មាតិកា

ព្យាការីអូបាឌី
ពាក្យលំនាំ

ក័ណ្ឌគម្ពីរដ៏ខ្លីរបស់ព្យាការីអូបាឌី  ​ដែលយើងស្គាល់ត្រឹមតែឈ្មោះនេះ  ជាព្រះបន្ទូលស្តីបន្ទោសជនជាតិ​អេដុម   (ពូជពង្សរបស់ លោកអេសាវ)  ​ព្រោះពួកគេប្រកាន់ឥរិយាបថមិនសមរម្យ​ចំពោះជនជាតិអ៊ីស្រា​អែល  (ពូជពង្សរបស់លោកយ៉ាកុប  ជាប្អូនរបស់លោក អេសាវ)។ ​ជនជាតិអេដុមមាន​ទឹកដីនៅខាងត្បូង​សមុទ្រមរណៈ  ​ហើយពួកគេតែងតែបង្ករឿងជាមួយជនជាតិអ៊ីស្រាអែលជានិច្ច។ ​នៅពេលដែលស្រុក​យូដា​  និង  ក្រុងយេរូសាឡឹមធ្លាក់​ទៅក្នុងកណ្តាប់ដៃខ្មាំង​ ​ជនជាតិអេដុមពុំបានមកជួយបងប្អូនរបស់ខ្លួនទេ​គឺពួកគេបែរជាឆ្លៀតឱកាសរឹបអូសយក ទ្រព្យសម្បត្តិពីក្រុងយេរូសាឡឹម​ទៀតផង។

ព្យាការីអូបាឌីប្រកាសអោយជនជាតិអេដុមដឹងថា  ​ពួកគេនឹងត្រូវរលាយសូន្យ​រួមជាមួយខ្មាំងសត្រូវ​ឯទៀតៗរបស់ជនជាតិ​អ៊ីស្រា​អែលដែរ។ ​តាមរយៈ​សេចក្តីប្រកាសនេះ  លោកក៏ចង់លើកទឹកចិត្តជនជាតិ​អ៊ីស្រាអែល ថា  ព្រះជាម្ចាស់ នឹងយាងមកវិនិច្ឆ័យទោស​ជាតិសាសន៍ទាំងអស់ ដែលជាសត្រូវរបស់​ពួកគេ។