ជំរឿនប្រជាជន (១៣)

លោក​ម៉ូសេ​ចាត់​អ្នក​ស៊ើបការណ៍​ដប់ពីរ​នាក់​ទៅ​ស្រុក​កាណាន
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​ចាត់​មនុស្ស​អោយ​ទៅ​ សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​អោយ​កូន​ចៅ​អ៊ីស្រាអែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុលសម្ព័ន្ធ​នីមួយៗ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​តែ​ជា​មេ​ដឹក​នាំ»។

 លោក​ម៉ូសេ​ ក៏​ចាត់​ពួក​គេ​ពី​វាល​រហោស្ថាន​ប៉ារ៉ន​អោយ​ទៅ ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​រាយ​នាម​ដូច​ត​ទៅ: កុលសម្ព័ន្ធ​រូបេន គឺ​លោក​សាម៉ូអា ជា​កូន​របស់​លោក​សាគួរ។

 កុលសម្ព័ន្ធ​ស៊ីម៉ូន គឺ​លោក​សាផាត ជា​កូន​របស់​លោក​ហូរី។
​៦ កុលសម្ព័ន្ធ​យូដា គឺ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។
៧ កុលសម្ព័ន្ធ​អ៊ីសាកា គឺ​លោក​យីកាល់ ជា​កូន​របស់​លោក​យ៉ូសែប។
 កុលសម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេអា ជា​កូន​របស់​លោក​នូន។
 កុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​លោក​ប៉ាល់ទី ជា​កូន​របស់​លោក​រ៉ាភូ។
១០ កុលសម្ព័ន្ធ​សាប៊ូឡូន គឺ​លោក​កាឌីអែល ជា​កូន​របស់​លោក​សូឌី។
​១១ កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ចៅ​លោក​យ៉ូសែប គឺ​លោក​កាឌី ជា​កូន​របស់​លោក​ស៊ូស៊ី។
១២ កុលសម្ព័ន្ធ​ដាន់ គឺ​លោក​អាំមីអែល ជា​កូន​របស់​លោក​គើម៉ាលី។
១៣ កុលសម្ព័ន្ធ​អស៊ែ គឺ​លោក​សេទួរ ជា​កូន​របស់​លោក​មីកាអែល។
១៤ កុលសម្ព័ន្ធ​ណែបថាលី គឺ​លោក​ណាប៊ី ជា​កូន​របស់​លោក​វ៉ូបស៊ី។
១៥ កុលសម្ព័ន្ធ​កាដ គឺ​លោក​កេអ៊ូអែល ជា​កូន​របស់​លោក​ម៉ាគី។

១៦ នេះ​ហើយ ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​អោយ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេអា ជា​កូន​របស់​លោក​នូន​ថា យ៉ូស៊ូអា​។

១៧ លោក​ម៉ូសេ​ បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។ ១៨ ចូរ​សង្កេត​មើល​ថា តើ​ស្រុក​នោះ​មាន​លក្ខណៈ​ដូច​ម្ដេច តើ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ខ្លាំង​ពូកែ ឬ​ខ្សោយ ពួក​គេ​មាន​គ្នា​តិច ឬ​ច្រើន។ ១៩ តើ​ស្រុក​ដែល​ពួក​គេ​រស់​នៅ​នោះ ល្អ ឬ​អាក្រក់ តើ​ក្រុង​ដែល​ពួក​គេ​រស់​នៅ​ជា​ជំរំ ឬ​ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។ ២០ ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជីជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជីជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំងបាយជូរ​ទុំ។

២១ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក ចាប់​តាំង​ពី​វាល​រហោស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហាម៉ាត់។ ២២ ពួក​គេ​ឡើង​ទៅ​តំបន់​ ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ីម៉ាន សេសាយ និង​តាល់ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។ ២៣ ពួក​គេ​បាន​ទៅ​ដល់​ ជ្រលង​ភ្នំ​អេកូល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំងបាយជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​អោយ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ មក​ជា​មួយ​ដែរ។ ២៤ គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អេកូល» ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​បាន​កាត់​ចង្កោម​ទំពាំងបាយជូរ​នៅ​ទី​នោះ។

២៥ ក្រោយ​ពី​បាន​ទៅ​សង្កេត​មើល​ស្រុក​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ពួក​គេ​ក៏​វិល​ត្រឡប់​មក​វិញ។ ២៦ ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នៅ​កាដែស ក្នុង​វាល​រហោស្ថាន​ប៉ារ៉ន។ ពួក​គេ​បាន​រាយការណ៍​ជំរាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។ ២៧ ពួក​គេ​ជំរាប​លោក​ម៉ូសេ ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​អោយ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​មែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។ ២៨ ប៉ុន្តែ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទីក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹងមាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សំបើម។ ២៩ ជន​ជាតិ​អាម៉ាឡេក​រស់​នៅ​តំបន់​ណេកិប ជន​ជាតិ​ហេត ជន​ជាតិ​យេប៊ូស និង​ជន​ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន​ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។

៣០ ប្រជាជន ​ក៏​នាំ​គ្នា​រក​រឿង​លោក​ម៉ូសេ តែ​លោក​កាលែប​បាន​ប្រាប់​ពួក​គេ​អោយ​នៅ​ស្ងៀម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​យើង​នាំ​គ្នា​ឡើង​ទៅ​ដណ្ដើម​យក​ស្រុក​នោះ​ទៅ ដ្បិត​ពួក​យើង​មុខ​ជា​មាន​ជ័យជំនះ​មិន​ខាន!»។ ៣១ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ឡើង​ទៅ​សង្កេត​មើល​ស្រុក​ជា​មួយ​លោក នាំ​គ្នា​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​វាយ​ប្រជាជន​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​កម្លាំង​ជាង​ពួក​យើង!»។ ៣២ ពួក​គេ​នាំ​គ្នា​និយាយ​ បង្ខូច​ស្រុក ដែល​ពួក​គេ​បាន​ទៅ​សង្កេត​មើល​នោះ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល។ ពួក​គេ​ពោល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​បំផ្លាញ​ប្រជាជន។ ពួក​យើង​បាន​ឃើញ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​មនុស្ស​មាន​មាឌ​ ខ្ពស់។ ៣៣ យើង​ក៏​បាន​ឃើញ​មនុស្ស​ មាន​មាឌ​ធំ​សំបើម ជា​កូន​ចៅ​លោក​អណាក់ គឺ​ពូជ​មនុស្ស​ដែល​មាន​មាឌ​យ៉ាង​ធំ​សំបើម។ បើ​ធៀប​ទៅ​នឹង​ពួក​គេ ពួក​យើង​ប្រៀប​បី​ដូច​ជា​កណ្ដូប ហើយ​ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​កណ្ដូប»។