ជំរឿនប្រជាជន (២៨)

យញ្ញបូជា​ប្រចាំ​ថ្ងៃ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​តង្វាយ និង​អាហារ​សំរាប់​ដុត​មក​ថ្វាយ​ព្រះអម្ចាស់ អោយ​បាន​តាម​ពេល​កំណត់ គឺ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអង្គ។

 រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ តង្វាយ​ដុត​ទាំង​មូល​នេះ​ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។  ចូរ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។ ត្រូវ​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​ផង។  នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍​ដែល​គេ​ថ្វាយ​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះ អម្ចាស់។ ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួចស្រា​ថ្វាយ​ព្រះ អម្ចាស់​នៅ​ក្នុង​ទីសក្ការៈ។ ចូរ​ថ្វាយ​កូន​ចៀម​ទី​ពីរ ​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់»។

យញ្ញបូជា​នៅ​ថ្ងៃ​សប្ប័ទ
 «នៅ​ថ្ងៃ​សប្ប័ទ* អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង និង​ស្រា​សំរាប់​ធ្វើ​ពិធី​ច្រួច។ ១០ រាល់​ថ្ងៃ​សប្ប័ទ ចូរ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នេះ​ថែម​ពី​លើ​តង្វាយ​ដុត និង​ស្រា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ថ្ងៃ»។

យញ្ញបូជា​ប្រចាំ​ខែ
១១ «នៅ​ដើម​ខែ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ ១២ គោ​នីមួយៗ​ត្រូវ​ថ្វាយ​ ជា​មួយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ ១៣ កូន​ចៀម​នីមួយៗ​ត្រូវ​ ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ១៤ រីឯ​ស្រា​សំរាប់​ធ្វើ​ ពិធី​ច្រួច ត្រូវ​ថ្វាយ​ស្រា​ទំពាំងបាយជូរ​កន្លះ​ហ៊ីន*​សំរាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សំរាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សំរាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។ ១៥ លើស​ពី​នេះ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀត​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

យញ្ញបូជា​សំរាប់​ពិធី​បុណ្យ​ចម្លង
១៦ «នៅ​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ព្រះអម្ចាស់។ ១៧ ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ ជា​ថ្ងៃ​ផ្ដើម​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ។ ១៨ នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។ ១៩ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ ២០ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង សំរាប់​គោ​មួយ ពីរ​ភាគ​ដប់​នៃ​អេផា​សំរាប់​ចៀម​ឈ្មោល​មួយ ២១  មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​មួយ។ ២២ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​អោយ​អ្នក​រាល់​គ្នា។ ២៣ ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះ​ជា​យញ្ញបូជា​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។ ២៤ រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ចូរ​យក​អាហារ​ទាំង​នោះ​មក​ដុត ថ្វាយ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។ ២៥ នៅ​ថ្ងៃ​ទី​ប្រាំពីរ​នៃ ​ពិធី​បុណ្យ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ»។

យញ្ញបូជា​សំរាប់​បុណ្យ​ថ្ងៃ​ទី​ហាសិប
២៦ «នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ថ្វាយ​ព្រះអម្ចាស់ ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហាសិប ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។ ២៧ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះ អម្ចាស់។ ២៨ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សំរាប់​គោ​នីមួយៗ ២៩ ពីរ​ភាគ​ដប់​នៃ​អេផា​សំរាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា​សំរាប់​កូន​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។ ៣០ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​អោយ​អ្នក​រាល់​គ្នា។ ៣១ ត្រូវ​ថ្វាយ​យញ្ញបូជា​ ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​ និរន្តរ៍ និង​តង្វាយ​ម្សៅ ដែល​ត្រូវ​ថ្វាយ​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ»។