទ​ដាវីឌ និង​ជា​ព្រះ​មហាក្សត្រ​ស្រុក​អ៊ីស្រាអែល។

 សុភាសិត​ទាំង​នេះ ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យពេចន៍​ប្រកប​ដោយ​អត្ថន័យ​ជ្រៅ​ជ្រះ  ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង​សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់  ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។

 សូម​ឲ្យ​ អ្នក​ប្រាជ្ញ​ត្រងត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាសវៃ​ស្រង់​យក​មាគ៌ា​ដែល​ត្រូវ​ប្រកាន់​យក  ដូច្នេះ គេ​អាច​យល់​អំពី​អត្ថន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។

 ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។​ មនុស្ស​ខ្លៅ​តែងតែ​មើលងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀនប្រដៅ។

ពាក្យ​ទូន្មាន​យុវជន
 កូន​អើយ​ចូរ​ស្ដាប់​ឪពុក​ប្រៀនប្រដៅ ហើយ​ត្រងត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។ ១០ កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។ ១១ បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។ ១២ យើង​នឹង​លុប​បំបាត់​ពួក ​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ១៣ រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។ ១៤ ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។ ១៥ កូន​អើយ កុំ​សេពគប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។ ១៦ ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។ ១៧ ដាក់​អន្ទាក់​ឲ្យ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។ ១៨ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សំរាប់​ទាក់​ក​ខ្លួន​ឯង ហើយ​ឃុបឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។ ១៩ អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។

ការ​ប្រកាស​របស់​ព្រះ​ប្រាជ្ញា​ញាណ
២០ ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ ២១ ព្រម​ទាំង​អំពាវនាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា: ២២ មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើលងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត?។ ២៣ ចូរ​នាំ​គ្នា​មក​ស្ដាប់ ​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។ ២៤ យើង​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។ ២៥ ដោយ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ ២៦ ពេល​ណា​អ្នក​រាល់​គ្នា​ មាន​មហន្តរាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។ ២៧ ពេល​ណា​ភ័យ​អាសន្ន​កើត​ មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្តរាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់សង្កិន​អ្នក​រាល់​គ្នា ២៨ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។ ២៩ អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះអម្ចាស់ ៣០ អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើលងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន របស់​យើង​ថែម​ទៀត​ផង។ ៣១ អ្នក​រាល់​គ្នា​នឹង​ ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ឆ្អែតឆ្អន់ ៣២ ដ្បិត​ចិត្ត​រឹងរូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត ហើយ​ចិត្ត​អួតអាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​ឲ្យ​គេ​វិនាស។ ៣៣ រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុមរមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។