សិលា២ (០១)

សេចក្ដី​ផ្ដើម
 ខ្ញុំ​ ស៊ីម៉ូនសិលា ជា​អ្នក​បំរើ និង​ជា​គ្រីស្ដទូត*​របស់​ព្រះយេស៊ូគ្រីស្ដ* សូម​ជំរាប​មក​បង​ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយសារ​សេចក្ដី​សុចរិត*​របស់​ព្រះយេស៊ូ​គ្រីស្ដ​ជា​ព្រះជាម្ចាស់ និង​ជា​ព្រះសង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង​ប្អូន ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។ ២ ​សូមព្រះជាម្ចាស់ ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដមក​បង​ប្អូនឲ្យបានបរិបូណ៌ ដោយបងប្អូនបានស្គាល់ព្រះអង្គ និង ស្គាល់ព្រះយេស៊ូជាព្រះអម្ចាស់ របស់យើងយ៉ាងច្បាស់។

ព្រះជាម្ចាស់​ត្រាស់​ហៅ​គ្រីស្ដបរិស័ទ
 ឫទ្ធានុភាព​របស់​ ព្រះជាម្ចាស់​ប្រទាន​អោយ​យើង​មាន​អ្វីៗ​ទាំង​អស់ សំរាប់​ជីវិត​រស់​នៅ និង​សំរាប់​គោរព​ប្រណិប័តន៍​ព្រះអង្គ។ ឫទ្ធានុភាព​នោះ​នាំ​យើង​អោយ​ស្គាល់​ព្រះអង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយសារ​សិរីរុងរឿង​របស់​ព្រះអង្គ​ផ្ទាល់ និង​ដោយសារ​ព្រះបារមី​របស់​ព្រះអង្គ។ ដោយសារ​សិរីរុងរឿង និង​ព្រះបារមី​នេះ ព្រះអង្គ​បាន​ប្រទាន​ព្រះអំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះបន្ទូល​សន្យា ដើម្បី​អោយ​បង​ប្អូន​មាន​លក្ខណៈ​ជា​ព្រះជាម្ចាស់ រួម​ជា​មួយ​ព្រះអង្គ​ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភលន់​ក្នុង​លោកី​យ៍។ ហេតុ​នេះ បង​ប្អូន​ត្រូវ​ខ្នះខ្នែង​អោយ​អស់​ពី​សមត្ថភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ​ពី​លើ​ជំនឿ​បន្ថែម​ការ​ស្គាល់​ព្រះអង្គ​ពី​លើ​ កិរិយា​ល្អ បន្ថែម​ការ​ចេះ​ទប់​ចិត្ត ​ពី​លើ​ការ​ស្គាល់​ព្រះអង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ​ប័ត​ន៍​ព្រះជាម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ បន្ថែម​ភាតរភាព ពី​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់ ពី​លើ​ភាតរភាព។ ប្រសិន​បើ​បង​ប្អូន​មាន​ គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បង​ប្អូន​អោយ​មាន​សកម្មភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះអម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។ ៩ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា ព្រះជាម្ចាស់​បាន​លាង​ជំរះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។ ១០ ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​អោយ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះជាម្ចាស់​បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បង​ប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។ ១១ ដូច្នេះ បង​ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ* ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច គឺ​ព្រះរាជ្យ​របស់​ព្រះយេស៊ូគ្រីស្ដ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះសង្គ្រោះ​របស់​យើង។

១២ ហេតុ​នេះ ខ្ញុំ​នឹង​រំលឹក​ដាស់​តឿន​បង​ប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជានិច្ច ទោះ​បី​បង​ប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បង​ប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​ក៏​ដោយ។ ១៣ ​ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំលឹក​បង​ប្អូន​អោយ​ភ្ញាក់​ស្មារតី។ ១៤ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះយេ​ស៊ូគ្រីស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​បាន​សំដែង​អោយ​ខ្ញុំ​ដឹង​ ស្រាប់។ ១៥ ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះខ្នែង​ធ្វើ​យ៉ាង​ណា អោយ​បង​ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។

បន្ទាល់​អំពី​សិរីរុងរឿង​របស់​ព្រះយេស៊ូ
១៦ យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ មក​ណែនាំ​បង​ប្អូន អោយ​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះយេស៊ូគ្រីស្ដ*​ជា​ព្រះអម្ចាស់​នៃ​យើង និង​អោយ​ដឹង​ថា ព្រះអង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំថ្កើង រុងរឿង​របស់​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង ១៧ ដ្បិត​ព្រះអង្គ​បាន​ ទទួល​កិត្តិនាម និង​សិរីរុងរឿង​ពី​ព្រះជា​ម្ចាស់​ជា​ព្រះបិតា​មក នៅ​ពេល​ដែល​មាន​ព្រះសូរសៀង​លាន់​ឮ ចេញ​ពី​សិរីរុងរឿង​ដ៏​ឧត្ដុង្គឧត្ដម​មក​កាន់​ព្រះអង្គ​ថាៈ “នេះ​ជា​ព្រះបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!”។ ១៨ យើង​បាន​ឮ​ព្រះសូរសៀង​នេះ​ពី​លើ​មេឃ​មក កាល​យើង​នៅ​ជា​មួយ​ព្រះអង្គ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​។ ១៩ យើង​ក៏​មាន​ពាក្យ​ ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំមួន។ បើ​បង​ប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​បង​ប្អូន។ ២០ ជា​បឋម សូម​បង​ប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​បាន​ឡើយ ២១ ដ្បិត​ព្រះបន្ទូល​ដែល​ ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ​ឯណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​អោយ​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ ព្រះជាម្ចាស់។