ជំរឿនប្រជាជន (២៧)

ច្បាប់​អំពី​កេរមត៌ក​សំរាប់​កូន​ស្រី
១ ពេល​នោះ កូន​ស្រី​របស់​លោក​សេឡូផាត ជា​ចៅ​របស់​លោក​ហេភែរ ជា​ចៅទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម៉ាឡា ណូអា ហូក្លា មីលកា និង​ទៀរសា។ ២ ពួក​នាង​ចូល​មក​ជួប​លោក​ ម៉ូសេ បូជាចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ពួក​នាង​ពោល​ថា៖ ៣ «ឪពុក​យើង​ខ្ញុំ​បាន​ទទួល​មរណភាព នៅ​វាល​រហោស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។  មិន​គួរ​អោយ​ឈ្មោះ​របស់​ ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។

 លោក​ម៉ូសេ​នាំ​រឿង​ហេតុ​របស់​ពួក​នាង​ទៅ​ទូល​ព្រះអម្ចាស់។  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កូន​ស្រី​របស់​សេឡូផាត ​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង អោយ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។  អ្នក​ត្រូវ​ប្រាប់​កូន​ចៅ ​អ៊ីស្រាអែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរមត៌ក​របស់​អ្នក​នោះ​ទៅ​អោយ​កូន​ស្រី​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរមត៌ក​ទៅ​អោយ​បង​ប្អូន​របស់​គាត់។ ១០ ប្រសិន​បើ​គាត់​គ្មាន​បង​ប្អូន​ទេ ត្រូវ​ប្រគល់​កេរមត៌ក​ទៅ​អោយ​បង​ប្អូន​ឪពុក​គាត់។ ១១ ប្រសិន​បើ​ឪពុក​របស់​ គាត់​គ្មាន​បង​ប្អូន​ទេ ត្រូវ​ប្រគល់​កេរមត៌ក​នោះ​ទៅ​អោយ​សាច់ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួលមត៌ក​នេះ”»។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

លោក​យ៉ូស៊ូអា​ទទួល​មុខងារ​ជំនួស​លោក​ម៉ូសេ
១២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល។ ១៣ អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណភាព ទៅ​ជួបជុំ​នឹង​សាច់ញាតិ​របស់​អ្នក​វិញ ដូច​អរ៉ុន​ជា​បង​របស់​អ្នក​ដែរ ១៤ ព្រោះ​អ្នក​ទាំង​ពីរ​ បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះបោរ​នៅ​វាល​រហោស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សំដែង​អោយ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជាជន​បះបោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជាជន​បាន​បះបោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដែស ក្នុង​វាល​រហោស្ថាន​ស៊ីន។

១៥ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ ១៦ «សូម​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែងតាំង​មនុស្ស​ម្នាក់​អោយ​ដឹក​នាំ​សហគមន៍​អ៊ីស្រាអែល​ផង។ ១៧ អ្នក​នោះ​នឹង​នាំ​មុខ​ប្រជាជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​អោយ​សហគមន៍​របស់​ព្រះអម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។

១៨ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស៊ូអា ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះវិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។ ១៩ ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជាចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែងតាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។ ២០ ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ អោយ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ឮ​ផង។ ២១ យ៉ូស៊ូអា​ត្រូវ​ឈរ​នៅ​មុខ​បូជាចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរអ៊ូរីម* ដើម្បី​ដឹង​ពី​ការ​សំរេច​របស់​ព្រះអម្ចាស់។ បន្ទាប់​មក យ៉ូស៊ូអា និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។ ២២ លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក។ លោក​នាំ​លោក​យ៉ូស៊ូអា​មក​ឈរ​នៅ​ចំពោះ​មុខ​បូជាចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។ ២៣ លោក​ដាក់​ដៃ​លើ​លោក​យ៉ូស៊ូអា ដើម្បី​ប្រគល់​តំណែង​អោយ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។